(កំពង់ចាម)៖ លោក ហ៊ុន ម៉ាណែត បានចោទជាសំនួរថា «តើយុវជនយើង ត្រូវធ្វើអ្វីខ្លះជួយដល់សង្គមជាតិ?» ហើយត្រូវបានលោកបកស្រាយថា យុវជនត្រូវជួយខ្លួនឯង គឺជួយសង្គមជាតិ ​យុវជនត្រូវខិតខំសិក្សារៀនសូត្រ មិនបង្កបញ្ហាដល់សង្គមជាតិ មានគុណធម៌ សីលធម៌ មានន័យថា យុវជនយើងបានជួយសង្គមជាតិរួចទៅហើយ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា «យុវជនត្រូវគិតថា បើមិនបានជួយដោះស្រាយបញ្ហាសង្គមទេ សូមកុំបង្កើតបញ្ហា ដល់សង្គមជាតិ ក្នុងការបំពេញមហិច្ឆិតា បំពេញតម្រូវការខ្លួនឯង គឺត្រូវអភិវឌ្ឍខ្លួនឯងឲ្យស្របទៅនឹង​ការអភិវឌ្ឍសង្គមជាតិ​ ព្រោះថាការអភិវឌ្ឍសង្គមជាតិមួយ ត្រូវទាមទារនូវការចូលរួមទាំងអស់គ្នា។ ជាក់ស្តែងការធ្វើកំណែរទម្រង់វិស័យអប់រំមួយ ត្រូវទាមទារការចូលរួមពី ផ្នែកដែលពាក់ព័ន្ធដែលជាលទ្ធផល យើងទទួលបាននូវគុណតម្លៃពីសង្គម និងការផ្លាស់ប្តូរផ្នត់គំនិត ឲ្យយុវជនមានការការខិតខំប្រឹងប្រែង»

ការថ្លែងពន្យល់បែបនេះ ត្រូវធ្វើឡើងក្នុង ​វេទិការយុវជន ក្រោមប្រធានបទ «ត្រៀម​ខ្លួនក្លាយខ្លួនជាមន្ត្រីរាជការសាធារណៈ» នៅសាលាខេត្តកំពង់ចាម ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧។

លោក បានលើកឡើងថា យុវជនឈានដល់ដំណាក់កាលម្ចាស់ការ លើខ្លួនឯង ក្នុងការកសាងអនាគតខ្លួន ព្រោះយុវជនមានឱកាសច្រើនណាស់ នា​ពេលបច្ចុប្បន្ន ដែលខុសគ្នាឆ្ងាយណាស់កាលពីអតីតកាល ហើយស្ថានភាពប្រទេសកាលពីអតីតកាល យុវជនមិនមានឱកាសរៀនសូត្រ នៅតាមមហាវិទ្យាល័យ គ្មានឱកាសទទួលបានការងារ គ្មានការកសាងជីវភាពធូធារនោះទេ ប៉ុន្តែយុវជន​សព្វថ្ងៃនេះ មា​នឱកាសច្រើនណាស់ក្នុងការសិក្សាស្រាវជ្រាវ ឱកាសស្វែងរកការងារធ្វើ និងឱកាសផ្សេងៗទៀត។

លោកបញ្ជាក់ថា យុវជនត្រូវអភិវឌ្ឍខ្លួនឯង ត្រូវត្រៀមខ្លួន ជាអ្នកដឹកនាំជំនាន់ក្រោយ ដើម្បីចូលរួមដឹកនាំប្រទេសឲ្យកាន់តែប្រសើរ ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីកូនចៅ​រស់នៅកាន់តែប្រសើរ និងកាន់តែរីកចម្រើន។
 
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ប្រទេសជាតិមួយអាចអភិវឌ្ឍទៅមុខបាន គឺអាស្រ័យលើអ្នកដឹកនាំរដ្ឋាភិបាល ដែលមានគោលនយោបាយច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ មានមន្ត្រីរាជការដែលជាអ្នកប្រតិបត្តិប្រកបដោយសមត្ថភាព ការទទួលខុសត្រូវ គុណធម៌ សីលធម៌ និងមានការចូលរួមប្រកបដោយប្រសិទ្ធិភាព ពីផ្នែកដែលពាក់ព័ន្ធ។

លោកបន្ថែមថា មន្ត្រីរាជការជាង៣០ម៉ឺននាក់ បានបម្រើប្រជាពលរដ្ឋជាង១៥លាននាក់ នៅទូទាំងប្រទេស គឺជាឆ្អឹងខ្នងនៃប្រទេសជាតិ ដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់លើកទឹកចិត្តមន្រ្តីរាជការ នៅក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន រួមមានការពង្រឹងគុណភាព សមត្ថភាពតាមរយៈ ការជ្រើសរើស និងការបណ្តុះបណ្តាល។

លើសពីនេះរាជរដ្ឋាភិបាល ក៏បានពង្រឹងប្រព័ន្ធការងារ និងមធ្យោបាយការងារ ការលើកទឹកចិត្ត ទាំងកិត្តិយស និងកម្រិតជីវភាពតាមរយៈ​ ការតម្លើងប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត ព្រមទាំងផ្តល់ការទុកចិត្ត និងផ្តល់សិទ្ធិដល់មន្ត្រីថ្នាក់ក្រោមជាតិផងដែរ ដែលនេះគឺជាគុណតម្លៃ របស់មន្ត្រីរាជការដែលរារដ្ឋាភិបាល បានយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាព ក្នុងការបម្រើប្រជាពលរដ្ឋ៕