(ភ្នំពេញ)៖ វិនិយោគិនជប៉ុន បានបង្ហាញការចាប់អារម្មណ៍ខ្លាំងក្នុងការអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍នៅឧទ្យានជាតិគិរីរម្យ និងចង់ប្រែក្លាយតំបន់នេះឲ្យក្លាយជាកន្លែងដ៏ទាក់ទាញរបស់អ្នកទេសចរ។

ការបង្ហាញចំណាប់អារម្មណ៍នេះ បានធ្វើឡើងក្នុងពេលដែលលោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យ លោក តាកេស្ហិ អ៊ីហ្សូគុ (TAKESHI IZUKU) ប្រធានក្រុមហ៊ុន Vkirirum Resort ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីសំណើសុំអភិវឌ្ឍន៍រមណីយដ្ឋាន នៅឯឧទ្យានជាតិគិរីរម្យ នៅដើមសប្តាហ៍នេះ។

លោក តាកេស្ហិ អ៊ីហ្សូគុ បានជម្រាបលោករដ្ឋមន្ត្រីថា តំបន់ឧស្យានជាតិគិរីរម្យ គឺជាតំបន់ប្រវត្តិសាស្ត្រ ដែលធ្លាប់ត្រូវបានសព្វព្រះរាជហឫទ័យដឹកនាំអភិវឌ្ឍន៍ដោយព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សហការជាមួយរដ្ឋាភិបាលជប៉ុន តាំងពីចន្លោះទសវត្សឆ្នាំ៦០-៧០ម្ល៉េះ ហើយលោកមានបំណងប្រែក្លាយតំបន់ធម្មជាតិដ៏ស្រស់ស្អាតនេះ ឲ្យទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ ជាពិសេសភ្ញៀវទេសចរជនជាតិជប៉ុន ដែលចូលនិវត្តន៍ឱ្យមកសំរាកលំហែកាយរយៈពេលវែង។

លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគម្រោងរបស់ លោក តាកេស្ហិ និងបានគាំទ្រយ៉ាងពេញទំហឹងពីបំណងធ្វើអាជីវកម្មរបស់ក្រុមហ៊ុនលើផ្នែកទេសចរណ៍ធម្មជាតិ ការការពារបរិស្ថាន និងការអភិរក្សស្វតព្រៃនៅក្នុងតំបន់ឧស្យានជាតិគិរីរម្យ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសំណូមពរ លោក តាកេស្ហិ រៀបចំផែនការមេរបស់ក្រុមហ៊ុន ស្តីពីការថែរក្សាបរិស្ថាន និងការអភិរក្សសត្វព្រៃឱ្យបានត្រឹមត្រូវ ស្របតាមបទដ្ឋានស្តង់ដារ ដើម្បីស្នើសុំការគាំទ្របន្ថែមពីស្ថាប័នពាក់ព័ន្ធ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕