(ត្បូងឃ្មុំ)៖ អគារដ្ឋបាល អគារស្នាក់នៅ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងខេត្តត្បូងឃ្មុំ ដែលជាខេត្តថ្មីមួយរបស់កម្ពុជានោះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ។ ប្រជាពលរដ្ឋបានសម្តែងក្តីរីករាយ និងសាទរចំពោះវត្តមានទីរួមខេត្តថ្មី ហើយរំពឹងថា ទីរួមខេត្តដែលជាអតីតព្រៃម៉ៃសាក់នេះ នឹងធ្វើឲ្យជីវភាពរបស់ពួកគាត់ប្រែប្រែលល្អប្រសើរ ជាងពេលបច្ចុប្បន្នផងដែរ។
បន្ទាប់ពីចំណាយពេលសាងសង់អស់រយៈពេលប្រមាណជាពីរឆ្នាំ អគារសាលាខេត្ត អគារដ្ឋាបាល អគារស្នាក់នៅរបស់មន្រ្តី និងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធមួយចំនួនទៀត របស់សាលាខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ថ្លែងសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋរាប់ពាន់នាក់ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីនៃខេត្តត្បូងឃ្មុំនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា សម្តេចមានប្រវត្តិជាច្រើននៅលើទឹកដីត្បូងឃ្មុំនេះ ក្នុងអំឡុងពេលប្រទេសមានសង្រ្គាម ដែលសម្តេចបានចូលធ្វើជាកងទ័ព តស៊ូតាំងពីអាយុ ១៨ឆ្នាំ ដើម្បីប្រយុទ្ធជាមួយកងទ័ពចក្រពត្តិអាមេរិក និងកងទ័ពវៀតណាមខាងត្បូង ដែលចូលមកឈ្លានពានប្រទេសកម្ពុជា។ សម្តេចបន្តថា ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ បានចូលរួមជួយយកអាសារសម្តេចនៅអំឡុងពេលតស៊ូនោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សមិទ្ធផលរបស់ប្រទេសជាតិ រួមទាំងសាលាខេត្តត្បូងឃ្មុំនេះផងដែរ បានកើតចេញពីប្រទេសជាតិមានសុខសន្តិភាព បន្ទាប់ពីភ្លើងសង្រ្គាមបានបិទបញ្ចប់ តាមរយៈការចរចាស្វែងរកសន្តិភាពជាមួយអ្នកនយោបាយគ្រប់ភាគី ជាពិសេសការដាក់ចេញយុទ្ធសាស្រ្តឈ្នះឈ្នះនាំយកទាហានខ្មែរក្រហមពីក្នុងព្រៃ ធ្វើឲ្យកម្ពុជាមានស្ថេរភាព និងបិទបញ្ចប់ភ្លើងសង្រ្គាមទាំងស្រុង។ សម្តេចតេជោ ហ៊ុន សែន បានទទូចឲ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាព ដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីផ្តល់ឱកាសឲ្យប្រទេសជាតិមានការអភិវឌ្ឍជាបន្តទៅទៀត។
ជាមួយការសម្ពោធដាក់ឲ្យសមិទ្ធផល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅទីរួមខេត្តត្បូងឃ្មុំនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញមកទស្សនាទីរួមខេត្តថ្មីនេះ ព្រមទាំងអំពាវនាវឲ្យមានការសាងសង់ផ្ទះលក់ដោយបង់រំលោះក្នុងតម្លៃទាបជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋ និងអំពាវនាវឲ្យមានការសាងសង់សណ្ឋាគារនៅទីរួមខេត្តនេះផងដែរ ដើម្បីបម្រើដល់វិស័យទេសចរណ៍ ត្បិតខេត្តនេះតំបន់ប្រវត្តិសាសន៍ គឺអតីតរាជធានីក្នុងរជ្ជកាលព្រះស្តេចកន។
ការបង្កើតឲ្យមានទីប្រជុំជនខេត្តត្បូងឃ្មុំលើទឹកដីអតីតសមរភូមិ និងដីព្រៃម៉ៃសាក់នេះ បានធ្វើឲ្យប្រជាពលរដ្ឋបង្ហាញការសាទរ និងរីករាយខ្លាំងចំពោះគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ពួកគេរំពឹងថា ដែនដីដែលធ្លាប់ស្ងាត់ជ្រងុំនេះ នឹងក្លាយទៅជាអ៊ូអរ ហើយក៏នឹងជួយឲ្យជីវភាពល្អប្រសើរផងដែរ។
សមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាព្រឹកមិញនេះ រួមមាន៖ អគាររដ្ឋបាលប្រមូលផ្តុំ និងអគារស្នាក់នៅរបស់មន្រ្តីរាជការ, ប្រព័ន្ធផ្លូវដោយមានការរៀបចំបណ្តាញលូទឹកភ្លៀង ទឹកកខ្វក់ និងផ្លូវជាច្រើនខ្សែ ព្រមទាំងអាងស្តុកទឹកប្រើប្រាស់ ដែលអាចស្តុកទឹកបានប្រមាណបីលានម៉ែត្រគូប និង ស្ថានីយផលិតទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកស្អាត ២០៨ម៉ែត្រគូបក្នុងមួយម៉ោង។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាព្រឹកមិញនេះ គ្រាន់តែជាសមិទ្ធផលក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ ហើយនៅមានសមិទ្ធផលជាច្រើន នឹងត្រូវសាងសង់ឡើងជាបន្តបន្ទាប់ទៀត។ ឆ្លើយតបសំណូមពរមន្រ្តីសាលាខេត្តត្បូងឃ្មុំ ដែលធ្វើឡើងតាមទំព័រ Facebook នោះ សម្តេចតេជោ ក៏បានរៀបចំឲ្យការសាងសង់សាលាពីកម្រិតបឋម ដល់វិទ្យាល័យ ព្រមទាំងអគារស្នាក់នៅរបស់គ្រូ និងសិស្សនៅទីប្រជុំជនខេត្តត្បូងឃ្មុំនេះផងដែរ ដើម្បីសម្រួលការលំបាករបស់កូនចៅប្រជាពលរដ្ឋ។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានឲ្យដឹងដែរថា នៅក្នុងពេលខាងមុខ រដ្ឋាភិបាលចិន នឹងសាងសង់មន្ទីរពេទ្យបង្អែកដ៏ធំមួយនៅក្នុងទីរួមខេត្តត្បូងឃ្មុំ ដើម្បីផ្តល់សេវាសុខាភិបាលឲ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋនៅតំបន់នេះ។
បើទោះបីជាយ៉ាងណាមុននិងបញ្ចប់កិច្ចសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន មិនភ្លេចនោះទេក្នុងការជំរុញឲ្យមន្រ្តីរាជការក្នុងខេត្តត្បូងឃ្មុំ ប្រឹងប្រែងផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពោលមិនមែនមានអគារល្អ និងងាយស្រួលធ្វើការតែការផ្តល់សេវាជូនប្រជាពលរដ្ឋគ្មានប្រសិទ្ធភាពនោះទេ។
សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំ គឺជាខេត្តថ្មីមួយរបស់កម្ពុជា ដែលបានបំបែកចេញពីខេត្តកំពង់ចាម មានផ្ទៃដីសរុប ៥,២៥០.៥១គីឡូម៉ែត្រក្រឡា មានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពង់ចាម ខាងត្បូងជាប់នឹងខេត្តព្រៃវែង ខាងជើងជាប់នឹងខេត្តក្រចេះ ខាងកើតជាប់ប្រទេសវៀតណាម ចែកចេញជា ៦ស្រុក ០១ក្រុង ៦២ឃុំ ០២សង្កាត់ ៨៧៣ភូមិ មានប្រជាពលរដ្ឋសរុប ១៨៤,០០០គ្រួសារ ស្មើនិង ៨៤៤,០០០នាក់។
ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ បន្ទាប់ពីខេត្តត្បូងឃ្មុំត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រាជរដ្ឋាភិបាលបានសម្រេចកំណត់ប្លង់គោល កសាងទីក្រុងនៃទីរួមខេត្តលើផ្ទៃដីទំហំប្រមាណពីរពាន់ហិកតា ក្នុងនោះមានដីរបស់រដ្ឋស្ថិតក្នុងចំការព្រៃម៉ៃសាក់ចំនួន៣២២ហិកតា ហើយហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអាទិភាពទីក្រុងនៃទីរួមខេត្តត្បូងឃ្មុំ ត្រូវបានបើកដ្ឋានសាងសង់កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បច្ចុប្បន្នខេត្តត្បូងឃ្មុំ មានសាកលវិទ្យាល័យចំនួនមួយ វិទ្យាល័យចំនួន ២៣កន្លែង អនុវិទ្យាល័យ៥៤ និងបឋមសិក្សាចំនួន ៣៩៥កន្លែង៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖