(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសផ្លូវការមួយ ជុំវិញករណីទាហានមួកខៀវកម្ពុជា ស្លាប់ របួស និងបាត់ខ្លួន នៅប្រទេសអាហ្រ្វិកកណ្តាល នេះបើយោងតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច។
តាមសេចក្តីប្រកាសនេះ ក្រសួងការពារជាតិ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងបានចូលរួមរំលែកទុក្ខ ចំពោះការពលីជីវិតប្រកបដោយ កិត្តិយសថ្លៃថ្នូរ និងវីរភាពដ៏អង់អាចក្លាហាន នៃកុលបុត្រកម្ពុជា ដែលបានលះបង់ជីវិតក្នុងការបំពេញបេសកកម្មមនុស្សធម៌អន្តរជាតិ ក្រោមឆ័ត្រ អ.ស.ប នៅសាធារណរដ្ឋអាហ្រ្វិចកណ្តាល។
ក្រសួងការពារជាតិ ក៏កំពុងសហការជាមួយអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រឹងប្រែងស្វែងរកយុទ្ធជនកម្ពុជា ដែលនៅកំពុងបាត់ខ្លួន៣នាក់ទៀត។
សូមបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ មានការវាយប្រហារ ដោយក្រុមឧទ្ទាម ទៅលើក្បួនយុទ្ធដំណើររបស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ បណ្តាលឱ្យកម្លាំងកម្ពុជាម្នាក់ស្លាប់ ម្នាក់រងរបួស និងបាត់ខ្លួន៣នាក់។
របាយការណ៍ បានឱ្យដឹងថា ទាហានមួកខៀវកម្ពុជាដែលរងគ្រោះ និងបាត់ខ្លួននោះរួមមាន៖
១៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរប៊ុលដូស៊ែរ (បានស្លាប់)
២៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ឯក) ធុច ធីម បុគ្គលិកបើកបររថយន្តបែន (រងរបួសដៃឆ្វេង)
៣៖ លោកអនុសេនីយ៍ត្រី (ព្រិន្ទបាលទោ) ស៊ាន នរិន្ទ ជំនួយការត្រួតពិនិត្យគុណភាព (បានបាត់ខ្លួន)
៤៖ លោកពលបាលឯក (ព្រិន្ទបាលទោស) មុំ តុលា ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ (បានបាត់ខ្លួន)
៥៖ លោកអនុសេនីយ៍ត្រី (អនុសេនីយ៍ឯក) ម៉ៅ អេង បុគ្គលិកពេទ្យ (បាត់ខ្លួន)
ចំណែកឯទាហានប្រទេសម៉ារ៉ុក ដែលចូលរួមជាមួយក្បួនខាងលើ ក៏មានអ្នកបាត់ខ្លួនម្នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៥នាក់ផងដែរ៕