(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ ជូនដល់សាធារណជនទាំងអស់ អំពីការស្លាប់ទាហានមួកខៀវកម្ពុជា៣នាក់បន្ថែម ក្រោយពីបាត់ខ្លួន ក្នុងព្រឹត្តិការណ៍ពួនស្ទាក់បាញ់ប្រហារដោយក្រុមឧទាម នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល កាលពីយប់ថ្ងៃទី០៨ ខែឧសភា។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបានមុននេះ បន្តិចបានបញ្ជាក់ថា ទាហានមួកខៀវកម្ពុជា៣រូប ដែលបានបាត់ខ្លួននោះបានស្លាប់ហើយ បន្ទាប់ពីសាកសពទាំង៣ត្រូវបានរកឃើញ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ចំងាយប្រមាណ២គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។
ការស្វែងរកសពទាហានមួកខៀវកម្ពុជាទាំង៣រូប មានការជួយអន្តរាគមន៍ពីក្រុមគ្រូព្រះវិហារនៅក្បែរនោះ ហើយនាំយកមកតំបន់ Bangassou រង់ចាំបញ្ចូនតាមឧត្ថម្ភាគចក្រ អង្គការសហប្រជាជាតិ មកកាន់ទីក្រុង Bangui។
បើតាមសេចក្តីប្រកាសក្រសួងការពារជាតិ បានឱ្យដឹងថា ទាហានមួកខៀវកម្ពុជា៣រូប ដែលបានបាត់ខ្លួន ហើយក្រោយមកបានស្លាប់នោះរួមមាន៖ លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។
តាមសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងការពារជាតិកម្ពុជា សូមសម្តែងនូវការសោកស្តាយជាពន់ពេក និងចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ជាមួយគ្រួសារសព ចំពោះការពលិជីវិត ប្រកបដោយកិត្តិយសថ្លៃថ្នូរ និងវីរៈភាពដ៏អង់អាចក្លាហាន នៃកងយោធិពលខេមភូមិន្ទ ដែលបានលះបង់ជីវិត ក្នុងការបំពេញបេសកកម្ម មនុស្សធម៌ អន្តរជាតិ ក្រោមឆ័ត្រអ.ស.ប នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល។
សូមបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ មានការវាយប្រហារ ដោយក្រុមឧទ្ទាម ទៅលើក្បួនយុទ្ធដំណើររបស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ បណ្តាលឱ្យកម្លាំងកម្ពុជាម្នាក់ស្លាប់ភ្លាមៗ ម្នាក់រងរបួស និងបាត់ខ្លួន៣នាក់។ ប៉ុន្តែពេលនេះអ្នកដែលបាត់ខ្លួនទាំងនោះបានស្លាប់ហើយ។ ដោយចំនួនអ្នកស្លាប់ទាំងអស់៤នាក់ (មុនម្នាក់ ក្រោយ៣នាក់)។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ យកចិត្តទុកដាក់ទទួលខុសត្រូវ ឱ្យបានខ្ពស់ចំពោះហេតុការណ៍ខាងលើផងដែរ។
សូមបញ្ជាក់ថា កម្ពុជាបានចាប់ផ្តើមបញ្ជូនទាហានមួក ក្រោមឆ័ត្រ អ.ស.ប ទៅកាន់ប្រទេលសូម៉ាលី ស៊ូដង់ខាងជើង ស៊ូដង់ខាងត្បូង លីបង់ និងអាហ្រ្វិកកណ្តាល តាំងពីឆ្នាំ២០០៦ ហើយបានស្លាប់៧នាក់ និងរងបួសចំនួន៧នាក់ ដោយមិនទាន់រាប់បញ្ចូលករណីនេះទេ៕