(ភ្នំពេញ)៖ តំណាងអង្គភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃប្រទេសកម្ពុជា និងប្រទេសថៃ បានប្ដេជ្ញានៅចំពោះមុខគ្នាទៅវិញទៅមកថា ភាគីទាំងពីរបានត្រៀមខ្លួនរួចស្រេច ក្នុងការបង្កើតភូមិសគ្មានគ្រឿងញៀន នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលជាជញ្ជាំងដ៏រឹងមាំ សម្រាប់ទប់ស្កាត់លំហូរគ្រឿងញៀនឆ្លងដែន។
ជំហរដ៏រឹងមាំនេះ ត្រូវបានលើកឡើងដោយលោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈកម្មការសហប្រតិបត្តការអន្តរជាតិ នៃគណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាមួយលោក ស៊ុវ៉ាផាន់ ថាន់យុវឌ្ឍនៈ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ ក្នុងឱកាសជួបពិភាក្សាការងារជាមួយគ្នា នាល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧។
ក្នុងឱកាសជំនួបពិភាក្សាការងារនោះ លោក កៅ ខុនដារ៉ា បានជម្រាបពីបច្ចុប្បន្នភាព នៃបញ្ហាគ្រឿងញៀននៅកម្ពុជា ដោយលោកបានលើកឡើងពីជំនួយរបស់ថៃ ជួយកម្ពុជាលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន កន្លងមក ហើយលោកក៏បានបញ្ជាក់ជូនភាគីថៃផងដែរ ពីការខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀនរបស់កម្ពុជា ដោយរយៈពេលតែ៤ខែ កម្ពុជាបានធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋទូទៅចំនួន ៦លាននាក់ ធ្វើការបង្រ្កាបបានបទល្មើសគ្រឿងញៀនបាន ៣,៣០០ករណី ឃាត់ខ្លួនជនល្មើសបាន ៧,៥០០នាក់ ជាបញ្ហាធំណាស់សម្រាប់កម្ពុជា។
ជាមួយគ្នានេះ លោក កៅ ខុនដារ៉ា បានបញ្ជាក់បន្ថែមថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ សម្រាប់សហការជាមួយភាគីថៃ និងបានធ្វើការស្នើសុំមួយចំនួន ដូចជា៖
១៖ ការងារពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន
២៖ ពង្រឹងការិយាល័យទំនាក់ទំនងព្រំដែន Blo
៣៖ ការកសាងឱ្យបាននូវភូមិសគ្មានគ្រឿងញៀន តាមតំបន់ព្រំដែនប្រទេសជាតិទាំងពីរ ធ្វើជាជញ្ជាំងដ៏រឹងមាំសម្រាប់ទប់ស្កាត់ការហូរចូលគ្រឿងញៀន
៤៖ ស្នើសុំការគាំទ្រចូលរួមថវិកាកសាងមជ្ឈមណ្ឌលជាតិ ផ្តល់សេវាព្យាបាលដោយស្មគ្រ័ចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ។
ជាការឆ្លើយតប លោក ស៊ុរ៉ាផាន់ ថាន់យុវឌ្ឍនៈ បានឯកភាពលើការងារទាំងអស់ ដែលបានលើកឡើងដោយភាគីកម្ពុជា ហើយលោកបានសន្យាថា នឹងខិតខំជំរុញឱ្យរាល់ការងារទាំងអស់សម្រេចបានជោគជ័យ៕