(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ម្សិលមិញ បានពិភាក្សាគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើកិច្ចការពារបេតិកភណ្ឌអង្គរ ឲ្យបានកាន់តែល្អប្រសើរឡើង។ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ បានជួបពិភាក្សាគ្នានៅទីស្នាក់ការ នគរបាលការពារបេតិកភណ្ឌទល់មុខប្រាសាទអង្គរវត្ត។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាប្រធាននាយកដ្ឋានការពារបេតិកភណ្ឌ និងលោកឧត្តមសេនីយ៍ លី ឡាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសជាច្រើនរូបទៀត។ គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់គ្នា លើការងារពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាព និងការងារអភិរក្សរមណីយដ្ឋានអង្គរ ឲ្យកាន់តែល្អប្រសើរ ឡើងថែមទៀត។

សូមជម្រាបថា នេះជាកិច្ចប្រជុំលើកទី១ នៃក្រុមការងារទាំងពីរ ដែលបានកំណត់យករៀងរាល់ ថ្ងៃចន្ទដើមខែនីមួយៗ ដើម្បីពិភាក្សាគ្នា លើចំណុចខ្វះខាត និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌ លើការងារប្រតិបត្តិការ ក្នុងកិច្ចការពារបេតិកភណ្ឌអង្គរ៕