(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះទំព័រ Facebook មួយឈ្មោះ ឡុង ឌីម៉ង់ ដែលបានបង្ហោះរូបភាព និងអះអាងថា ទាហានមួកខៀវកម្ពុជា ដែលស្លាប់នៅប្រទេសអាហ្រ្វិកកណ្តាល ត្រូវបានក្រុមឧទ្ទាមសម្លាប់កាត់ក្បាល។
ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានបញ្ជាក់ ទំព័រ Facebook ឈ្មោះ «ឡុង ឌីម៉ង់» នេះ មិនមែនជាអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់ នោះឡើយ ប៉ុន្តែអាចជាអ្នកកំពុងបង្កបញ្ហាដល់កម្ពុជា។
ការប្រកាសព្រមាន និងប្រកាសថ្កោលទោសទំព័រ Facebook ខាងលើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី្កនៃកម្ពុជា បានធ្វើឡើង នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជា អធិបតីក្នុងពិធីអបអរសាទរខួប១០ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានយ៉ាងដូច្នេះថា «ខ្ញុំសូមស្នើឱ្យ Facebook របស់ឈ្មោះ "ឡុង ឌីម៉ង់" សូមឱ្យអ្នកធ្វើការកែប្រែជាបន្ទាន់នៅក្នុងការបង្ហោះ Facebook បែបនេះ។ នេះជាការបង្ហោះមួយ ដែលបំផ្លិចបំផ្លាញដល់កិត្តិយសរបស់កងទ័ព ដែលឈានដល់ថា “កាត់ក”។ លោក ឡុង ឌីម៉ង់ ដែលមិនមែនជា លោក ឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូងទេ ប៉ុន្តែខ្ញុំបញ្ជាឱ្យក្រសួងមហាផ្ទៃ ធ្វើកិច្ចការនេះជាបន្ទាន់»។
សម្តេចបានបន្ថែមទៀតថា ការបង្ហោះរូបភាពកាត់ត កាត់ក្បាលទាហានកម្ពុជាបែបនេះ វាមានតម្លៃស្មើនឹងការប្រកាសសង្រ្គាមជាមួយកងទ័ពកម្ពុជាទាំងមូល និងជាការបំភ័ន្តការពិត ដែលជំរុញឲ្យមានស្ថានការណ៍អាក្រក់ជាមួយក្រុមឧទ្ទាម។ ដូច្នេះបើទំព័រ Facebook នេះ ដកចេញ រដ្ឋាភិបាលនឹងមានការយោគយល់ ប៉ុន្តែបើមិនដកចេញនោះទេ សមត្ថកិច្ចនឹងស្រាវជ្រាវចាត់វិធានការតែម្តង។
សម្តេចបានថ្លែងបន្តថា «អ្នកបង្ហោះ Facebook ដោយរូបភាពកាត់តបែបនេះ ត្រូវទទួលខុសត្រូវ ប្រសិនបើជាការដកចេញនូវរូបភាពនេះ យើងអាចយោគយល់បាន ប៉ុន្តែបើសិនជាអ្នកមិនដករូបភាពនេះចេញទេ យើងនឹងស្វះស្វែងរកមនុស្សនេះ ដើម្បីផ្តន្ទាទោស ហើយអ្នកនឹងក្លាយទៅជាសត្រូវរបស់កងកម្លាំងប្រដាប់អាវុធ ហើយបើសិនអ្នកជាសមាជិកបក្សនយោបាយផ្សេង ដែលមានចេតនា បក្សនោះក៏នឹងក្លាយទៅជាសត្រូវនៃកងកម្លាំងប្រដាប់អាវុធផងដែរ»។
សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ មានទំព័រ Facebook មួយឈ្មោះ Long Dimanche បានបង្ហោះនៅខ្លឹមសារថា ទាហានមួកខៀវកម្ពុជា ត្រូវបានក្រុមឧទ្ទាមកាត់ក្បាល នៅប្រទេសអាហ្រិកខាងត្បូង ពេលបំពេញបេសកកម្មក្នុងក្របខណ្ឌថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ការបង្ហោះ Facebook ខាងលើ បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានបឋមមួយថា ទាហានមួកខៀវរបស់កម្ពុជាម្នាក់ ត្រូវបានក្រុមឧទ្ទាមដែលទៅ រំដោះចំណាត់ខ្មាំង បាញ់សម្លាប់ នៅប្រទេសអាហ្វ្រិកកណ្តាល កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ខណៈដែលមានទាហានខ្មែរ៣នាក់ផ្សេងទៀត បានបាត់ខ្លួន និងម្នាក់រងរបួសក្នុងហេតុការណ៍នេះ។
ទោះជាយ៉ាងណា សេចក្តីប្រកាសចុងក្រោយរបស់ក្រសួងការពារជាតិ បានបញ្ជាក់ថា រហូតដល់ពេលនេះ ទាហានខ្មែរដែលបាត់ខ្លួននោះ បានស្លាប់បាត់បង់ជីវិតហើយ ដែលសពរបស់ពួកគាត់ត្រូវបានរកឃើញចម្ងាយប្រមាណ២គីឡូម៉ែត្រ ពីកន្លែងកើតហេតុ៕
ជាមួយនឹងការសម្តែងការសោកស្តាយ និងការចូលរួមចំពោះមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព របស់កងកម្លាំងរក្សាសន្តិភាពកម្ពុជា៤នាក់ ដែលបានស្លាប់នៅប្រទេសអាហ្រ្វិកកណ្តាលនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការពលីជីវិតរបស់កងកម្លាំងរក្សាសន្តិភាព នៅប្រទេសអាហ្រ្វិកកណ្តាល គឺជាការពលីពោរពេញដោយកិត្តិយស សម្រាប់ជាតិមាតុភូមិ និងជាការបាត់បង់ដ៏ធំធេងរបស់ជនជាតិកម្ពុជា ដ៏អង់អាចក្លាហាន។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យតាមដានការបញ្ជូនមកវិញនូវសពរបស់កងកម្លាំងរក្សាសន្តិភាពនៅប្រទេសអាហ្រ្វិកកណ្តាល ហើយត្រូវចាត់ចែងធ្វើបុណ្យឲ្យបានសមរម្យ និងប្រកបដោយកិត្តិយស៕
សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖