(ភ្នំពេញ)៖ កម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី អាស៊ាន ឆ្នាំ២០១៧ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែឧសភា នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមប្រធានបទស្តីពី «យុវជន បច្ចេកវិទ្យា និងកំណើន៖ ការធានាគុណប្រយោជន៍ផ្នែកប្រជាសាស្រ្ត និងឌីជីថលអាស៊ាន»។

វេទិការពិភពលោកនេះ មានការចូលរួមពីមេដឹកនាំ អ្នកធ្វើការសម្រេចជាន់ខ្ពស់នៃវិស័យឧស្សហកម្ម និងឥស្សរជនសំខាន់ៗ លើវិស័យធុរកិច្ច ផ្នែកស្រាវជ្រាវ និងសង្គមស៊ីវិល ជាង៦០០នាក់ ដែលផ្តោតការយកចិត្តទុកដាក់ទៅលើការរួមចំណែក ​ពីកម្លាំងការងារវ័យក្មេង និងប្រកបដោយថាមពល ដែលកំពុងកើនឡើងនៅក្នុងតំបន់ ក្នុងការស្ថាបនាអនាគតរបស់តំបន់។ បន្ថែមពីលើនេះ វេទិកាខាងលើ ក៏នឹងចូលរួមលើកកម្ពស់លិវិស័យវិនិយោគ ទេសចរណ៍របស់កម្ពុជាផងដែរ។

ដើម្បីរៀបចំវេទិកានេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យប្រកចដោយផ្លែផ្កា ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ បានដឹកនាំមន្រ្តីពាក់ព័ន្ធមួយចំនួនបើកកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី «អាស៊ានឆ្នាំ២០១៧» នេះផងដែរ៕