(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់ ប្រមុខស្ថាប័នត្រួតពិនិត្យគ្រឿងញៀន ថ្នាក់រដ្ឋមន្រ្តី នៃមហាអនុតំបន់ទន្លេមេគង្គ និងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) នៃអង្គការសហប្រជាជាតិថា បញ្ហាបទល្មើសគ្រឿងញៀននៅកម្ពុជា នៅតែកើតឡើងច្រើនដដែល ហើយជនល្មើសវិញក៏កាន់តែមានល្បិចកល ប្រព្រឹត្តបទល្មើសសម្បូរបែបជាងមុនដែរ។
ដោយសារពិនិត្យឃើញមូលហេតុទាំងនេះហើយ ទើបនាយឧត្តមសេនីយ៍ ស្នើយ៉ាងទទូចដល់ប្រទេសហត្ថលេខីទាំងអស់ គប្បីត្រួតពិនិត្យ និងបើកកិច្ចពិភាក្សារកដំណោះស្រាយសារជាថ្មីឡើងវិញ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសដ៏ស្មុគស្មាញមួយនេះ។
ការលើកឡើងនូវបញ្ហានេះ ក្នុងកិច្ចពិភាក្សាជាមួយប្រមុខស្ថាប័នត្រួតពិនិត្យគ្រឿងញៀនថ្នាក់រដ្ឋមន្រ្តី មកពីបណ្តាប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ និងអង្គការ UNODC នៅសណ្ឋាគារឡឺរូយ៉ាល់ ភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ថ្លែងយ៉ាងដូច្នេះថា «បញ្ហាគ្រឿងញៀនមិនមានការថមថយទេ ទោះបីជាសមត្ថកិច្ចកម្ពុជាខិតខំប្រឹងប្រែងបង្ការ បង្រ្កាបយ៉ាងណាក៏ដោយ ក៏ជនល្មើសមិនឈប់ទេ ហើយកាន់តែមានល្បិចពិសពុលជាងមុន ដែលបញ្ហានេះ លោកស្នើសុំឲ្យអង្គការ UNODC និងបណ្តារាជរដ្ឋាភិបាល-រដ្ឋាភិបាលដែលជាប្រទេសហត្ថលេខីទាំងអស់ ត្រូវជជែករកឱ្យឃើញនូវវិធានដោះស្រាយបញ្ហាគ្រឿងញៀននេះឡើងវិញ»។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបញ្ជាក់នៅចំពោះប្រមុខស្ថាប័នត្រួតពិនិត្យគ្រឿងញៀនទាំងអស់ និងអង្គការ UNODC ថា កម្ពុជានៅតែសហការជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិនានា ពិសេសប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ និងអង្គការ UNODC ដើម្បីទទួលបានបទពិសោធន៍ និងអនុវត្តការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននេះ។
ជាការឆ្លើយតប បណ្តាប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ និងអង្គការ UNODC បានប្តេជ្ញាថា នឹងចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យទទួលបានជោគជ័យ ដើម្បីបោសសម្អាតសហគមន៍ប្រជាជាតិទាំងមូល «គ្មានគ្រឿងញៀន»។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា កម្ពុជាពិតជាមានមោទនភាព និងកិត្តិយសយ៉ាងក្រៃលែងដែលបានចូលរួមជាមួយបណ្តាលប្រទេសមហាអនុតំបន់ទន្លេមេគង្គដទៃទៀត ក្នុងយន្តការឆ្នាំ១៩៩៣នេះ ហើយដែលតាមរយៈនេះ កម្ពុជាបានទទួលការគាំទ្រជាច្រើនទាំងផ្នែកស្មារតី បច្ចេកទេស និងសម្ភារ សំដៅធ្វើឲ្យកម្ពុជាពង្រឹងបាននូវស្ថានភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងក្នុងក្របខណ្ឌកម្ពុជាខ្លួនឯងផ្ទាល់ ក៏ដូចជាការចូលរួមក្នុងយន្តការតំបន់។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងដំណើរបេសកម្មដ៏វែងឆ្ងាយនេះ ប្រទេសយើងទាំង៦ និងអង្គការ UNODC ប្រចាំតំបន់ ពិតជាបានផ្តោតការយលចិត្តទុកដាក់ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា និងសកម្មក្នុងការពង្រឹងយន្តការ ភាពជាដៃគូ កិច្ចសហប្រតិបត្តិការ សហការ និងការសម្របសម្រួលសំដៅធ្វើឲ្យយន្តការ នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងប្រទេសនីមួយៗ និងតំបន់ទាំងមូលអាចឆ្លើយតបសមស្រប និងមានប្រសិទ្ធភាពចំពោះស្ថានភាពប្រែប្រួល និងនិន្នាការគំរាមកំហែងគ្រឿងញៀនថ្មីៗ នៃគ្រឿងញៀន នៅក្នុងតំបន់ និងពិភពលោក។
នាយឧត្តមសេនីយ៍ បានបន្ថែមថា ជាពិសេសគឺបញ្ហាចរាចរគ្រឿងញៀនខុសច្បាប់ សារធាតុគីមីផ្សំ និងសារធាតុញៀនប្រភេទថ្មីដែលប៉ះពាល់ប្រព័ន្ធប្រសាទ ក្នុងនោះដំណោះស្រាយជាសកល និងការទទួលខុសត្រូវជារួម គឺជាកិច្ចការសំខាន់ ដែលយន្តការនៃប្រទេសទាំង៦ តែងផ្តោតយកចិត្តទុកដាក់ខ្ពស់៕