(ភ្នំពេញ)៖ ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន (JCIA) លោក Fumio Yamada បានបញ្ជាក់ថា ជប៉ុនកំពុងរៀបចំគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ថែទាំមនុស្សចាស់ ដល់ប្រជាជនក្រីក្រ និងជនពិការកម្ពុជា នៅមជ្ឈមណ្ឌលពោធិ៍សែនជ័យ ដើម្បីឲ្យពួកគាត់ទទួលបានឱកាសការងារនេះ ព្រោះនៅប្រទេសជប៉ុន កំណើនមនុស្សចាស់បានកើនដល់ ជាង១លាននាក់ នាពេលបច្ចុប្បន្ននេះ។
តំណាង JICA បញ្ជាក់បែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រសួងការងារនៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ
លោក Fumio Yamada ថ្លែងថា «បច្ចុប្បន្នសុខុមាលភាពមនុស្សចាស់នៅជប៉ុន មានការអភិវឌ្ឍទៅមុខ ធ្វើឱ្យកំណើនមនុស្សចាស់នៅជប៉ុន មានកើនឡើងជាបន្តបន្ទាប់ ដែលតាមការប៉ាន់ស្មានមានប្រហែល ជាង១លាននាក់ ហេតុនេះប្រទេសជប៉ុនកំពុងសម្លឹងមើលមកកម្ពុជា ក្នុងការបណ្តុះបណ្តាល បញ្ជូនបុគ្គលិកផ្នែកថែទាំមនុស្សចាស់នេះ»។
លោកបន្តថា JCIA បានផ្តោតការយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាលមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់ប្រជាជនក្រីក្រ និងជនពិការ តាមរយៈមជ្ឈមណ្ឌលពោធិ៍សែនជ័យ ដើម្បីឱ្យពួកគេមានឱកាសទទួលបានការងារធ្វើនៅក្នុងស្រុក និងអាចទៅធ្វើការនៅប្រទេសជប៉ុន តាមរយៈ JCIA ផងដែរ។
លោករដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងថា គម្រោងនេះពិតជាមានអត្ថប្រយោជន៍ណាស់ ក្នុងការបណ្តុះបណ្តាលមុខជំនាញដល់ជនពិការ និងជនក្រីក្រ ដែលនេះហើយជាវប្បធម៌ចែករំលែករបស់ប្រជាជនជប៉ុនមកកម្ពុជា និងជាស្មារតីមិត្តភាព និងសហប្រតិបត្តការជាយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ។
លោករដ្ឋមន្រ្តីបន្តថា កិច្ចការងារថែទាំមនុស្សចាស់ពិតជាមានតម្រូវការធំ ព្រោះថា មនុស្សចាស់ពិតជាមានចំនួនច្រើននៅប្រទេសជប៉ុន ដែលបច្ចុប្បន្ន មានជាង១លាននាក់ ហើយកម្ពុជាមិនជំទាស់ទេ ក្នុងការបញ្ជូនសេវាកម្មនេះ តែត្រូវមានការបណ្តុះបណ្តាលឱ្យបានល្អសិន មុននឹងបញ្ជូនពួកគាត់ទៅ ដើម្បីពួកគាត់មានការយល់ដឹង និងអាចធ្វើការបានប្រកបដោយសុវត្តិភាព និងងាយយល់ដឹងអំពីការងារថ្មីៗដែលជាបទពិសោធន៍សម្រាប់បំពេញបន្ថែម លើជំនាញដែលគាត់មានស្រាប់ ដើម្បីយកមកអភិវឌ្ឍប្រទេសកម្ពុជាលើផ្នែកនេះ ហើយវាស្របពេលដែលកម្ពុជាក៏កំពុងតែមានការយកចិត្តទុកដាក់ លើការថែទាំសុខុមាលភាពមនុស្សចាស់បានល្អ ធ្វើឱ្យកំណើនមនុស្សចាស់នៅកម្ពុជា ក៏មានចំនួនកាន់តែច្រើន ហើយត្រូវការការសេវាសម្រាប់គាំពារពួកគាត់ផងដែរ។
លោកបន្ថែមថា កម្ពុជានៅតែមានការគាំទ្រដល់មជ្ឈមណ្ឌលពោធិ៍សែនជ័យ ដែលបានកំពុងបន្តនិរន្តរភាពយ៉ាងល្អ ដែលនេះជាជោគជ័យ ក្នុងភាពជាដៃគូមួយរវាងប្រទេសទាំង២ ហើយលោករដ្ឋមន្រ្តីសង្ឃឹមថា នឹងមានការផ្តល់នូវការគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកាពី JCIA ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕