(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងការស្នើដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យគិតពិចារណាឲ្យច្បាស់មុនសម្រេចចិត្ត ជ្រើសរើសមេដឹកនាំជាតិ ហើយត្រូវពិចារណាផងដែររបាងសន្តិភាពនិងសង្រ្គាម។ សម្តេចតេជោ បានបន្ថែមថា កម្ពុជាបច្ចុប្បន្នគឺរស់នៅប្រកបដោយ សុខសន្តិភាព ហើយសន្តិភាពនេះហើយ ដែលមានតម្លៃខ្លាំងបំផុត។
ការថ្លែងរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងខណៈសម្តេចអញ្ជើញ ជាអធិបតីភាព ក្នុងពិធីបើកសម្ពោធដាក់ឲ្យ ប្រើប្រាស់ ជាផ្លូវការហើយ អគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីសន្លាងនៅទីរួមខេត្តត្បូងឃ្មុំ ដែលជាខេត្តថ្មីរបស់កម្ពុជា ត្រូវបានធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ។
មានប្រសាសន៍ឲ្យដឹងនៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ពាក្យស្លោក «ចាបមួយនៅក្នុងដៃ ប្រសើរជាងចាប២០ នៅលើមេឃ» វាពិតប្រាកដយ៉ាងដូច្នោះមែន ប្រយ័ត្នលែងអាចាបបៅក្នុងដៃ ដែលកំពុងតែមាននេះ រួចហើយបាត់ទាំងអាចាបក្នុងដៃ បាត់ទាំងអស់កម្ពុជា កុំភ្លេចថា បើទោះបីជាប្រទេសគ្របដណ្តប់ដោយសន្តិភាពពេញប្រទេស ក៏ប៉ុន្តែវាមានចរិកផុយស្រួយរបស់វា។ នេះហើយជាមូលហេតុនៃសង្រ្គាម ការញុះញុង ការជេរប្រមាថសព្វគ្រប់បែបយ៉ាងទាំងអស់តើនោះវាជាអ្វី វាជាការដុតបញ្ឆេះកំហឹង នេះវាដល់ពេលដែលប្រជាពលរដ្ឋត្រូវជ្រើសរើស រវាងសន្តិភាព និងសង្រ្គាម។ ពិតប្រាកដហើយ អាលូវបញ្ចេញតាម Facebook ឲ្យគេឃើញ»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា អ្នករស់នៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺអ្នកទាំងអស់គ្នាមានសេរីភាព គ្រប់គ្រាន់មានន័យថា អ្នកមានទោសទទួលទោសតាមច្បាប់ អ្នកគ្មានកំហុសមិនត្រូវទទួលនូវទណ្ឌកម្មណាមួយនោះទេ។
សម្តេចតេជោ ថ្លែងសង្ឃឹមថា ប៉ុន្មានថ្ងៃទៀតការបោះឆ្នោតនឹងមកដល់ ដូចនេះប្រជាពលរដ្ឋត្រូវធ្វើការវិនិច្ឆ័យឲ្យបានច្បាស់លាស់ យើងបានរួមសុខរួមទុក្ខ ជាមួយគ្នាទាំងលំបាក ស៊ីអត់ស៊ីឃ្លានជាមួយគ្នា រហូតមកដល់ពេលនេះ តើយើងគួរបោះបង់ចោលសមិទ្ធិផលនេះ ដែរឬទេ?៕
សូមស្តាប់ប្រសាសន៍សម្តចតេជោ ហ៊ុន សែន៖