(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌឬស្សីកែវ បានកោះហៅភាគីជម្លោះដែលជាម្ចាស់ដីពិតប្រាកដ គឺលោកស្រី សេក សុភ័ក្រសឿម៉ូនា តំណាងលោក គង់ ទី ដែលមានជម្លោះរឿងដីធ្លីកន្លងមក ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ទៅដោះស្រាយតែភាគីម្ខាងទៀតមិនមានវត្តមាន នាំឲ្យការដោះស្រាយ មិនទាន់ទទួលលទ្ធផល «ពោលតំណាងពលរដ្ឋទាំង៨គ្រួសារ មិនបានចូលខ្លួនមកដោះស្រាយឡើយ» ទើបធ្វើឲ្យការដោះស្រាយវិវាទដីធ្លីមួយនេះ ត្រូវរំសាយចោល និងពន្យាពេលបន្តទៀត។
អ្នកស្រី សេក សុភ័ក្រសឿម៉ូនា ដែលមានឯកសារស្របច្បាប់ពាក់ព័ន្ធលើក្បាលដីឡូត៍ជម្លោះជាមួយ ពលរដ្ឋជាឈ្មួញរកស៊ីទិញ-លក់ដីចំនួន៨គ្រួសារ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ខាងលើនេះ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីអ្នកស្រីបានសង់រោងដែកនៅលើដីរបស់ខ្លួន ស្រាប់តែត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវ អញ្ជើញឲ្យមកចូលរួមដោះស្រាយវិវាទដីធ្លី ដើម្បីបញ្ចប់រឿង តែផ្ទុយទៅវិញបែជា អាជ្ញាធរ បានធ្វើការហាមប្រាម មិនឲ្យមានការសាងសង់លើដីធ្លី ដែលកំពុងមានទំនាស់ឡើយ។
បើទោះបីយ៉ាងនេះក្ដី លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ ក៏បានឲ្យដឹងផងដែរថា ករណីទំនាស់ដីធ្លីលោក គង់ ទី ត្រូវបានលោកស្រី សេក សុភ័ក្រសឿម៉ូនា ជាតំណាងចេញមុខដោះស្រាយជម្លោះ ជាមួយពលរដ្ឋទាំង៨គ្រួសារនេះ លោកសូមទទួលស្គាល់ថា លោក គង់ ទី ពិតជាមានដីដោយទទួល បានសេចក្ដីសម្រេចពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវពិតមែន ដូចពលររដ្ឋទាំង៨គ្រួសារ ក្នុងនោះមានប័ណ្ណកម្មសិទ្ធិ២គ្រួសារ និង៦គ្រួសារទៀត មានសេចក្ដីសម្រេចពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ហើយដ៏រាបណាជម្លោះដីធ្លីមួយនេះ មិនទាន់បានដោះស្រាយជម្លោះបញ្ចប់ទេនោះ គឺហាមដាច់ខាតមិនឲ្យមានការ ជីកគាស់ ឫសាងសង់សំណង់ចាស់-ថ្មីបន្ថែមឡើយ។
លោក ស៊ូ សោគន្ធ បានបញ្ជាក់ថា កាលពីដើមខែមេសា ថ្ងៃទី២៧ ឆ្នាំ២០១៧កន្លងមកនេះ លោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចមួយ ស្ដីពីការបង្កើតគណៈកម្មការ និងក្រុមការងារដោះស្រាយទំនាស់ដីធ្លី ដែលនៅសេសសល់ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដែលមានអភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង ជាប្រធាន និងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ជាអនុប្រធាន ហើយមានទាំងសមាជិកជាច្រើននាក់ទៀតផងដែរ ក្រោយអាជ្ញាធរខណ្ឌឫស្សីកែវ បានស្នើទៅសាលារាជធានីភ្នំពេញ ដើម្បីចុះអនុវត្តដោះស្រាយបញ្ចប់ ទំនាស់ដីធ្លី និងវាស់វែងកំណត់ព្រុំតាមក្បាលដីឡូត៍នីមួយៗ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ជូនប្រជាពលរដ្ឋ៕