(ភ្នំពេញ)៖ ភ្លើងសង្រ្គាមដែលបានគ្របដណ្តប់ លើដែនដីកម្ពុជរដ្ឋរយៈពេលជិត ៣ទសវត្សរ៍ចុងក្រោយនេះ បានក្លាយទៅសោកនាដកម្មដ៏សែនខ្លោចផ្សារជាទីបំផុត។ ភ្លើងសង្រ្គាមដ៏កំណាចនេះមិនត្រឹមតែបានបំផ្លេចបំផ្លាញ មាតុភូមិកម្ពុជាឲ្យខ្ទេចខ្ទីស្ទើរក្លាយជាផេះផង់ ប៉ុណ្ណោះទេ វាក៏បានធ្វើឲ្យពលរដ្ឋដ៏ស្លូតត្រង់របស់កម្ពុជាស្លាប់បាត់បង់ជីវិត រងទុក្ខវេទនា និរាសព្រាត់ប្រាស់ និងធ្លាក់ខ្លួនពិការរហូតមកដល់បច្ចុប្បន្នផងដែរ។

លោក រស់ សុខា ជាអតីតយុទ្ធជនមួយរូបក្នុងចំណោមអតីតយុទ្ធជន និងប្រជាពលរដ្ឋខ្មែររាប់លាននាក់ដទៃទៀត ដែលបានក្លាយជាជនរងគ្រោះដ៏សែនខ្លោចផ្សាពីភ្លើងសង្រ្គាមនេះ។ ដៃទាំងពីររបស់លោក រស់ សុខា បានដាច់ដោយសារអំបែងគ្រាប់នៅលើសមរភូមិសង្រ្គាម ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ពេលប្រយុទ្ធជាមួយកងកម្លាំងតស៊ូរបស់កងទ័ពខ្មែរក្រហមនាអំឡុងទសវត្សរ៍ឆ្នាំ៨០។

ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News អតីតយុទ្ធជនរងគ្រោះព្រោះភ្លើងសង្រ្គាមរូបនេះបានរំលឹកថា ក្នុងពេលត្រូវអំបែងគ្រាប់លើសមរភូមិនោះ រូបលោកត្រូវបានគេទុកចោលរហូតដល់ទៅមួយយប់មួយថ្ងៃ ទើបបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងខេត្តសៀមរាប ព្រោះយុទ្ធជនរួមសមរភូមិដទៃទៀតគេស្មានថា រូបលោកស្លាប់បាត់បង់ជីវិតទៅហើយ។

បើទោះបីក្រុមគ្រូពេទសង្រ្គោះជីវិតឲ្យរួចផុតពីមាត់ទ្វារមជ្ជុរាជ តែអតីតយុទ្ធជនដែលធ្លាប់អង់អាចក្លាហានស្ពាយកាំភ្លើង លូនក្រាបប្រយុទ្ធលើសមរភូមិរូបនេះ មិនបានរីករាយ និងក្លាហានតស៊ូដើម្បីរស់ទៀតនោះឡើយ ព្រោះដៃទាំងពីររបស់លោកត្រូវកាត់ដាច់។ ការបាត់បង់ដៃ ទាំងពីរបានក្លាយទៅជាក្តីអស់សង្ឃឹមយ៉ាងខ្លាំងសម្រាប់រូបលោក រហូតពេលខ្លះប៉ុនប៉ងធ្វើអត្តឃាតបញ្ចប់ជីវិតថែមទៀតផង។

លោក រស់ សុខា ដែលបច្ចុប្បន្នមានវ័យ៦១ឆ្នាំ បានរៀបរាប់ពីក្តីអស់សង្ឃឹមនាពេលនោះថា «ភ្លាមៗចេញពីពេទ្យមកគេដេរសារ៉ុង ឲ្យស្លៀកដូចកូនក្មេងអ៊ីចឹង! ថ្នាំពេទ្យនៅក្បាលដំណេកឲ្យតែគេដេកលក់នឹងលេបថ្នាំឲ្យទាល់តែស្លាប់ គេចេះតែនៅយាមគេប្រយ័ត្ន អត់ប្រហែស សម្លាប់ខ្លួនអត់បាន។ ដល់គេចេះតែប្រយ័ត្ន ចេះតែយាមគេមិនទៅណាចោលរកតែពេលលេបថ្នាំសម្លាប់ខ្លួនអត់បាន»។

បំណងសម្លាប់ខ្លួន និងក្តីអស់សង្ឃឹមត្រូវបានរសាយបន្តិចម្តងៗ បន្ទាប់ពីរូបលោកទទួលបានការពន្យល់ណែនាំតាមផ្លូវធម៌ និងពុទ្ធោវាទ របស់ព្រះសម្មាសម្ពុទ្ធពីតាអាចារ្យនៅខ្មែរភូមិ និងក្រោយពេលដែលរូបលោកអាចសមជាមួយ ភាពពិការហើយជួយធ្វើការងារ ភរិយាបានខ្លះៗ។

«បានតាអាចារ្យម្នាក់ដែរ ល្ងាចៗឡើងមកអង្គុយនិយាយពីរឿងធម៌អាថ៌ កម្មព្រេង កម្មផលអី ពន្យល់ចេះតែស្ងប់អារម្មណ៍លែងសូវគិត។ រហូតដល់ខ្ញុំច្នៃចេះជិះកង់កើតអាហ្នឹងលែងគិតតែម្តង គិតតែពីជិះកង់រកស៊ីចិញ្ចឹមកូនប្រពន្ធ»។ អតីតយុទ្ធ សុខា បញ្ជាក់បន្ថែម។

ពិការភាពដៃទាំងសងខាងនេះ ធ្វើឲ្យលោក សុខា រស់ដោយការបញ្ចុកបាយពីភរិយា និងកូនរយៈពេល៤ឆ្នាំ ទើបលោកអាចរកវិធី ហូបបាយ បានដោយខ្លួនឯង ហើយនៅមានភាពលំបាកជាច្រើនទៀតក្នុងការរស់នៅប្រចាំថ្ងៃ ដែលទាមទារឲ្យរូបលោកត្រូវហាត់ រៀនជាថ្មី។

នៅពេលសួរថា តើមានការសោកស្តាយដែរឬទេ ដែលភ្លើងសង្រ្គាមធ្វើឲ្យលោក សុខា ត្រូវពិការដៃទាំងសងខាងបែបនេះ?

លោក សុខា បានតបថា ទំហំនៃការសោកស្តាយចំពោះការបាត់បង់ដៃទាំងសងខាងនោះ គ្មានអ្វីប្រៀបផ្ទឹមបានឡើយសម្រាប់ ជីវិតរបស់លោក តែលោកក៏គ្មានជម្រើសដែរ គ្រាដែលប្រទេសជួបភ្លើងសង្រ្គាមបែបនេះ។ លោក រស់ សុខា បានថ្លែងថា «ស្តាយ! ស្តាយហើយ! ប៉ុន្តែមិនដឹងធ្វើម៉េច? តាមកាលៈទេសៈតាមសង្គម តាមជំនាន់អ៊ីចឹង យើងរស់នៅក្រោម»

ក្រោយការប្រឹងប្រែងជម្នះព្យុះនៃទុក្ខវេទនាក្នុងជីវិតដោយសារពិការភាព បច្ចុប្បន្នលោក រស់ សុខា កំពុងរស់នៅក្នុងជីវភាពមួយ សមរម្យដូចប្រជាពលរដ្ឋទូទៅក្នុងផ្ទះថ្មមួយខ្នង រួមនិងដីមួយឡូតិ៍ស្ថិតនៅមជ្ឈមណ្ឌលយោធិនពិការ ៣១៧គូលេន ក្នុងខេត្តសៀមរាប ដែលជារបបគោលនយោបាយផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា។

លោក រស់ សុខា មានកូនប្រុស-ស្រី ៦រូប ក្នុងនោះកូន៥រូប បានរៀបចំឲ្យមានគូរ ស្រករអស់ហើយ នៅសល់តែកូនស្រីម្នាក់ប៉ុណ្ណោះ រស់នៅជាមួយរូបលោក និងកំពុងរៀនថ្នាក់ទី៨។ ក្រៅពីការទទួលបានប្រាក់បៀវត្សរ៍ប្រមាណជា ១លានរៀលជារៀងរាល់ខែហើយនោះ លោក សុខា បើទោះទៅបីដៃទាំងសងខាងពិការយ៉ាងណាក្តី លោកនៅតែឆ្លៀតប្រកបរបរដាំដំណាំផ្សេងៗដូចជាដំឡូងជាដើម ដើម្បីរកថវិកាបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

លោក សុខា បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ចំពោះរូបគាត់ ក៏ដូចយោធិនពិការ និងអតីតយុទ្ធជនដទៃទៀត ឲ្យរស់នៅក្នុងជីវភាពមួយសមរម្យ។

អតីតយុទ្ធជនត្រូវបានចាត់ទុកជាអ្នកមានគុណបំណាច់យ៉ាងធំធេងសម្រាប់បុព្វហេតុជាតិមាតុភូមិ ជាពិសេសការរួមចំណែកស្វែងរក សុខសន្តិភាព បិទបញ្ចប់នូវទុក្ខវេទនារបស់ប្រជាពលរដ្ឋពីក្នុងភ្នក់ភ្លើងសង្រ្គាម។ បើតាមគុណបំណាច់នេះ គួរណាស់តែអតីតយុទ្ធជន ត្រូវទទួល បានគោរពពីមហាជនទូទៅ។ ផ្ទុយទៅវិញ គុណបំណាចដែលបានពលីលើសមរភូមិដូចជាលោក រស់ សុខា រហូតពិការ ដៃទាំងសងខាង បែរជាត្រូវទទួលការតបស្នងដោយការពេបជ្រាយពីសាធារណជន មួយចំនួនទៅវិញនៅពេលគាត់ ទៅកាន់ទីសាធារណៈ ឬចូលផ្សារជាដើម។ លោក សុខា បានស្នើសុំដល់ទឹកចិត្តរបស់សាធារណជនទូទៅកុំឲ្យមានការរើសអើង ពេបជ្រាយ និងមើលងាយទៅ លើជនពិការ ព្រោះគ្រប់ ជនពិការមិនមែនសុទ្ធតែអសមត្ថភាពនោះឡើយ។

អតីតយុទ្ធជនធ្លាក់ខ្លួនពិការក្នុងសមរភូមិសង្រ្គាមរូបនេះ ក៏បានបង្ហាញការឆ្អែតឆ្អន់ចំពោះភ្លើងសង្រ្គាម និងបានបង្ហាញអារម្មណ៍ពេញចិត្ត ពេញថ្លើមខ្លាំងផងដែរចំពោះសុខសន្តិភាពនាពេលបច្ចុប្បន្ន ព្រមទាំងបានទទួចសុំឲ្យអ្នកនយោបាយ និងអ្នកកំពុងរស់ក្រោមដំបូល សន្តិភាព នាពេលបច្ចុប្បន្ន ត្រូវចេះរួមគ្នាបញ្ចៀសឲ្យបាននូវភ្លើងសង្រ្គាមកុំឲ្យមកគ្រប់ដណ្តប់លើដែនដីកម្ពុជាជាថ្មី៕