(ភ្នំពេញ)៖ មុននឹងចាប់ផ្តើមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានប្រចាំឆ្នាំ២០១៧ ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលដឹកនាំដោយលោក ស្ទីហ្វែន ភី គ្រោហ្វ អនុប្រធាននៃធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីផ្លាស់ប្តូរទស្សនៈវិស័យជាយុទ្ធសាស្រ្ត សម្រាប់កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារ ADB។
លោក វង្សី វិស្សុត បានជម្រាបប្រាប់លោក ស្ទីហ្វែន ភី គ្រោហ្វ ពីការរីកចម្រើនសេដ្ឋកិច្ច ដែលកម្ពុជាសម្រចបានកំណើនជុំវិញ ៧% ក្នុងឆ្នាំ២០១៦ និងការព្យាករណ៍កំណើនសេដ្ឋកិច្ច ដែលអាចនឹងនៅតែសម្រេចបាន ៧% ក្នុងឆ្នាំ២០១៧នេះ។ តាមការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនប្រកបដោយបរិយាប័ន្ន ការបែងចែកផ្លែផ្កាកំណើនប្រកបដោយចីរភាព ក្នុងរយៈពេលមធ្យម និងវែង កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ២០៣០។
ទន្ទឹមនេះ លោករដ្ឋលេខាធិការក៏បានគូសបញ្ជាក់ ពីទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល នាពេលខាងមុខ ពីលទ្ធភាពនៃការបង្កើតទីផ្សារសញ្ញាណប័ណ្ណ (Bond Market) ដែលជាប្រភពទុនហិរញ្ញវត្ថុថ្មីបន្ថែមទៀត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងការបង្កើនប្រសិទ្ធភាពចំណាយវិនិយោគសាធារណៈ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងដឹកជញ្ជូន វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងកំណែទម្រង់សំខាន់ៗ ក្នុងក្របខ័ណ្ឌអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥។
លោក ស្ទីហ្វែន ភី គ្រោហ្វ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាម្ចាស់ ដែលសម្រេចបាននូវកិច្ចអភិវឌ្ឍ ក្នុងសន្ទុះយ៉ាងលឿន និងប្រកបដោយផ្លែផ្កា និងបានជម្រាបជូនថា បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការ ពេញលេញជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។
លោក វង្សី វិស្សុត ក៏បានថ្លែងអំណរគុណផងដែរចំពោះធនាគារ ADB ដែលនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងភាពជាដៃគូល្អ និងស្មើភាពគ្នា៕