(ភ្នំពេញ)​៖ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានថ្លែងថា ឆ្នាំនេះជាខួបទី២៥​ នៃការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន​នេះ​ ហើយយន្តការនេះ កំពុងតែសកម្ម​ដែលកម្ពុជាទទួលបាននូវការគាំទ្រជាច្រើន ទាំងស្មារតី​ បច្ចេកទេស និងសម្ភារសំដៅធ្វើឲ្យកម្ពុជាពង្រឹង បាននូវសមត្ថភាពប្រយុទ្ធ ប្រឆាំងគ្រឿងញៀនទាំងក្នុង ក្របខណ្ឌកម្ពុជា ខ្លួនឯងផ្ទាល់ ក៏ដូចជាការចូលរួមក្នុងយន្តការតំបន់។

ជាមួយគ្នានេះ​នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានស្នើឱ្យកិច្ចប្រជុំធ្វើការពិនិត្យបន្ថែម ហ្មតចត់ចំពោះសេចក្តីព្រាងផែនការសកម្មភាព អនុតំបន់ទី១០ ដែលយើងត្រូវធ្វើការអនុមត័ដាក់ឲ្យអនុវត្តន៍ក្នុងរយៈពេល២ឆ្នាំបន្ត ដែលផែនការឆ្លើយតបពហុវិស័យផ្តោតទៅលើ ផ្នែកសុខភាព​ និងវិធានការច្បាប់​ ផ្អែកទៅលើសសរស្តម្ភសំខាន់៤​រួមមាន៖ ១.គ្រឿងញៀន​ និងសុខភាព​ ២.កិច្ចសហការអនុវត្តច្បាប់​ ៣.កិច្ចសហការផ្នែកច្បាប់ និងយុត្តាធិការ​ ៤.ការអភិវឌ្ឍកែប្រែតំបន់ដាំគ្រឿងញៀន។​

ការថ្លែងរបស់ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានធ្វើឡើងនៅក្នុង កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីការងារត្រួតពិនិត្យគ្រឿងញៀន នៃប្រទេស មហាអនុតំបន់ទន្លេមគង្គ កម្ពុជា​ ចិន​ ឡាវ​ ថៃ​ វៀតណាម​ និងមីយ៉ានម៉ា​ និងអង្គការសហប្រជាជាតិUNODC នាថ្ងៃ​១០​ ខែឧសភា​ ឆ្នាំ២០១៧​។

កិច្ចប្រជុំនេះ ត្រូវបានបើកក្រោម អធិបតីភាព នាយឧត្តមសេនីយ៍​កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី​ ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន ដោយមានការ អញ្ជើញចូលរួមពីបណ្តាប្រតិភូ មកពីប្រទេស​ជាហត្ថលេខី​ និងក្រសួង​ អង្គភាពពាក់ព័ន្ធ ជាច្រើនរូបទៀត​។

បន្ថែមពីលើនេះ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានអំពាវនាវសហគមន៍អន្តរជាតិ​ UNODC និងបណ្តាប្រទេសដែគូអភិវឌ្ឍន៍ ព្រមទាំងប្រទេស ពាក់ព័ន្ធទាំងអស់ បន្តផ្តល់ការចូលរួម ​និងគាំទ្រដល់ដំណើរការអនុវត្តផែនការសកម្មភាព អនុតំបន់ទី១០​ ឲ្យដំណើរការ ទៅទទួល បានជោគជ័យ​។

ក្នុងឱកាសនោះ​ លោក កៅ​ ខុនដារ៉ា​ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានថ្លែងស្វាគមន៍ ដល់ប្រតិភូ នៃបណ្តាប្រទេស​ និងអ្នកចូលរួម ដែលជាសមាជិកនៃអង្គពិធីទាំងអស់​ ដោយលោកបានថ្លែងប្រាប់ពីគោលបំណង នៃកិច្ចប្រជុំថា ​គឺដើម្បី ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព​ និងកិច្ចសហប្រតិបតិ្តការល្អ ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងកាត់ព្រំដែន​ ដែលកំពុង បន្​គំរាម កំហែងដល់សុខមាលភាពប្រជាជន​ សន្តិសុខ​ សណ្តាប់ធ្នាប់​ និងការអភិវឌ្ឍសង្គមជាតិ​ នៃបណ្តាប្រទេសទាំងនៅក្នុង និង ក្រៅតំបន់ ក្នុងនោះរួមទាំងប្រទេសយើងផង​។

លោកអាល់ដូ​ ឡាឡេ​ ដេម៉ូ​ នាយករងប្រតិ​បត្តិអង្គការ​ UNODC បានលើកឡើងថា​ អង្គការសហប្រជាជាតិ UNODC គាំទ្រផែនការ សកម្មភាពទី១០ ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃប្រទេសមហាអនុតំបន់ទន្លេមេគង្គ​ ដោយគៀគរថវិកា​ សម្ភារៈ​ បច្ចេកទេស​ ដើម្បីសហការអនុវត្តន៍ ឱ្យទទួលបានជោគជ័យ​៕