(កំពង់ស្ពឺ)៖ ក្នុងដំណើរសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងប្រជាពលរដ្ឋនៅស្រុកឧដុង្គ នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដាស់តឿនដល់ប្រជាការពារភូមិទាំងអស់ ត្រូវបន្តពង្រឹងការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមូលដ្ឋាន ឲ្យកាន់តែរឹងមាំជាងមុន ពិសេសនាឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នាថ្ងៃទី០៤ ខែមិថុនាខាងមុខ។
នាឱកាសអំពាវនាវនោះ មានប្រជាការពារនៅទូទាំងស្រុកឧដុង្គចូលរួមចំនួន ១,៣១៨នាក់។ លោក វ៉ី សំណាង ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានតម្រូវឲ្យប្រជាការភូមិទាំងអស់ ក្នុងនាមជាម្ចាស់មូលដ្ឋាន និងជាភ្នាក់ងារដ៏សកម្ម ដែលស្ម័គ្រចិត្តមកបម្រើប្រជាពលរដ្ឋ មេត្តាខិតខំថែរក្សានៅសន្តិសុខក្នុងមូលដ្ឋាន និងកុំរើសអើងបញ្ហានិន្នាការអ្វីនោះឡើយ។
លោកអភិបាលបានកោតសសើរចំពោះបេសកម្មរបស់ប្រជាការពារថា បានធ្វើឡើងដោយកម្លាំងកាយកម្លាំងចិត្តពិតៗ ដើម្បីសេចក្តីសុខរបស់ប្រជាជនទូទៅ ហើយបានធ្វើជាភ្នាក់ងារ ជាជំនួយកម្លាំងនគរបាល កម្លាំងអាវុធហត្ថ ដោយមិនខ្លាចញញើតនឹងក្រុមសង្គមងងឹត ជនទំនើងបន្តិចណាឡើយ។ ដោយមើលឃើញពីសកម្មដ៏សកម្ម លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន ១៣,១៨០,០០០រៀល សម្រាប់ការជួបជុំគ្នានាថ្ងៃនេះ។
បន្ទាប់ជួបជុំជាមួយប្រជាការពាររួច លោកអភិបាលខេត្តបានបន្តដំណើរ ទៅសាកសួរសុខទុក្ខគ្រួសារជួបការខ្វះ នៅឃុំវាំងចាស់ ចំនួន១០គ្រួសារ និងបានផ្តាំឲ្យក្រុមការងារស្រុកយកចិត្តទុកដាក់ ចំពោះគ្រួសារនេះផងដែរ។ ក្រោយសាកសួរសុខទុក លោកអភិបាល បានសម្ភារចែកជូនពួកគាត់ រួមមាន មី ត្រីខ សារ៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ថ្នាំពេទ្យ និងថវិកាមួយចំនួន ដល់គ្រួសារខាងលើផងដែរ៕