(ព្រះសីហនុ)៖ មន្រ្តីយោធាមូលដ្ឋានរាម ចំនួន២នាក់ បានស្លាប់បាត់បង់ជីវិតបន្តបន្ទាប់គ្នា ក្រោយត្រូវរថយន្តធន់ធំមួយគ្រឿងបុកកិនពីលើ លើកំណាត់ផ្លូវជាតិលេខ៤ មុខក្លោងទ្វារោងចក្រមេនអ៊ូ ស្ថិតក្នុងភូមិបន្ទាយប្រីយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ខណៈពួកគាត់កំពុងបើកបរម៉ូតូទៅបំពេញការងារ។
មន្រ្តីនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងវេលាម៉ោង ៣៖៣០នាទី រសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ បង្កឡើងដោយរថយន្តមួយគ្រឿង VOLVO សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 3D-2371 ចំណែកម៉ូតូជនរងគ្រោះ ពាក់ស្លាកលេខ កណ្តាល 1D-3015។ ក្រោយបង្កហេតុ អ្នកបើកបររថយន្តនេះ បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកសពជនរងគ្រោះទាំងពីរនាក់ដេកស្លាប់លើផ្លូវ យ៉ាងអាណោជអាធម។
ជនរងគ្រោះមានឈ្មោះ កែវ វណ្ណឌី អាយុ៣៣ឆ្នាំ (អ្នកបើកបរម៉ូតូ) ស្លាប់ភ្លាមៗនៅកន្លែង និងឈ្មោះ អ៊ុក វណ្ណឌី អាយុ៣៨ឆ្នាំ អ្នកទាំង២ ជាមន្រ្តីយោធាជើងទឹកមូលដ្ឋានរាម បានស្លាប់តាមផ្លូវពេលបញ្ជូនទៅសង្គ្រោះ នៅគ្លីនិកឯកជន។
បច្ចុប្បន្ន សពមន្រ្តីយោធាទាំងពីរនាក់ ត្រូវបានរថយន្តគ្លីនិកដឹកទៅស្រុកកំណើត ដើម្បីប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំងប៉ុន្មាន ត្រូវបានរក្សានៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រងចាំការដោះស្រាយនៅពេលក្រោយទៀត៕