(ព្រះវិហារ)៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះវិហារចំនួន៥០នាក់ បានចុះជួយលើកផ្ទះប្រជាពលរដ្ឋក្រីក្រមួយខ្នង នៅភូមិបុស្ស ឃុំប្រមេរុ ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ។
លោកវរសេនីយ៍ទោ កែវ វុធ នាយរងសេនាអធិការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ដោយទទួលបានបទបញ្ជា និងការណែនាំ របស់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រូបលោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថចំនួន ៥០នាក់ ចុះជួយលើកផ្ទះប្រជាពលរដ្ឋមួយខ្នង ដែលមានជីវភាពក្រីក្រ រស់នៅភូមិបុស្ស ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមាន ទំហំ៦ម៉ែត្រ ឝុណ ៨ម៉ែត្រ សាងសង់អំពីឈើ ប្រក់សង្ក័សី។
លោក កែវ វុធ បានបន្តថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបទបញ្ជាររបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ លោកមេបញ្ជាការកង រាជអាវុធហត្ថខេត្ត តែងធ្វើការណែនាំ ដល់នាយ និងពលអាវុធហត្ថទូទាំងខេត្ត ក្រៅពីការងារស្នូលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានឈរជើង ត្រូវចូលរួមក្នុងកិច្ចការសង្គមផ្សេងៗ ដោយមិនឲ្យអាក់ខានបានឡើយ។
ជាក់ស្តែងកន្លងទៅថ្មីៗនេះ កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បានផ្តល់សម្ភារសំណង់ដល់ប្រជាពលរដ្ឋក្រីក្រ និងជួយលើកផ្ទះជូន ប្រជាពលរដ្ឋក្រីក្រ ជាបន្តបន្ទាប់ដោយមិនប្រកាននិន្នាការនយោបាយ សាសនា នោះទេ។
ចំណែកឯអ្នកស្រីឈ្មោះ ណែម ឃន អាយុ៥៣ឆ្នាំ ដែលជាម្ចាស់ផ្ទះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កងកម្លាំងរាជអាវុធហត្ថ ខេត្ត ដែលបានចុះជួយលើកផ្ទះជូនគាត់នៅពេលនេះ គាត់បន្តថា «គ្រួសារគាត់ក្រីក្រណាស់ កូនច្រើន គ្មានលុយជួលជាង លើកផ្ទះនោះទេ បានកងរាជអាវុធហត្ថជួយលើកផ្ទះជូនបែបនេះ គាត់សប្បាយចិត្តណាស់រកពាក្សអ្វី មកថ្លែងពុំបាន នោះទេ»៕