(ភ្នំពេញ)៖ គ្រាន់តែទៅដល់ទឹកដីអាមេរិក ដែលខ្លួនជ្រកកោនធ្វើសកម្មភាពផ្សាយវាយប្រហារ ប្រទេសកំណើតខ្លួនឯងភ្លាម បុគ្គល ជុន ច័ន្ទបុត្រ ហៅ ហួត វុទ្ធី បានរៀបចំវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីមួយភ្លាម នាយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ឃ្លោកលិច អម្បែងអណ្ដែត»។ ពាក្យមួយឃ្លានេះ បានធ្វើឲ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរីភាសាខ្មែរទាំងអស់ នឹកឃើញដល់ភាពវឹកវរ នៅក្នុងអង្គភាពវិទ្យុអាស៊ីសេរីភាសាខ្មែរ ខ្លួនឯងឡើងវិញ។
គេនៅចាំបានថា ក្នុងអំឡុងឆ្នាំ២០០៩ នៅពេលដែលឈ្មោះ សំ ប៉ូលី ហៅ ពៅ ពន្លក (ឈ្មោះក្នុងការផ្សាយ) បានឡើងតួនាទីជាអនុប្រធានវិទ្យុអាស៊ីសេរី ភាសាខ្មែរភ្លាម បុគ្គលនេះបានបញ្ឈប់បុគ្គលិកអ្នករាយការណ៍ព័ត៌មានម្នាក់ នៅការិយាល័យភ្នំពេញភ្លាម ដោយសារបុគ្គលិកម្នាក់នោះ ធ្លាប់បានតមាត់នឹងបញ្ជារបស់ខ្លួន (សំ ប៉ូលី) នៅពេលដែលបុគ្គលនេះ មកធ្វើការនៅភ្នំពេញក្នុងអំឡុងពេលបោះឆ្នោត ឃុំ-សង្កាត់២០០៧។ ការបញ្ឈប់នោះ ត្រូវបានគេមើលឃើញថា ជាការសងសឹក គ្មានមូលដ្ឋានអ្វីទាល់តែសោះ។
នៅគ្រាហ៍នោះ បុគ្គលិកនៅភ្នំពេញមួយក្រុម ដែលមិនសប្បាយចិត្តនឹងភាពផ្តាច់ការ គ្មានហេតុផលរបស់ សំ ប៉ូលី ក៏បានស្នើសុំជួបអនុប្រធានវិទ្យុអាស៊ីសេរី លោក Dan Southerland ដែលគ្រាហ៍នោះ លោកកំពុងទស្សនកិច្ចការិយាល័យផ្សាយនៅភ្នំពេញ ដោយសំណូមពរឱ្យលោកស្នើសុំ ទៅថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរី ឲ្យពិចារណាឡើងវិញពីករណីបញ្ឈប់បុគ្គលិកដោយគ្មានហេតុផល។ គ្រាន់តែសុំ និងជួបប្រជុំប៉ុណ្ណឹង នៅព្រឹកថ្ងៃបន្ទាប់បុគ្គលិក ២នាក់ទៀត គឺ លោក ហ៊ុយ វណ្ណៈ និង ថៃ សុធា ត្រូវបានគេបញ្ឈប់ពីការងារបន្ថែមទៀត ហើយការតវ៉ាក៏កើតមានជាចំហរ ជាមួយនឹងការដុតកង់ឡាន ហើយក៏មានសារព័ត៌មានក្នុងស្រុកចុះផ្សាយជាហូរហែ។
និយាយត្រឡប់ទៅឈ្មោះ សំ ប៉ូលី ហៅ ពៅ ពន្លក ដែលទើបឡើងជាអនុប្រធានវិទ្យុអាស៊ីសេរីភាសាខ្មែរបន្តទៀត។ ម្សៀរនេះមិនទាំងចេះអក្សរខ្មែរ ច្បាស់លាស់ ផងទេ កុំថាឡើយដល់ទៅសរសេរព័ត៌មានផ្សាយនោះ។ នៅក្នុងការិយាល័យវិទ្យុអាស៊ីសេរីភាសាខ្មែរ នៅអាមេរិក គេហៅ សំ ប៉ូលី ថា អាក្របី ព្រោះមិនចេះអី ប៉ុន្តែម្សៀនេះមានឥទ្ធិពលពីព្រោះម្សៀនេះជាសមាជិកសហជីពនៃវិទ្យុអាស៊ីសេរី។ ចាប់តាំងពីម្សៀ សំ ប៉ូលី ហៅ ពៅ ពន្លក ឡើងធ្វើអនុប្រធានរបស់លោក កឹម សុស ដែលកាលនោះ នៅកាន់តំណែងជាប្រធានវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរមក ម្សៀនេះធ្វើព្យុះធ្វើភ្លៀងស្រេចតែចិត្ត។ លោក ម៉ាយ៉ារិទ្ធិ ដែលជាស្ថាបនិកម្នាក់នៃវិទ្យុអាស៊ីសេរីភាសាខ្មែរ ឈឺចិត្តនឹងអាមេរិកាំងដែលតែងតាំង «អាក្របី» ធ្វើជាអនុប្រធាន ក៏បានលាឈប់ពីការងារ។
ជាបន្តបន្ទាប់មកទៀត ម្សៀរ សំ ប៉ូលី ហៅ ពៅ ពន្លក ក៏ត្រូវបានគេតែងតាំងជាប្រធានវិទ្យុអាស៊ីសេរីភាសាខ្មែរជំនួសលោក កឹម សុស។ តាំងពីនោះមកម្សៀរនេះ ក៏បាននិមន្តគ្រូរបស់ខ្លួន គឺបុគ្គល ជុន ច័ន្ទបុត្រ ហៅ ហួត វុទ្ធី ដែលពីមុនជាបុគ្គលិកវិទ្យុអាស៊ីសេរីដែរ ប៉ុន្តែត្រូវបានវិទ្យុនេះបញ្ឈប់ពីការងារដោយសាររឿងពុករលួយកិបកេងលុយថ្លៃដេកសណ្ឋាគារពេលចុះបំពេញបេសកកម្មនៅភ្នំពេញ ឱ្យមកធ្វើការវិញ និងស្នើតែងតាំងជាអនុប្រធានវិទ្យុអាស៊ីសេរីភាសាខ្មែរ។
ចាប់តាំងពីពេលនោះមកមនុស្សល្បីៗនៅវិទ្យុអាស៊ីសេរី នៅអាមេរិក ដែលមិនមែនជាបក្សពួកខ្លួន ឬដែលមាន ទស្សនៈមិនស្របនឹងបុគ្គល ជន ច័ន្ទបុត្រ បានខ្ទាតចេញម្នាក់ម្ដងៗ ដូចជា លោក សំ បូរិន្ទ (ស្លាប់ហើយ) លោក សាន សុវិទ្យ លោក ហាស់ សាន អ្នកស្រី មឿង ទុំ ... ជាដើម ។ល។
តើនេះមិនជាឧទាហរណ៍មួយនៃភាសិតខ្មែរថា «ឃ្លោកលិចអម្បែងអណ្ដែត» ទេឬ ? បើ បុគ្គល ជុន ច័ន្ទបុត្រ ហៅ ហួត វុទ្ធី លាងគូថខ្លួននិងបក្សពួកខ្លួនមិនទាំងជ្រះផង នៅមានមុខអីមកនិយាយរឿង ឃ្លោកលិចអម្បែងអណ្ដែតនេះ ? គួរឲ្យអស់សំណើច !!!
ដោយ ក្មេងព្រែកលួង