(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ នឹងអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជនកម្ពុជាជាច្រើនរូប ក៏នឹងចូលរួមក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជននេះផងដែរ។ ការប្រារព្ធទិវាអតីតយុទ្ធជន គឺជាការផ្តល់ឱកាសមួយឲ្យបងប្អូនអតីតយុទ្ធជន បានជួបសំណេះសំណាល ដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន ហើយក៏ជាឱកាសសម្រាប់ឲ្យអតីតយុទ្ធជនលើកបង្ហាញនូវកង្វល់ និងបញ្ហាដែលពួកគេកំពុងជួបប្រទះ ដើម្បីសម្តេចប្រមុខរាជរដ្ឋាភិបាលចាត់ចែងដោះស្រាយជូនផងដែរ។
ទិវាអតីតយុទ្ធជនកម្ពុជា ត្រូវបានធ្វើឡើងក្នុងបំណងរំលឹកពីគុណូបការៈរបស់អតីតយុទ្ធជនរបស់កម្ពុជាទាំងអស់ ដែលបានរួមចំណែកបូជាសាច់ស្រស់ ឈាមស្រស់ និងខ្លះទៀតបានពលីទាំងជីវិតនៅលើសរមភូមិក្នុងបុព្វហេតុជាតិមាតុភូមិ ជាពិសេសការប្រឹងប្រែងស្វែងរកសុខសន្តិភាព បញ្ចប់នូវភ្លើងសង្រ្គាមដែលបានយាយីប្រទេសកម្ពុជាកាលពីអតីតកាល។
ការប្រារព្ធទិវាអតីតយុទ្ធជន ក៏ជាឱកាសក្នុងការស្វែងរកថវិកាពីសប្បុរសជនបន្ថែម ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពរបស់សមាគមអតីតយុទ្ធជនក្នុងការជួយដោះស្រាយនូវទុក្ខលំបាករបស់អតីតយុទ្ធជនផងដែរ។
ដើម្បីបុព្វហេតុនៃក្តីសុខក្សេមក្សាន្តរបស់ជាតិមាតុភូមិអតីតយុទ្ធជនកម្ពុជា បានប្រឹងប្រែងប្រយុទ្ធដ៏អង់អាចក្លាហានលើសមរភូមិដោយមិនស្តាយស្រណោះអាយុជីវិតនោះឡើយ អតីតយុទ្ធជនខ្លះ បានធ្លាក់ខ្លួនពិការ ខ្លះបានស្លាប់លើសមរភូមិបន្សល់ទុកកូន និងភរិយា ត្រូវរស់នៅទាំងកំព្រា និងមេម៉ាយ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរបស់អតីតយុទ្ធជនកម្ពុជា។ តាមរយៈសមាគមអតីតយុទ្ធជន ដែលមាននាយឧត្តមសេនីយ៍ គន់ គីម ជាអគ្គលេខាតែងបានចុះធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដោយជួបសំណេះសំណាលផ្ទាល់ជាមួយអតីតយុទ្ធជននៅគ្រប់ខេត្តទាំងអស់ ដើម្បីស្វែងយល់ពីទុក្ខលំបាក និងបញ្ហាប្រឈមក្នុងជីវិតប្រចាំថ្ងៃរបស់អតីតយុទ្ធជន។
ក្រៅពីការផ្តល់ប្រាក់សោធននិវត្តន៍មិនតិចជាមួយលានរៀលហើយនោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានជំរុញឲ្យសាងសង់លំនៅឋានជូនអតីតយុទ្ធជនដែលគ្មានផ្ទះសម្បែង និងដោះស្រាយទុក្ខលំបាកផ្សេងៗរបស់អតីតយុទ្ធជនផងដែរ។ នៅឆ្នាំ២០១៦កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ថវិកាសាងសង់ផ្ទះជូនអតីតយុទ្ធជនទីទ័លក្រគ្មានផ្ទះសម្បែងចំនួន ៣៥០ខ្នង និងផ្តល់ថវិកាបេឡាមរណជូនអតីតយុទ្ធជន ដែលទទួលមរណជាង ៤ពាន់សពផងដែរ៕