(កំពង់ស្ពឺ)៖ បន្ទាប់ពីបានបម្រើគណបក្សសង្គ្រោះជាតិ ដោយភាពស្មោះស្ម័គ្រអស់រយៈពេលជិត៥ឆ្នាំមក លោក សៀង ស៊ីធន ដែលជាបេក្ខជនពេញសិទ្ធិលេខរៀងទី៥ នៃគណបក្សសង្គ្រោះជាតិ ឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានសុំលាឈប់ពីគណបក្សនេះ ដោយគ្មានស្តាយស្រណោះ ហើយបានស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោក សៀង ស៊ីធន បានបញ្ជាក់យ៉ាងដូច្នេះថា លោកអស់ជំនឿហើយលើការដឹកនាំរបស់បក្សនេះ មេដឹកនាំមួយនៅក្រៅ ឯមួយនៅក្នុង គ្មានគោលនយោបាយដឹកនាំច្បាស់លាស់ ឯគណបក្សនៅមូលដ្ឋានគ្មានការយកចិត្តទុកដាក់ គិតតែពីរឿងទារលុយ បេក្ខភាពទាំងអស់ ត្រូវតែបង់លុយម្តងហើយម្តងទៀត ឯមេបក្សឃុំគណបក្សនេះវិញ គិតតែពីរឿងបក្សពួកខ្លួនឯង និងពុករលួយដល់ឆ្អឹង អ្នកមានលុយឲ្យលេខរៀងល្អ ឯអ្នកអត់លុយទោះតស៊ូប៉ុណ្ណា ទោះខំប្រឹងយ៉ាងណាក៏គ្មានអ្នកណាមើលឃើញដែរ ហើយលោកបន្ថែមថា នឹងមានបេក្ខភាពពេញសិទ្ធិ និងបម្រុងជាច្រើនរូបទៀត នឹងចាកចេញជាបន្តបន្ទាប់។
សូមបញ្ជាក់ថា នេះជាលើកទី២ ហើយនៅឃុំកាត់ភ្លុក ដែលមានបេក្ខជនពេញសិទ្ធិគណបក្សសង្គ្រោះជាតិ បានចាកចេញជាបន្តបន្ទាប់ដែលលើកទី១ គឺលោក វួក ធួន បេក្ខជនពេញសិទ្ធិលេខរៀងទី៧ និងជាប្រធានក្រុមប្រឹក្សាយុវជនគណបក្សសង្គ្រោះជាតិ ឃុំកាត់ភ្លុក។
ថ្លែងក្នុងឱកាសទទួលស្វាគមន៍សមាជិកថ្មី នៅមុខមេគ្រួសារបក្សចំនួន៦៣៦នាក់ នៅប៉ុន្មានថ្ងៃកន្លងទៅនេះ ក្នុងនាម ថ្នាក់ដឹកនាំក្រុមការងារ ចុះជួយស្រុកបរសេដ្ឋ, លោក ហេង សុខគង់ អនុប្រធានក្រុមការងារចុះជួយស្រុកបរសេដ្ឋ ទទួលបន្ទុកឃុំកាត់ភ្លុក និងឃុំភក្តី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមការងារចុះជួយឃុំកាត់ភ្លុក ដែលមានលោក ស្រូយ អាដុល្លារ ជាប្រធាន និងសហការីទាំងអស់ រួមជាមួយគណបក្សឃុំ។
លោកក៏បានស្វាគមន៍ ដល់សមាជិកថ្មី ដែលចាកចេញពីគណបក្សមួយ ដែលមិនបានធ្លាប់ធ្វើអ្វីសោះ ជូនជាតិក្រៅតែពីដើរញុះញង់ លាបពណ៌ ភូតកុហក និងសន្យាខ្យល់ ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សជួយសង្គ្រោះប្រជាជនពិតប្រាកដ កសាងសុខសន្តិភាពជូនប្រទេសជាតិ ថែរក្សាបូរណភាពទឹកដី និងតែងខិតខំគ្រប់បែងយ៉ាងដើម្បីការរីកចម្រើន និងអភិវឌ្ឍភូមិឃុំ និងប្រទេសជាតិទាំងមូលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕