(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងសមាណទុក្ខយ៉ាងក្រៀមក្រំចំពោះការទទួលមរណភាពរបស់ឧត្តមសេនីយ៍ មាស ក្រូច។ សម្តេចបានគូសបញ្ជាក់ថា ឧត្តមសេនីយ៍ មាស ក្រូច បានចូលរួមតួនាទីយ៉ាងសំខាន់ក្នុងចលនារំដោះជាតិមាតុភូមិ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយ និងមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព របស់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា៤នាក់ ដែលបានស្លាប់ នៅប្រទេសអាហ្រ្វិកកណ្តាល។ សម្តេចបានថ្លែងថា ការពលីជីវិតរបស់កងកម្លាំងរក្សាសន្តិភាពនៅប្រទេសអាហ្រ្វិកកណ្តាល គឺជាការពលីពោរពេញដោយកិត្តិយសសម្រាប់ជាតិមាតុភូមិ និងជាការបាត់បង់ដ៏ធំធេងរបស់ជនជាតិកម្ពុជា ដ៏អង់អាចក្លាហាន។
* សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើដល់អតីតយុទ្ធជន ដែលបានចូលរួមអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាទាំងអស់ ក្រោកឈរស្មឹងស្មាធិ៍ ដើម្បីគោរពវិញ្ញាណក្ខន្ធសពទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្កោលទោសទំព័រ Facebook ឈ្មោះ «ឡុង ឌីម៉ង់» ដែលបានបង្ហោះខ្លឹមសារបំភ័ន្តការពិត រឿងកាត់ក្បាលទាហានកម្ពុជា, ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា Facebook ឈ្មោះ «ឡុង ឌីម៉ង់» ដែលបង្ហោះព័ត៌មានក្លែងក្លាយរឿងកាត់ក្បាលទាហានខ្មែរ មិនមែនជាគណនីរបស់ឯកអគ្គរាជទូតខ្មែរនៅប្រទេសកូរ៉េខាងត្បូងនោះទេ។
* សូមបញ្ជាក់ថា Facebook ឈ្មោះ «ឡុង ឌីម៉ង់» នេះ កាលពីម្សិលមិញ បានសរសេរថា កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ត្រូវបានក្រុមឧទ្ទាមកាត់ក្បាល។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការសរសេរ ព័ត៌មានបំភ័ន្តការពិត (កាត់ក្បាល) នេះ ជាការជំរុញឲ្យមានស្ថានការណ៍អាក្រក់ជាមួយក្រុមឧទ្ទាម។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងថា កងទ័ពកម្ពុជាដែលនៅប្រទេសអាហ្រ្វិកកណ្តាល មិនត្រូវបានសម្លាប់ដោយកាត់ក្បាលនោះទេ.
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអង្គការសហប្រជាជាតិ ត្រួតពិនិត្យ និងត្រូវទទួលខុសត្រូវចំពោះព្រឹត្តិការណ៍វាយប្រហារទៅលើកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏នឹងបញ្ជូនក្រុមការងារក្រសួងការពារជាតិទៅកាន់ ប្រទេសអាហ្រ្វិកកណ្តាល ដើម្បីពិនិត្យកន្លែងកើតហេតុ, តើមានអ្វីកើតឡើងមុនពេលកើតហេតុ។
* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា កងកម្លាំងរក្សាសន្តិភាពនៅបណ្តាប្រទេសដទៃទៀត នឹងមិនតក់ស្លុតចំពោះហេតុការណ៍នេះឡើយ ហើយកងកម្លាំងកម្ពុជា នៅតែចូលរួមក្នុងសកម្មភាពរក្សាសុខសន្តិភាព។ សម្តេចតេជោ បានយកឱកាសនេះប្រកាសជូនអង្គការសហប្រជាជាតិថា កម្ពុជា មិនរាថយ និងមិនតក់ស្លុតក្នុងកិច្ចការរក្សាសន្តិភាព និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្មនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសជូនអង្គការសហប្រជាជាតិថា ទាហានកម្ពុជាមិនរាថយ និងមិនតក់ស្លុតក្នុងកិច្ចការរក្សាសន្តិភាព និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្មនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បន្តថា ទន្ទឹមនឹងការសោកស្តាយ តែកម្ពុជា ក៏មានមោទនភាព ព្រោះកម្ពុជាមិនត្រឹមតែអាចងើបឈរ និងរំដោះខ្លួនឯងចេញពីភ្លើងសង្រ្គាមនោះទេ តែកម្ពុជាក៏បានចូលរួមស្វែងរកសុខសន្តិភាពនៅលើឆាកអន្តរជាតិផងដែរ។
* សម្តេចតេជោ បានគូសបញ្ជាក់ថា អតីតយុទ្ធជនខ្មែរ បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីរំដោះជាតិមាតុភូមិ និងនាំសុខសន្តិភាពជូនជាតិ ព្រមទាំងផ្តល់ឱកាសដល់បក្សនយោបាយដទៃមកធ្វើនយោបាយផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើពេលប្រទេសជួបភាពវឹកវរ តើបក្សនយោបាយទាំងនោះនៅទីណា ហេតុអ្វីពេលនេះ មកសាងគ្រោះឲ្យជាតិទៅវិញ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា បើគណបក្សប្រជាជនកម្ពុជា មិនដឹកនាំប្រទេសទេនោះ សង្រ្គាមនៅកម្ពុជាប្រាកដជាកើតមានជាថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុខសន្តិភាព និងភាពសុខដុមរបស់កម្ពុជា នាពេលបច្ចុប្បន្ន គឺបានកើតចេញពីកម្ពុជាដោយខ្លួនឯង និងការលះបង់សាច់ស្រស់ ឈាមស្រស់របស់អតីតយុទ្ធជនកម្ពុជា មិនមានទេវតាមកប្រទានឲ្យ ឬ ប្រទេសណាមួយជាអ្នកផ្តល់ឲ្យនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អង្គការសហប្រជាជាតិ ដែលបានចាយរហូតប្រមាណពីរពាន់លានដុល្លារអាមេរិក មិនបានបិទបញ្ចប់ភ្លើងសង្រ្គាមឲ្យរលត់ទៅវិញនោះឡើយ តែភ្លើងសង្រ្គាមរបស់កម្ពុជា បានរលត់ទៅព្រោះតែយុទ្ធសាស្រ្តឈ្នះឈ្នះ ដែលជាយុទ្ធសាស្រ្តជាប្រវត្តិសាស្រ្តដាក់ចេញដោយសម្តេចសម្តេចខ្លួនឯងផ្ទាល់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នមានមនុស្សខ្លះមិនដឹងថា កិច្ចចរចាសន្តិភាពទីក្រុងប៉ារីសមានប្រវត្តិយ៉ាងណាផង បែរជាប្រឹងយកមកនិយាយភូតភរកុហកបោកប្រាស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យចូលរួមរក្សាសុខសន្តិភាព ហើយប្រកាសថា មិនអនុញ្ញាតឲ្យនរណាម្នាក់មកបំផ្លាញសន្តិភាពកម្ពុជានោះទេ។ សម្តេចតេជោ ហ៊ុន សែន ថា សង្រ្គាមមិនមែនកើតចេញតែមក ពីអាវុធនោះទេ តែក៏កើតចេញពីមាត់របស់អ្នកអប់រំនយោបាយនោះផងដែរ។ សម្តេចតេជោថា ប្រសិនបើស្រឡាញ់សន្តិភាពមែន ត្រូវអប់រំអ្នកជើងក្រោមរបស់ខ្លួនកុំឲ្យជេរបញ្ចោទៅទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលបានកាត់តព័ត៌មានថា កងកម្លាំងរក្សាសុខសន្តិភាពកម្ពុជា ស្លាប់ដោយការកាត់ក្បាលពីក្រុមឧទ្ទាមនោះ គឺជាការប្រកាសសង្រ្គាមជាមួយកងទ័ពកម្ពុជាហើយ។
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងស្ញប់ស្ញែងផងដែរដល់អតីតយុទ្ធជនទាំងអស់ ដែលមិនត្រឹមតែបានពលីកម្លាំងកាយ ញើសឈាម ដើម្បីបុព្វហេតុជាតិប៉ុណ្ណោះទេ ថែមទាំងបានប្រឹងប្រែងអប់រំកូនចៅ និងជំរុញឲ្យទទួលបានការអប់រំខ្ពង់ខ្ពស់។ ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យកូនៗដែលមានឪពុកម្តាយពិការលើសមរភូមិសង្រ្គាម កុំមានការតូចចិត្ត ហើយគួរមានមោទនភាពសម្រាប់ពួកគាត់។
* សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា មកដល់ពេលបច្ចុប្បន្ននេះ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ប្រឹងប្រែងដើម្បីសុខសន្តិភាព និងដើម្បីការរស់រានមានជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ខណៈគណបក្សនយោបាយខ្លះបែរជាប្រឹងប្រែងរាំងខ្ទប់ នូវការរីកចម្រើនរបស់ជាតិ និងបានធ្វើសកម្មភាពនាំភ្លើងសង្រ្គាមមកដែនដីកម្ពុជាជាថ្មីថែមទៀតផង។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការចាក់ផ្សាយឡើងវិញ ចំពោះការដេញដោលនៅក្នុងរដ្ឋសភា ដែលតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមិនបានបោះឆ្នោតគាំទ្រលើច្បាប់ថវិកានោះឡើយ តែពេលនេះបែរជាដើរនិយាយថា ការដំឡើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការកើតចេញពីការប្រឹងប្រែងរបស់ពួកគេទៅវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា គណបក្សប្រឆាំងសំដៅដល់គណបក្សសង្រ្គោះជាតិ មិនដែលមានកាយវិការបង្រួបបង្រួមជាតិនោះទេ។ សម្តេចថ្លែងថា ពេលលោក ប៉ែន សុវណ្ណ និងម្តាយក្មេកលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ សម្តេចបានផ្ញើលិខិតចូលរួមរំលែកមរណទុក្ខ និងបញ្ជូនកូនប្រុសទៅគោរពវិញ្ញាណក្ខន្ធថែមទៀត ដែលផ្ទុយពីគណបក្សសង្រ្គោះជាតិ នៅពេលថ្នាក់ដឹកនាំគណបក្សប្រជាជន ទទួលមរណភាព ដូចជាសម្តេចវិបុលបញ្ញា សុខ អាន ទទួលមរណភាព បក្សប្រឆាំងមិនត្រឹមតែសម្តែងមរណទុក្ខប៉ុណ្ណោះទេ ថែមទាំងប្រមាថទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចស្គាល់ច្បាស់អស់ហើយនូវទុក្ខលំបាកក្នុងសមរភូមិសង្រ្គាម ដូចជាការចងអង្រឹងដេកក្រោមទឹកភ្លើង ក្រោមដើមឈើ ការឈរផ្អែកដើមឈើដេក ដែលជាហេតុធ្វើឲ្យ សម្តេចបានយល់យ៉ាងច្បាស់អំពីសុខទុក្ខរបស់កងទ័ពកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ភាពពិការរបស់សម្តេចបានជំរុញលើកទឹកចិត្តសម្តេចឲ្យប្រឹងប្រែងរំដោះជាតិ និងដឹកនាំប្រទេសឲ្យបានល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែរក្សាឲ្យបាននូវសមិទ្ធផលដែលកំពុងនៅកម្ពុជា ហើយដើម្បីរក្សាបានគណបក្សប្រជាជនត្រូវតែឈ្នះ។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានរំលឹកថា ពេលបោះឆ្នោតឆ្នាំ២០១៣ លទ្ធផលមិនទាន់ទាំងដឹងផង ក្រុមបក្សប្រឆាំងបាននាំគ្នាដុតរថយន្តសមត្ថកិច្ច។ សម្តេចតេជោថា សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ បើមានសកម្មភាពបែបនេះ កងកម្លាំងសមត្ថកិច្ចត្រូវតែចេញធ្វើសកម្មភាព ហើយបើផ្ទុះជាសង្រ្គាម ក៏ផ្ទុះទៅចុះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនឲ្យព្រឹត្តិការណ៍ឆ្នាំ២០១៣ កើតមានទាំងមុន និងក្រោយ ការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨ឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមហ៊ុន និងសប្បុរសជននានា ដែលបានចូលរួមធ្វើសកម្មភាព និងចែករំលែកថវិកា ដើម្បីជួយដល់អតីតយុទ្ធជនដូចជាការសាងសង់ផ្ទះជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីសុខរបស់ប្រជាពលរដ្ឋ រួមទាំងគណបក្សប្រឆាំង គឺបានមកពីការពលីរបស់អតីតយុទ្ធជន ក៏ដូចជាកងកម្លាំងនាពេលបច្ចុប្បន្នផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នយោបាយប្រជាភិថុតិ និងរបៀបបញ្ញើក្អែក របស់បក្សប្រឆាំងនឹងគ្មានឱកាសដឹកនាំប្រទេសនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើជាម្ចាស់នៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន គឺជាកិត្តិយស និងជាមោទនភាពដ៏ធំមួយរបស់កម្ពុជា ដែលជាប្រទេសធ្លាប់បានយាយីដោយភ្លើងសង្រ្គាម។ សម្តេចតេជោថា វេទិកានេះ នឹងមានការចូលរួមមេដឹកនាំប្រទេស ម្ចាស់ក្រុមហ៊ុនធំៗលើពិភពលោក និងធុរជនលើពិភពលោកប្រមាណជា ៨០០នាក់។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យជនរួមជាតិកម្ពុជាទាំងអស់ ត្រូវប្រឹងប្រែងរួមគ្នា ដើម្បីថែរក្សាសមិទ្ធផលដែលកំពុងមាន និងនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យតាមដានការបញ្ជូនមកវិញនូវសពរបស់កងកម្លាំងរក្សាសន្តិភាពនៅប្រទេសអាហ្រ្វិកកណ្តាល ហើយត្រូវចាត់ចែងធ្វើបុណ្យឲ្យបានសមរម្យ និងប្រកបដោយកិត្តិយស៕
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅម៉ោង១០៖០៥នាទីព្រឹកថ្ងៃដដែលនេះ, សូមអរគុណចំពោះការទស្សនការផ្សាយផ្ទាល់៕