(សៀមរាប)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លោក ថេង សំណាង ដែលធ្លាប់មានឈ្មោះល្បីរន្ទឺពេញទីក្រុងសៀមរាបនោះ ត្រូវបានប្រជាពលរដ្ឋលើកឡើង នូវការកោតសរសើរ និងការគោរពស្រឡាញ់ចូលចិត្តយ៉ាងសុះសាយ ក្រោយជោគជ័យខាងរកយុត្តិធម៌ជូនជនរងគ្រោះ ដោយសុក្រឹតយុត្តិធម៌តាមផ្លូវច្បាប់ មិនលំអៀងជាបន្តបន្ទាប់ច្រើនដងមក។
ជាក់ស្តែងនាពេលថ្មីៗនេះ មានប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនដទៃទៀត គឺអ្នកស្រី យស់ លក្ខិណា ដែលធ្លាប់ជាជនរងគ្រោះ ដែលត្រូវបានអតីតស្វាមីឈ្មោះ ថោង សុខៃ មូលបង្កាច់ប្តឹងម្តងហើយម្តងទៀត ពីបទក្លែងបន្លំឯកសារ បទព្រហ្មទណ្ឌ លេខ១១៧៣ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ បានលើកឡើងនូវការកោតសរសើរ និងរឭកដឹងគុណចំពោះព្រះអាជ្ញារង ថេង សំណាង ជារឿយៗផងដែរ។
កោតសរសើរដោយសារលោក បានស្រាវជ្រាវសំណុំរឿង អស់រយៈពេល២ឆ្នាំ តែមិនឃើញមានបទល្មើសដូចពាក្យចោទប្រកាន់របស់លោក ថោង សុខៃឡើយ ដូច្នេះអយ្យការអមសាលាដំបូងខេត្តសៀមរាបដែលមានលោក ថេង សំណាង ជាចៅក្រមបានសម្រេចទុកឥតចាត់ការចាប់ពីពេលនេះតទៅ ជាហេតុនាំឲ្យស្រ្តី យស់ លក្ខិណា ទទួលបានយុត្តិធម៌តាមច្បាប់។
ប្រជាពលរដ្ឋដទៃទៀត ក៏បានមានមើលឃើញ និងកោតសរសើរពីស្នាដៃរបស់លោក ថេង សំណាង នេះផងដែរ ហើយពួកគាត់ក៏បាននិយាយតៗគ្នាថា «ខេត្តសៀមរាប យុត្តិធម៌នៅតែមាន»៕