(ភ្នំពេញ)៖ ភាពយន្តថ្មីបែបកំប្លែង មនោសញ្ចេតនា និងជារឿងពិតរបស់អ្នកនិពន្ធផ្ទាល់ មានចំណងជើង «ខូចចិត្តអាជីព» របស់ផលិតកម្ម រ៉ក់ បានរៀបចំកម្មវិធីបើកសម្ពោធជាផ្លូវការ នាល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ នៅរោងភាពយន្ត Legend ផ្សារទំនើបស្ទឹងមានជ័យ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំរបស់ផលិតកម្ម រ៉ក់, តារាសម្ដែងក្នុងរឿង និងក្រុមការងារ ជាច្រើននាក់។
លោក យឹម សុសត្យា ហៅ លីម៉េង ប្រធានគ្រប់គ្រងទូទៅ ប្រចាំក្នុងផលិតកម្ម រ៉ក់ បានថ្លែងឲ្យដឹងថា ភាពយន្តរឿង «ខូចចិត្តអាជីព» ប្រភេទរឿងមានការសម្រិតសម្រាំងខ្លាំង ទាំងការថត ការជ្រើសរើសតួសម្ដែង ហើយជាភាពយន្តប្រភេទ 4K មានរូបភាពច្បាស់ និងខ្នាតធំ។ លោកបន្តថា ទោះបីជាការថត មានការលំបាកខ្លាំងក្ដី ប៉ុន្តែក្រុមការងារ បានប្រឹងប្រែងតស៊ូ ទាំងថ្ងៃទាំងយប់ រហូតដល់ភាពយន្តនេះ ទទួលបានជោគជ័យ និងបានសម្ពោធដាក់បញ្ចាំង នៅថ្ងៃនេះ។
លោក លី ម៉េង បានបន្តថា ភាពយន្តខ្នាតធំរឿង «ខូចចិត្តអាជីព» បើតាមលោកដឹង គឺជារឿងពិតរបស់អ្នកនិពន្ធផ្ទាល់ គឺកញ្ញា ស៊ា រស្មី បន្ទាប់ពីរូបកញ្ញា ទទួលរងនូវការខូចចិត្តជាច្រើនដង រហូតអាចនិយាយថា ខូចចិត្តអាជីពទៅហើយ ទើបបានជានិពន្ធ រឿងនេះឡើង។ ជាមួយគ្នានេះ អ្នកនិពន្ធរឿងខូចចិត្តអាជីព ក៏បានទទួលជោគជ័យ នូវស្នាដៃមុនៗ ដូចជារឿង «សិស្សប្អូនសំណព្វចិត្ត» ជាដើម ដែលមានការគាំទ្រខ្លាំង ទើបអនុញ្ញាតឲ្យបន្តស្នាដៃ បន្ថែមទៀត។
ដោយឡែកអ្នកនិពន្ធរឿង «ខូចចិត្តអាជីព» កញ្ញា បានថ្លែងឲ្យដឹងថា តាមការពិតរឿងខូចចិត្តអាជីព មានបង្កប់នូវការអប់រំច្រើន ជាពិសេសគឺឲ្យមនុស្សយល់ដឹងពីស្នេហា និងការលេងកីឡា ដោយតួឯកប្រុសក្នុងរឿងនេះ គឺជាកីឡាករអាជីពមកពីក្លឹប បឹងកេងអង្គរ គឺលោក លី វ៉ាតហេត។ ភាពយន្តនេះ ជាប្រភេទរឿងកំប្លែង លាយឡំនឹងមនោសញ្ចេតនា និងការតាំងចិត្តរឹងមាំ របស់តួអង្គក្នុងរឿង។
យ៉ាងណាមិញ អ្នកនិពន្ធរូបនេះ ក៏បានអំពាវនាវដល់ទស្សនិកជន ចូលរួមគាំទ្រស្នាដៃកូខ្មែរ និងភាពយន្តខ្មែរឲ្យបានច្រើន ដើម្បីជាកម្លាំងចិត្ត និងលើកស្ទួយដល់វិស័យ ភាពយន្តខ្មែរឲ្យរីកចម្រើន ដូចបណ្ដាប្រទេសជិតខាង។
សូមបញ្ជាក់ថា «ខូចចិត្តអាជីព» មានការចូលរួមសម្ដែងដោយលោក លី វ៉ាតហេត, អ្នកនាង សុខ សោម៉ាវត្តី, នាយក្រូច, នាយចឺម ,នាយគ្រឿន និងតារាសម្ដែងល្បីៗជាច្រើនទៀត។ ពិធីសម្ពោធនេះ មានការគាំទ្រដោយក្រុមហ៊ុន Co-plaster ,ផ្សារទំនើបស្ទឹងមានជ័យ, ហាងនំ B'lance ,ក្រុមហ៊ុនថតរូប Akasa , ផ្ទះកីឡា Home Sport និងក្រុមហ៊ុន សំឡីអនាម័យ ៧៧៧៧៧៕