(បាត់ដំបង)៖ លោក លឹម គានហោ រដ្ឋមន្រ្តីធនធានទឹក និងឧតុនិយម បានផ្តល់អំណោយជាថវិកាចំនួន២លានរៀល តាមរយៈលោក ខៃ សុដា អនុប្រធានមន្ទីរ តំណាងឲ្យលោក ឡុង ផលគុណ ប្រធានមន្ទីរមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានពាំនាំយកអំណោយទៅប្រគល់ជូន គ្រួសារគ្រូប្រដាល់ជើងចាស់ដែលធ្លាក់ខ្លួនឈឺ ជាទម្ងន់អស់រយៈពេល៧ឆ្នាំមកហើយ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក ខៃ សុដា បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលលោករដ្ឋមន្រ្តី បានផ្តល់អំណោយជូនលោកគ្រូប្រដាល់ល្បីឈ្មោះជើងចាស់ឈ្មោះ ជ័យ ប៊ុនឈឿ ភេទប្រុស អាយុ៨០ឆ្នាំ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង តាមរយៈមន្ទីរធនធានទឹកខេត្តចំនួន ២លានរៀល ដល់លោកគ្រូ ដែលកំពុងនៅសម្រាកព្យាបាលជំងឺនៅផ្ទះមានជំងឺមហារីកឆ្អឹងរាំរ៉ៃ ឈឺរហូតដល់សព្វថ្ងៃនេះ។
បើតាមសម្តីលោកយាយត្រូវជាប្រពន្ធ លោកគ្រូ ជ័យ ប៊ុនឈឿ បាននិយាយថា ប្តីរបស់គាត់បានធ្លាក់ខ្លួនឈឺតាំងពីឆ្នាំ២០១០មកម្លេះ ហើយក៏មាន សប្បុរសជននានា តែងនាំយកអំណោយផ្តល់ជូនក្រុមគ្រួសា លោកយាយជាហូរហែរមក មិនតែប៉ុណ្ណោះក្រុមគ្រួសារលោកយាយ ក៏បានទទួលផ្ទះទេវតា១ខ្នង របស់សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគល់ជូនដល់ក្រុមគ្រួសារលោកយាយផងដែរ៕