(ភ្នំពេញ)៖ សាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានរៀបចំវេទិកាវិទ្យាសាស្រ្ត ស្តីពីសេដ្ឋកិច្ចកម្ពុជា និងការវិនិយោផ្ទាល់ ពីបរទេស នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ នេះ ដោយមានការចូលរួម ពីលោកសាស្ត្រាចារ្យបណ្ឌិត ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី ជាវាគ្មិនកិត្តិយស។ ក្នុងកម្មវិធីនេះ ក៏មានការចូលរួមពី គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិសិ្សតជាង ៣០០នាក់ផងដែរ។
លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបង្ហាញពីចំណាប់អារម្មណ៍ថា វេទិកាវិទ្យាសាស្ត្រនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជាការជំនួយស្មារតីបន្ថែម ដល់និសិ្សតគ្រប់កម្រិត គ្រប់ឯកទេស របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និយាយជារួម និងនិយាយដាច់ដោយឡែក គឺផ្តល់ចំណេះដឹងជំនាញ វិទ្យាសាស្ត្រសេដ្ឋកិច្ច សម្រាប់និសិ្សតក្នុងមហាវិទ្យាល័យសង្គមសាស្ត្រ និងសេដ្ឋកិច្ច ។
លោកបណ្ឌិត ជា សុភាព បានលើកឡើងពីចក្ខុវិស័យ និងបេសកកម្មរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ផ្តោតលើការបណ្តុះបណ្តាលគ្រប់កម្រិតជំនាញ ភាសា ក្នុងគោលបំណងលើកស្ទួយវិស័យ អប់រំឲ្យកាន់តែល្អប្រសើរ ប្រកបដោយគុណភាព សមត្ថភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹង តម្រូវការនៃការរីកចម្រើនទាំងក្នុង និងក្រៅប្រទេស។ ក្នុងនោះយើងមានបេសកកម្មសំខាន់ៗ ដូចជា ផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ជំរុញការស្រាវជ្រាវ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ព្រមទាំងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការអភិវឌ្ឍកម្មវិធីសិក្សា ដោយផ្តោតលើការស្រាវជ្រាវប្រយោជន៍ ដើម្បីប្រកួតប្រជែងជាមួយដៃគូលើទីផ្សារ ក្នុងតំបន់ និងពិភពលោក។
ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកសាកលវិទ្យាធិការ លោកបានបង្ហាញពីគោលបំណង របស់វេទិកាវិទ្យាសាស្រ្ត ស្តីពីសេដ្ឋកិច្ចកម្ពុជា និងការវិនិយោផ្ទាល់ពីបរទេសរួមមាន ផ្តល់ចំណេះដឹងនិសិ្សត ពីភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និន្នាការកើនឡើង នៃការវិនិយោគក្នុងស្រុក និងការវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងយន្តការនានា ក្នុងការជំរុញសេដ្ឋកិច្ចនៅ កម្ពុជាការបង្កើតប្រសិទ្ធភាព នៃសេវាសាធារណៈគ្រប់ប្រភេទ ស្វែងយល់អំពីផលិតផលក្នុងស្រុកសរុប របស់ប្រទេសកម្ពុជា ស្វែងយល់អំពីកត្តាអតិថរណា និងសមាហរណកម្មសេដ្ឋកិច្ច ព្រមទាំងសាកលភាវូបនីយកម្មរបស់កម្ពុជា ក្នុងតំបន់និងពិភពលោក។
ជាកិច្ចចាប់ផ្តើមនៃកម្មវិធីបាឋកថា លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ីង ថូរ៉ាក់ស៊ី បានមានមតិស្វាគមន៍ ទៅកាន់អង្គពិធីទាំងមូល និងបានកោតសរសើរអំពីភាពរីកចម្រើន របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលមានអគារទំនើប និងមានចំនួននិសិ្សតច្រើនកំពុងសិក្សា ហើយបានជាប់ចំណាត់ថ្នាក់ ជាសាកលវិទ្យាល័យល្បីនៅកម្ពុជា ព្រមទាំងទទួលបានការគាំទ្រ ពីគ្រប់មជ្ឈដា្ឋននៃអ្នកសិក្សាផងដែរ។
ក្នុងបទបង្ហាញ របស់លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ីង ថូរ៉ាក់ស៊ី លោកបានពន្យល់បកស្រាយយ៉ាងពិស្តារ អំពីយន្តការនានាដែលជំរុញឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន ដូចជា វិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងកសិកម្ម ដែលជាផ្នែកស្នូលចម្បងកំពុងមានការរីកចម្រើនយ៉ាងខ្លាំង នៅកម្ពុជានាពេលបច្ចុប្បន្ន។ លោកសាស្រ្តាចារ្យ បានលើកឡើងថា កម្ពុជាកំពុងខិតខំបង្កើនការនាំចេញ តាមរយៈតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតឡើងជាបន្តបន្ទាប់ក្នុងគោលបំណងទាក់ទាញ និងសម្រួលការវិនិយោគផ្ទាល់ ពីបរទេស ក្នុងនោះលោកសាស្រ្តាចារ្យ បានបញ្ជាក់ថា អ្នកវិនិយោគទុនមុននឹងគេ មកធ្វើការវិនិយោគនៅប្រទេសណាមួយ គឺគេត្រូវពិនិត្យ និងសិក្សាស្រាវជ្រាវទៅ លើគន្លឹះសូចនាករសេដ្ឋកិច្ច សំខាន់ៗ ដូចខាងក្រោម ១)ទំហំផ្ទៃដីរបស់ប្រទេស, ២)ចំនួនប្រជាជន, ៣)អត្រាកំណើត, ៤)ផលិតផលសរុបក្នុងស្រុក(ផសស), ៥)ផលិតផលសរុប ក្នុងស្រុកគិតជាមធ្យមសម្រាប់ ប្រជាពលរដ្ឋម្នាក់ៗ, ៦)កត្តាអតិផរណា និង៧) អត្រាប្តូរប្រាក់ក្នុង ប្រទេសជាដើម។
ចំណែកកត្តា ដែលទាក់ទាញការវិនិយោគក្នុងស្រុក និងការវិយោគផ្ទាល់ពីបរទេស គឺមានកត្កាគោលនយោបាយវិនិយោគ ចំនួនបីសំខាន់ៗ គឺ១)គោលនយោបាយបើចំហរទ្វារ ដូចជាការផ្តល់សិទ្ធិភាពជាម្ចាស់ លើការវិនិយោគពីបរទេសមួយរយភាគរយ មិនធ្វើជាតិតូនីយកម្មទៅលើការវិនិយោគគ្រប់ប្រភេទ មិនមានកំណត់លក្ខខណ្ឌ អត្រាប្តូរប្រាក់បរទេស មិនមានការត្រួតត្រាលើដើមទុនជាដើម។ ២)គោលនយោបាយលើកទឹកចិត្តផ្នែកពន្ធ ដូចជា មិនគិតពន្ធលើការនាំចូលលើ គ្រឿងសម្ភារ គ្រឿងចក្រ ម៉ាស៊ីនសម្រាប់ផលិត មិនយកពន្ធទៅលើវត្ថុធាតុដើម សម្រាប់ការវិនិយោគ។ល។ និង ៣) ការបង្កលក្ខណៈងាយស្រួល ដល់ការវិនិយោគបង្កើតនូវនីតិវិធី និងបែបបទផ្សេងៗ ដែលមិនលក្ខណៈស្មុគស្មាញដល់វិយោគិន ដើម្បីឲ្យពួកគេមកបណ្តាក់ទុន នៅប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត។ លោកវាគ្មិន បានបន្ថែមថា កត្តាដែលដែលជំរុញធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន មានពីរកត្តាសំខាន់គឺ ១)កត្តាស្ថិរភាពនយោបាយក្នុងប្រទេស និង ២)កត្តាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច របស់ប្រទេស។
លោកសាស្រ្តាចារ្យបណ្ឌិត ហ៊ីង ថូរ៉ាក់ស៊ី បានធ្វើការប្រៀបធៀប និងឆ្លុះបញ្ចំងពីការអភិវឌ្ឍ នៃសេដ្ឋកិច្ចកម្ពុជាពីប្រព័ន្ធសេដ្ឋកិច្ចនីមួយៗ តាមរបបនយោបាយ នៃអន្តរការផងដែរ។ លោកបណ្ឌិតសាស្ត្រាចារ្យ បានសង្កត់ធ្ងន់ថា សព្វថ្ងៃសេដ្ឋកិច្ចនៃប្រទេសកម្ពុជាយើង កំពុងមានកំណើនជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលផលិតផលក្នុងស្រុកសរុប (GDP) មានការកើនឡើង ៧%ក្នុងមួយឆ្នាំ។ ចំណែកឯផលិតផលសរុប ក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ជាមធ្យមប្រមាណជាង១,៣០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ៕