(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលរបស់លោក ក្រោមការសម្របសម្រូលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅបង្ក្រាប និងឃាត់ខ្លួនជនជាតិចិន ជាង២០នាក់ នៅពេលដែលពូកគេកំពុងប្រមូលផ្ដុំគ្នាបើកល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធ Online។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅចំណុចចំការស្ពៃ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដែលក្រៅពីការចាប់ខ្លួនជនជាតិចិន កម្លាំងនគរបាលក៏បានដកហូត វត្ថុតាងជាច្រើនដូចជា កុំព្យូទ័រ ដែលពូកគេប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសមួយនេះ។

បើតាមលោកឧត្តមសេនីយ៍ សម្រាប់ជនជាតិចិនទាំងនេះ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបាននាំខ្លួនទៅសួរនាំបន្ដនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ដទៀត៕