(ភ្នំពេញ)៖ ស្របពេលកម្ពុជាកំពុងសម្រួចទិសដៅឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានរៀបចំសិក្ខាសាលាថ្មីមួយទៀត ស្ដីអំពី «ការអភិវឌ្ឍន៍ថ្នាល និងរបៀបធ្វើការជាក្រុម» ដោយអញ្ជើញអ្នកជំនាញកីឡាល្បីៗ ២រូបមកពីអាល្លឺម៉ង់ និងជប៉ុនដើម្បីចែករំលែកបទពិសោធន៍ និងបង្ហាញពីគន្លឹះសំខាន់ៗក្នុងការបណ្ដុះបណ្ដាលថ្នាលឲ្យកាន់តែមានគុណភាពខ្ពស់ សម្រាប់ការត្រៀមទទួលសិទ្ធិជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ានខាងលើ។
សិក្ខាសាលានេះ ត្រូវបានប្រកាសបើកដំណើរកាលនាល្ងាចថ្ងៃទី០៩ ខែឧសភានេះ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងក្រសួងទេសចរណ៍ និងជាប្រធាន NOCC រួមទាំងលោក Joerg Teichmann អ្នកជំនាញវិទ្យាសាស្ដ្រកីឡាមកពីអាល្លឺម៉ង់ និងលោក Kengji Nakamura អ្នកជំនាញភាពជាអ្នកដឹកនាំការងារជាក្រុម រួមទាំងសិក្ខាកាម ដែលជាមន្ដ្រីរដ្ឋបាល និងគ្រូបង្វឹករបស់សហព័ន្ធកីឡាជាតិចំនួន ៧០នាក់ ដើម្បីចូលរួមសិក្ខាសាលានេះ ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១២ ខែឧសភាខាងមុខ នៅទីស្នាក់ការរបស់ NOCC។
លោក ថោង ខុន បានថ្លែងក្នុងឱកាសនោះថា ទោះបីវគ្គនេះមានរយៈពេលខ្លី ប៉ុន្ដែវាផ្ដល់អភិវឌ្ឍន៍យ៉ាងច្រើន នៅក្នុងការជំរុញការអភិវឌ្ឍន៍វិស័យកីឡាកម្ពុជាឲ្យកាន់តែចម្រើន តាមរយៈការផ្ដល់នូវពុទ្ធិ បច្ចេកទេស និងឥរិយាបថភាពជាអ្នកដឹកនាំថ្មីៗ ដល់សិក្ខាកាម ដែលជាអ្នកបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីថ្នាល ។
ពិសេសគឺការអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចគោលដៅឆ្ពោះទៅរកឧត្ដមភាពកីឡាជំនាញនីមួយៗ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លោករដ្ឋមន្ដ្រីបន្ដថា «ខ្ញុំគិតថា ការអភិវឌ្ឍន៍អត្តពលិកថ្នាល ហាក់បីដូចជាចំណេះដឹងថ្មីសម្រាប់គ្រូបង្វឹក និងមន្ដ្រីបច្ចេកទេសកីឡាទាំងអស់នាពេលនេះ ព្រោះកន្លងមកយើងបណ្ដុះបណ្ដាលតែជំនាញលើអត្តពលិកពេញវ័យ ហើយការអនុវត្តសកម្មភាពហ្វឹកហាត់ភាគច្រើនតែទៅលើក្រុមជម្រើសជាតិពេញវ័យ បើទោះបីប្រភេទកីឡាខ្លះ ទើបមានក្រុមអត្តពលិកថ្នាលវ័យក្មេងក៏ដោយ ក៏ចំណេះដឹងជំនាញបង្ហាត់មិនទាន់ច្បាស់លាស់នៅឡើយក្នុងរយៈពេលមួយឆ្នាំពីរឆ្នាំកន្លងមកនេះ»។
បន្ថែមលើនេះ លោកបានជំរុញឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ក្នុងការសិក្សា ដើម្បីទទួលបានចំណេះដឹងថ្មីៗពីអ្នកជំនាញកីឡាខាងលើ ហើយសិក្ខាកាមទាំងអស់ ក៏ត្រូវយកចិត្តទុកដាក់បន្ថែម លើការបណ្ដុះបណ្ដាលថ្នាលវ័យក្មេង ដែលមានគរុកោសល្យ និងវិធីសាស្ដ្រហ្វឹកហាត់ជំនាញដោយឡែកពីអត្តពលិកពេញវ័យ តាមរយៈទ្រឹស្ដីកីឡានៃការហ្វឹកហាត់របស់អត្តពលិកវ័យក្មេង ដោយគោរពតាមគោលការណ៍ «ហ្វឹកហាត់ពីងាយទៅលំបាក ពីលំបាកទៅស្មុគស្មាញ និងពីស្មុគស្មាញមកងាយស្រួលវិញ»៕