(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារចុះជួយស្រុកសន្ទុក ខេត្តកំពង់ធំ បានថ្លែងឲ្យដឹងថា ដើម្បីឲ្យក្លាយជាធនធានមនុស្ស ជាអ្នកបន្តវេណពិតប្រាកដ ចំណេះដឹងមួយមុខ មិនគ្រប់គ្រាន់នោះទេតែត្រូវសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រជាតិ ខ្លួនឲ្យបានច្បាស់ ហេតុដូច្នេះហើយលោកគ្រូអ្នកគ្រូ ចាំបាច់ត្រូវតែ បញ្ជា្របពីប្រវត្តិ សាស្រ្ដកម្ពុជាគ្រប់សម័យកាលនីមួយៗ ឲ្យសិស្សបានសិក្សារៀនសូត្រឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យពួកគេបានចូលរួមថែរក្សា ការពារសុខសន្ដិភាពប្រទេសជាតិឲ្យបានគង់វង្ស កុំឲ្យសង្គមជាតិរងគ្រោះដូចអតីតកាល ពិសេសដូចសម័យខ្មែរក្រហម។
ការលើកឡើងបែបនេះរបស់លោក ជា ចាន់តូ ធ្វើឡើងនាឱកាសដែល លោកបានអញ្ជើញជួបសំណេះសំណាល ជាមួយបុគ្គលិកសិក្សាជាង៦០០នាក់ ទូទាំងស្រុកសន្ទុក ខេត្តកំពង់ធំ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញនេះ។
លោក ជា ចាន់តូ បានថ្លែងឲ្យដឹងថា «បើគ្មានគណបក្សប្រជាជនកម្ពុជា និងការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែន ក្នុងការដឹកនាំប្រទេសនោះទេនោះ សង្គមជាតិមិនមានការអភិវឌ្ឍដូចសព្វថ្ងៃឡើយ។ ហេតុដូច្នេះហើយយើងត្រូវតែបន្តគាំទ្រការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត ត្រូវទៅការបោះឆ្នោត ឲ្យបានគ្រប់គ្រប់ៗគ្នា ទាំងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងការបោះ ឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨ ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន បន្តការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត»។
លោកបានថ្លែងបន្ដទៀតថា «ក្នុងនាមជាអ្នកផ្ដល់ចំណេះសម្រាប់មនុស្សជំនាន់ក្រោយនោះ គ្រូបង្រៀនក៏ត្រូវបង្ហាញអំពីផលវិបាកនៃសង្គ្រាមដើម្បីកុំឲ្យសង្គមជាតិកម្ពុជាដើរក្នុងលំអានចាស់ តែត្រូវបែរមករួបរួមគ្នាកសាងសង្គមជាតិមួយ ប្រកបដោយការអភិវឌ្ឍរីកចម្រើន»។
លោកបានបន្ថែមទៀតថា គ្រូបង្រៀននៅតែមានតួនាទីសំខាន់ គ្រប់សម័យកាលក្នុងការផ្ដល់ពុទ្ធិនិងបណ្ដុះបណ្ដាល ចំណេះដឹងថ្មីៗសម្រាប់យុវជនជាអ្នកបន្តវេណ។ នៅក្នុងឱកាសនោះដែរ ដើម្បីបានជាទុនបន្ថែមនៅក្នុងការបង្រៀន ដល់សិស្សនោះលោក ស៊ុ សន្និសិទ្ធិ អនុប្រធានក្រុមការងារចុះជួយស្រុកសន្ទុក បានធ្វើការបទឧទ្ទេសនាមពី ប្រវត្តិសាស្ត្រកម្ពុជា ចែកជូនដល់លោកគ្រូ អ្នកគ្រូសម្រាប់យកទៅចែករំលែក ដល់សិស្សានុសិស្សបន្តផងដែរ៕