(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងគណៈសង្ឃជាច្រើនអង្គ រួមនឹងមន្រ្តីរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋជាច្រើនទៀត បាននិងកំពុងអញ្ជើញចូលរួម នៅក្នុងពិធីបុណ្យវិសាខបូជា និងពិធីសាសនា មួយចំនួនទៀត នៅលើកំពូលភ្នំព្រះរាជទ្រព្យ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាបើឲ្យដឹងថា ពិធីបុណ្យវិសាខបូជា នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំពិធិសាសនាមួយចំនួន នៅលើភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ)។
លោក សេង សុមុនី បន្តឲ្យដឹងថា ពិធីនេះ មានការដង្ហែក្បួនវិសាខបូជា លម្អដោយផ្កាស្រស់ និងផ្កាភ្ញី ទៀនធូប រៀបចំ សម្រាប់បូជា និងរៀបចំជាទីសក្ការៈជាដើម។
នៅក្នុងក្បួនដង្ហែនោះ មានការលម្អរូបសំណាកព្រះពុទ្ធរូបនៅថ្ងៃប្រសូត, ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិពន្ធផងដែរ។ កម្មវិធីបន្តមកទៀត ក៏មានការសូត្រនមស្ការថ្វាយបង្គំ, វេនប្រគល់ចង្រ្ហាន, និងរាប់បាត្រ នៅទីតាំងភ្នំព្រះរាជទ្រព្យដែលបានកំណត់ និងរៀបចំតាមការ ត្រៀមរួចជាស្រេច។
បន្ថែមពីលើនេះ ក៏មានការសងរោងទិស សម្រាប់បញ្ចុះខណ្ឌសីមា ដោយមានការចូលរួមពីគណៈព្រះសង្ឃ និងពុទ្ធបរិស័ទ សម្រាប់ហែរព័ទ្ធជុំវិញផងដែរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ជារៀងរាល់ឆ្នាំ បានរៀបចំប្រារព្ធពិធីបុណ្យវិសាខបូជា និងពិធីសាសនា មួយចំនួនទៀត នៅភ្នំ ព្រះរាជទ្រព្យ តាមគន្លងព្រះពុទ្ធសាសនា ហើយរាល់ឆ្នាំ សង្កេតឃើញថា ពិធីបុណ្យនេះ មានប្រជាពលរដ្ឋចូលរួម យ៉ាងច្រើន កុះករ ពោលគឺរាប់ម៉ឺននាក់។
ជាការកត់សំគាល់ បុណ្យវិសាខបូជា ជាបុណ្យក្នុងព្រះពុទ្ធសាសនា ដ៏សំខាន់សម្រាប់ពុទ្ធសាសនិក គោរពប្រតិបត្តិ ដែលត្រូវប្រារព្ធនៅថ្ងៃទី១៥ កើត ខែវិសាខ ជារៀងរាល់ឆ្នាំ៕