(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈវិស្វករកម្ពុជា បានជំរុញណែនាំដល់គណៈវិស្វករជាតិ ត្រូវបណ្តុះបណ្តាល និងគ្រប់គ្រងវិស្វករដែលចុះបញ្ជីទូទាំងប្រទេស ឲ្យបានខ្លាំងក្លាជាងមុន ដើម្បីអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈរបស់ខ្លួន ប្រកបដោយស្តង់ដាជាតិ និងអន្តរជាតិ សំដៅជំរុញការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ។
លោករដ្ឋមន្រ្តីជំរុញបែបនេះ ក្នុងឱកាសចូលជួបជាមួយគណៈវិស្វករកម្ពុជា នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងការងារ ដើម្បីធ្វើបទបង្ហាញអំពីចក្ខុវិស័យ និងសារៈប្រយោជន៍របស់គណៈវិស្វករកម្ពុជា ព្រមទាំងទទួលយកអនុសាសន៍ពីលោករដ្ឋមន្រ្តី សម្រាប់យកទៅអនុវត្តការងារបន្តឱ្យមានប្រសិទ្ធភាព។
លោកប្រាប់ដល់គណៈវិស្វករកម្ពុជាយ៉ាងដូច្នេះថា «ត្រូវបន្តប្រមូលផ្តុំ បណ្តុះបណ្តាលបន្ត និងគ្រប់គ្រងវិស្វករចុះបញ្ជីទូទាំងប្រទេស ធ្វើយ៉ាងណាសំដៅអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈ ឱ្យមានស្តង់ដាជាតិ និងអន្តរជាតិ ជំរុញការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ»។
លោកក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះគណៈវិស្វករកម្ពុជា ដែលកន្លងមកបានរួមចំណែកយ៉ាងសកម្ម ក្នុងការរៀបចំវិជ្ជាជីវៈវិស្វកម្ម ឱ្យកាន់តែល្អប្រសើរ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់វិស្វករ ព្រមទាំងរួមចំណែកថែរក្សា និងលើកស្ទួយអត្តសញ្ញាណជាតិ ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងក្រមសីលធម៌គ្រប់ជំនាញ ដើម្បីធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្ម មានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវ។
សូមរំឭកថា គណៈវិស្វករកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ ដែលមានឈ្មោះដើមថា ស្ថាប័នវិស្វកម្មកម្ពុជា (ស.វ.ក) ដែលបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំវិស្វករជាតិ ដើម្បីការពារផលប្រយោជន៍វិស្វករ និងលើកកម្ពស់សមត្ថភាព បញ្ញាវន្តវិស្វករជាតិ តាមរយៈការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងទំនាក់ទំនងការងារជូនសមាជិក ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានកិត្តិយស និងសម្តេចវិបុលបញ្ញា សុខ អាន ជាប្រធានក្រុមប្រឹក្សាភិបាល៕