(ភ្នំពេញ)៖ កីឡាករប្រដាល់សេរីលំដាប់កំពូលកម្ពុជារួមមាន មឿន សុភា និងសេន ប៊ុនថេន បានធ្វើដំណើរមកដល់ទឹកដីកំណើតវិញហើយនារសៀលថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០១៧ ដោយបាននាំយកខ្សែក្រវាត់ ២គ្រឿងមកជាមួយផងដែរពីប្រទេសបារាំង ខណៈ ឡៅ ចន្ទា្រ ទទួលបរាជ័យ។
សូមរំលឹកផងដែរ កីឡាករទាំងបីខាងលើនេះបានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ កន្លងទៅក្នុងយុទ្ធនាការដណ្តើមខ្សែក្រវាត់មិត្តភាពអន្តរជាតិ នៅលើទឹកដីនៃប្រទេសស្ថិតក្នុងទ្វីបអឺរ៉ុប គ្រាដែលជើងខ្លាំង មឿន សុភា និង សេន ប៊ុន សុទ្ធតែបានផ្តួលដៃគូប្រកួតកីឡាករម្ចាស់ផ្ទះបារាំង ដើម្បីឈ្នះខ្សែក្រវាត់ម្នាក់១ដូចគ្នា ស្រប ពេលដែលមិត្តរួមជាតិ ឡៅ ចន្ទ្រា ចាញ់គូប្រកួត ដោយសារវាយខុសបច្ចេកទេស។
ក្រោយពីការប្រកួតចប់ជាស្ថាពរ ពួកគេបានស្នាក់នៅប្រទេសបារាំង ដើម្បីធ្វើការហ្វឹកហាត់ ក៏ដូចជាចែករំលឺកបទពិសោធន៍នៅទីនោះជាមួយនឹងក្លឹបប្រដាល់មួយចំនួន ដោយសារតែកីឡាករ២រូប ក្នុងចំណោម ៣រូបមានដូចជា មឿន សុភា និង ឡៅ ចន្រ្ទា ហ្វឹកហាត់ត្រៀម SEA Games 2019 នៅទីក្រុងឡូឡាំពួរ នៃប្រទេស ម៉ាឡេស៊ីផងដែរ។
ក្នុងការអញ្ជើញមកដល់ជាមួយនឹងការពាំនាំមោទនភាពជាតិខ្មែរនោះដែរ ក៏មានការអញ្ជើញទៅទទួលដោយផ្ទាល់ពី សំណាក់លោក តែម ម៉ឹន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងមន្រ្តីកីឡាប្រដាល់ជាច្រើនរូបទៀតផងដែរ៕