(ព្រះសីហនុ)៖ កម្លាំងនគរបាលអន្តោប្រវេសន៍ និងកម្លាំងនគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ បានចុះត្រួតពិនិត្យ រហូតឈានទៅដល់ការបង្ក្រាប និងចាប់ខ្លួនជនជាតិចិន មួយក្រុមមានគ្នា២១នាក់ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងក្រុមទី៣២ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ពីបទលួចបើកល្បែង ស៊ីសងខុសច្បាប់តាមប្រព័ន្ធ Online។
តែយ៉ាងណាក៏ដោយ មន្រ្តីនគរបាលខេត្តព្រះសីហនុ បានលួចបង្ហើបថា នៅពេលនេះកំពុងមានអ្នករត់ការដោះលែងជនជាតិចិនទាំងនេះ នៅពេលបញ្ជូន ទៅកាន់តុលាការខេត្ត។ ជាមួយគ្នានេះ មន្រ្តីនគរបាល បានអំពាវនាវដល់តុលាការខេត្ត ចាត់វិធានការណ៍ឲ្យបានតឹងរឹងជាទីបំផុត ពីព្រោះពួកគេបាន មកលួចបើកល្បែងស៊ីសងយ៉ាងព្រហើន និងមិនខ្លាចច្បាប់របស់ខ្មែរនោះឡើយ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះថា សម្រាប់ប្រតិបត្តិការនោះ កម្លាំងនគរបាលរបស់លោក បានរកឃើញមានជនជាតិចិន ស្នាក់នៅចំនួន២១នាក់ ក្នុងនោះស្រី២នាក់។
លោកស្នងការបានបញ្ជាក់ថា «ដោយមានការសង្ស័យអំពីការស្នាក់នៅ និងលួចប្រកបរបរ Online ល្បែងខុសច្បាប់ កម្លាំងជំនាញ បានស្នើសុំឈ្មោះ WANG DINGDING ភេទប្រុស សញ្ជាតិចិន «មេការ» ដើម្បីបើកបន្ទប់លួចធ្វើអាជីវកម្ម Online ខុសច្បាប់របស់ពួកគាត់ ហើយឈ្មោះនេះ បានឯកភាពដូចគ្នា ក៏បានបើកបន្ទប់លេខ២.១ , ២.២ ,២.៣ និងលេខ២.៤ បានរកឃើញថា មានលួចលាក់ធ្វើអាជីវកម្មខុសច្បាប់ ដោយ ពេលនោះបានរកឃើញរួមមាន៖
* បន្ទប់លេខ២.១ មានកុំព្យូទ័រDesktop ចំនួន២គ្រឿង និងLabtop ចំនួន ៣គ្រឿង
* បន្ទប់លេខ២.៣ មានកុំព្យូទ័រLabtop ៨គ្រឿង និងម៉ាស៊ីន Printer ១គ្រឿង
* បន្ទប់លេខ២.៤ មានកុំព្យូទ័រDesktop ចំនួន ៤គ្រឿងនិងLabtop ចំនួន ២គ្រឿង
* បន្ទប់លេខ២.២ ជាបន្ទប់ដេកធម្មតា។
ក្រុមជនជាតិចិនទាំងនេះ បានយកលិខិតឆ្លងដែនមកបង្ហាញសមត្ថកិច្ច បានចំនួនតែ១១ក្បាល តែប៉ុណ្ណោះ ដោយក្នុងនោះចូលមកដំបូងកាលពី៖
* ក្នុងខែឧសភា ២០១៥ ចំនួន ១នាក់ (ទិដ្ឋាការប្រភេទE)
* ក្នុងខែមិនា ២០១៦ ចំនួន ១នាក់ (ទិដ្ឋាការប្រភេទE)
* ក្នុងខែមេសា ២០១៦ ចំនួន ១នាក់ (ទិដ្ឋាការប្រភេទE)
* ក្នុងខែកញ្ញា ២០១៦ ចំនួន ២នាក់ (ទិដ្ឋាការប្រភេទE)
* ក្នុងខែតុលា ២០១៦ ចំនួន ១នាក់ (ទិដ្ឋាការប្រភេទE)
* ក្នុងខែវិច្ឆិកា ២០១៦ ចំនួន ១នាក់ (ទិដ្ឋាការប្រភេទE)
* ក្នុងខែធ្នូ ២០១៦ ចំនួន ១នាក់ (ទិដ្ឋាការប្រភេទE)
* ក្នុងខែមិនា ២០១៦ ចំនួន ៣នាក់ (ទិដ្ឋាការប្រភេទE)
បើតាមលោកស្នងការ បច្ចុប្បន្នដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង បានអនុញ្ញាតឲ្យសមត្ថកិច្ចនាំខ្លួនជនជាតិចិនទាំង២១នាក់ ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរតាមនីតិវិធី។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ជនជាតិចិនជាមេក្លោង៤នាក់ដែលមកបើកល្បែងតាម Online នេះរួមមាន៖ ១៖ ឈ្មោះ Wang Ding Ding ប្រធានក្រុមទាំង២១នាក់ ២៖ ឈ្មោះ Lu Zhi Qi អនុប្រធានក្រុមទាំង២១ ៣៖ ឈ្មោះ Yang Wei Qi អនុប្រធានក្រុមទាំង២១ និង៤៖ ឈ្មោះ Yang Wei អនុប្រធានក្រុមទាំង២១។ លោកថា «ជនសង្ស័យទាំង៤នាក់ខាងលើ ជាមេក្លោង ក្នុងចំណោម២១នាក់ ដែលសមត្ថកិច្ចជំនាញរបស់ស្នងការ នគរបាលខេត្តព្រះសីហនុបង្រ្កាប ជាក់ស្ដែងនៅនឹងកន្លែង ដោយមានភស្តុតាងគ្រប់គ្រាន់ ក្នុងការលួចបើកល្បែង (អនឡាញខុសច្បាប់ ដោយគ្មានខ្លាចអ្វីនោះទេ)»។
មន្រ្តីនគរបាលខេត្តព្រះសីហនុ ដែលចូលរួមក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេះ បានលួចបង្ហើបនូវព័ត៌មានច្បាស់ថា «ចំពោះមេក្លោងទាំង៤នាក់នេះ មានអ្នករត់ការសុំដោះលែង ដោយធានាថា ទៅដល់តុលាការ គេនឹងរត់ការឲ្យដោះលែងបានហើយ អ្នករត់ការនោះបានយកប្រាក់ពី ជនសង្ស័យនោះទៅរត់ទៀតផង (ព័ត៌មានច្បាស់ការថា ឲ្យតែបញ្ជូនចេញផុតពីសមត្ថកិច្ច គេនឹងងាយធ្វើការជាង) ព្រោះជន៤នាក់នេះ ជាមេ ហើយមានលុយ»៕