(ភ្នំពេញ)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ បានចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ជីវិត ទាហានមួកខៀវម្នាក់ ក្នុងពេលបំពេញបេសកកម្មការងារ នៅប្រទេសអាហ្រ្វិកកណ្តាល។ នេះបើយោងតាមការបង្ហោះឲ្យដឹងនៅលើ Facebook ផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា ចុះផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ។
Facebook ផ្លូវការរបស់អាមេរិក បានបង្ហោះយ៉ាងដូច្នេះថា «សូមសំដែងសមានទុក្ខដ៏ជ្រាលជ្រៅបំផុត ចំពោះការបាត់បង់ជីវិតដ៏គួរឲ្យសោកស្តាយ នៃទាហានថែរក្សាសន្តិភាពកម្ពុជាម្នាក់ ដែលតាមសេចក្តីរាយការណ៍មកថា ត្រូវបានសំលាប់នៅក្នុងសាធារណរដ្ឋអាហ្រ្វិកកណ្តាល កាលពីយប់ថ្ងៃចន្ទ។ យើងថែមទាំងបានលឺថា ទាហានថែរក្សាសន្តិភាពកម្ពុជាមួយចំនួនទៀតប្រហែលជាបានបាត់ខ្លួន។ យើងសូមចូលរួមរំលែកទុក្ខជាមួយគ្រួសារ មិត្តភក្តិ និងសហការីនៃទាហានដ៏ក្លាហានទាំងនេះ»។
គួរបញ្ជាក់ថា ទាហានមួកខៀវកម្ពុជាម្នាក់បានស្លាប់ ម្នាក់ទៀតរងរបួស និង៣នាក់ទៀតកំពុងបាត់ខ្លួន ក្រោយការវាយប្រហារ ដោយពួកឧទ្ទាមមួយ នៅប្រទេសអាហ្រ្វិកកណ្តាល នៅយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ម្សិលមិញ។ ការវាយប្រហារនេះក៏បានធ្វើឱ្យទាហានម៉ារ៉ុក៥នាក់ រងរបួសធ្ងន់ស្រាល និងបាត់ខ្លួនម្នាក់ផងដែរ៕