(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បញ្ជាឲ្យថ្នាក់ដឹកនាំ នាយកដ្ឋាននគរបាលកណ្ដាលព្រហ្មទណ្ឌ ចុះណែនាំ និងពន្យល់ពីនីតិវិធី នៃការអនុវត្តដីការបស់តុលាការ ដល់មន្ដ្រីនគរបាលព្រហ្មទណ្ឌទាំងអស់ នៅទូទាំងប្រទេស។

ជាក់ស្ដែង នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ឯក មួង យីម អនុប្រធានកណ្ដាលនគរបាលយុត្តិធម៌ ដឹកនាំក្រុមជំនាញ ជួបប្រជុំជាមួយមន្ដ្រីនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ រួមមាន ថ្នាក់នាយការិយាល័យ នាយរងការិយាល័យ និងអធិការរងទទួលផែនព្រហ្មទណ្ឌទាំង១២ខណ្ឌ ព្រមទាំងមន្ដ្រីពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យ និងណែនាំពីការងារអនុវត្តដីកាចាប់ខ្លួនរបស់តុលាការនេះ។

លោកឧត្តមសេនីយ៍ឯក មួង យីម បានណែនាំដល់មន្ដ្រីនគរបាលព្រហ្មទណ្ឌដែលបានចូលរួមប្រជុំ ត្រូវគ្រប់គ្រង និងអនុវត្តដីកាឲ្យបានត្រឹមត្រូវតាមច្បាប់ ចៀសវាងការអនុវត្តខុសពីគោលការណ៍ច្បាប់ ហើយយកដីកាទៅទុកចោល មួយវិញទៀតត្រូវយល់ពីដំណាក់កាលនីមួយៗរបស់វា។

សូមជម្រាបថា កន្លងមកនេះ មន្ដ្រីនគរបាលមួយចំនួនបានយកដីការបស់តុលាការទៅទុកចោល ដោយមិនអនុវត្តតាមការកំណត់ជាហេតុធ្វើឲ្យជនល្មើសនៅបន្ដមានសេរីភាព និងរួចផុតពីសំណាញ់ច្បាប់ ហើយខ្លះទៀតយកទៅអនុវត្តខុសពីលក្ខខណ្ឌច្បាប់ផងដែរ៕