(ភ្នំពេញ)៖ សមត្ថកិច្ចនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងជំនាញ, អាជ្ញាធរដែនដី និងវត្តមានចូលរួម ពីសំណាក់ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ លោក លី សុផាណា នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងផលិត និងចែកចាយទឹកក្រូច មួយកន្លែងមានយីហោឈ្មោះ «Smile» ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃរឹង សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ដោយសង្ស័យថា បើកអាជីវកម្មគ្មានច្បាប់អនុញ្ញាត ពីស្ថាប័នពាក់ព័ន្ធ។
លោក អ៊ុ ម៉ូនី អនុប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជាប្រធានក្រុមប្រតិបត្តិការ ប្រចាំរាជធានីភ្នំពេញ បានថ្លែងឲ្យដឹង ក្រោយពីប្រតិបត្តិការ ឆែកឆែររួចរាល់ ថា ដោយអនុវត្តតាមការណែនាំ ពីលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំ របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងដោយមានការសម្របសម្រួលពីលោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ដឹកនាំដោយរូបលោកផ្ទាល់ បានសហការជាមួយមន្រ្តីកាំកុងត្រូល, វិទ្យាស្ថានស្តង់ដាកម្ពុជា, ការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច រាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំង ផលិតទឹកក្រូចមួយកន្លែង នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃរឹង សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អនុប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជាប្រធានក្រុមប្រតិបត្តិការ ប្រចាំរាជធានីភ្នំពេញរូបនេះ បានបន្តឲ្យដឹងទៀតថា នៅពេលត្រួតពិនិត្យសមត្ថកិច្ចចម្រុះ បានរកឃើញដូចជា ទី១ការបើកសិប្បកម្ម គ្មានច្បាប់អនុញ្ញាត បើកអាជីវកម្មពីមន្ទីរឧស្សាហកម្ម,ទី២ គ្មានវិញ្ញាបនប័ត្រចុះបញ្ជីផលិតផល,ទី៣ គ្មានវិញ្ញាបនប័ត្រចុះស្លាកសញ្ញា,ទី៤ពុំមានលើកផ្លាកយីហោសិប្បកម្ម និងទី៥ គ្មានឯកសារពាក់ព័ន្ធនឹងការផលិត។ ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ សមត្ថកិច្ចបានរកឃើញផលិតផលសម្រេច ទឹកក្រូចម៉ាក «Smile» គ្មានកាលបរិច្ឆេទប្រើប្រាស់ រួមមាន ទឹកក្រូចចំណុះ ២លីត្រចំនួន១.៦៩២ដប, ទឹកក្រូចចំណុះ១,២៥ លីត្រចំនួន ៣.២៥២ដប,ទឹកក្រូចចំណុះ៤០០មីលីលីត្រ ចំនួន ៦២,៩៤០ ដប ស្មើនឹង ៣២,៦២៥តោន។
លោក អ៊ុ ម៉ូនី បានសង្កត់ធ្ងន់ ឲ្យដឹងទៀតថា ដោយមានការឯកភាព ពីព្រះរាជអាជ្ញារង លី សុផាណា បានឲ្យម្ចាស់ទីតាំងថែរក្សាវត្ថុតាង រង់ចាំលទ្ធផលពិសោធន៍ ពីស្ថាប័នជំនាញកាំកុងត្រូល វិទ្យាស្ថានស្តង់ដាកម្ពុជា ហើយតម្រូវឲ្យម្ចាស់ទីតាំងចូលខ្លួនមកបំភ្លឺ បន្តនិតិវិធីនៅនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ។