(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៧ នេះ បានផ្តល់អំណោយមនុស្សធម៌ជាលើកទី ២ រួមមានគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនលោក ជ័យ ប៊ុនឈឿ អាយុ ៧៩ឆ្នាំ ជាអាជ្ញាកណ្តាលកីឡាប្រដាល់សេរី ដែលមានវ័យចាស់ជរា និងមានជំងឺធ្ងន់ធ្ងរ ដែលកំពុងសម្រាកនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិវត្តលាប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សួរសុខទុក្ខចំពោះសុខភាពរបស់លោកតា ជ័យ ប៊ុនឈឿ ដែលជាអាជ្ញាកណ្ដាលជើងចាស់ ធ្លាប់បានរួមចំណែកលើកស្ទួយវិស័យកីឡាឲ្យមានការរីកចម្រើនសម្រាប់ប្រទេសជាតិ។​ ជាមួយគ្នានោះ ក៏សូមជូនពរលោកតា ឆាប់បានជាសះស្បើយពីជំងឺ និងមានសុខភាពល្អឡើងវិញ។  

លោកស្រី ឈឿ សុធារី ជាកូនស្រីទី ៣ របស់លោកតា ជ័យ ប៊ុនឈឿ ដែលមកទទួលអំណោយនាពេលនោះ បានសំដែងក្តីរំភើប និងដឹងគុណចំពោះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរជួយសម្រាលទុក្ខលំបាកបាន ២លើក រួចមកហើយដល់ក្រុមគ្រួសាររបស់លោកតា។ ទន្ទឹមនឹងនោះ លោកស្រី ក៏បានថ្លែងអរគុណចំពោះ លោកស្រី ហ៊ុន ម៉ាណា ដែលបានផ្តល់នូវផ្ទះទេវតា ១ខ្នង សម្រាប់ស្នាក់នៅរហូតដល់ពេលបច្ចុប្បន្ននេះ៕