(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានប្រាប់ បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សពរបស់ លោកអនុសេនីយ៍ទោ អ៊ឹម សំ ទាហានមួកខៀវកម្ពុជា ដែលបានស្លាប់ ក្នុងហេតុការណ៍វាយប្រហារ នៅអាហ្រ្វិកកណ្តាល នាយប់មិញនោះ នឹងអាចដឹកមកដល់ប្រទេសកម្ពុជា យ៉ាងឆាប់បំផុត ២សប្តាហ៍ទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទាហានមួកខៀវកម្ពុជាម្នាក់បានស្លាប់ និង៣នាក់ទៀតកំពុងបាត់ខ្លួន ក្រោយការវាយប្រហារដោយពួកឧទ្ទាមមួយ នៅអាហ្រ្វិកកណ្តាល នៅយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ។ ការវាយប្រហារនេះ ក៏បានធ្វើឱ្យទាហានម៉ារ៉ុក៥នាក់រងរបួសធ្ងន់ស្រាល និងបាត់ខ្លួនម្នាក់ផងដែរ។
ការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីសន្លាង នៅទីរួមខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «យើងមានការសោកស្តាយមួយ ដែលខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីចូលរួមមរណទុក្ខចំពោះកងកម្លាំងរបស់យើង ដែលកំពុងស្ថិតនៅអាហ្រិកកណ្តាល ការពារឱ្យកងកម្លាំងរបស់ម៉ារ៉ុក ត្រូវក្រុមឧទ្ទាមវាយប្រហារ បណ្តាលស្លាប់ម្នាក់ និងកំពុងបាត់ខ្លួន៣នាក់។ ឯខាងម៉ារ៉ុករបួសធ្ងន់ស្រាល៥នាក់ ហើយក៏បាត់ខ្លួនម្នាក់ដែរ»។
សម្តេចតេជោបានបញ្ជាក់ឲ្យដឹងថា ទាហានមួកខៀវកម្ពុជា ដែលបានបាត់បង់ជីវិតក្នុងការវាយប្រហារនោះមានឈ្មោះ អ៉ឹម សំ មានឋានន្តរស័ក្តិជាអនុសេនីយ៍ឯក មានស្រុកកំណើតនៅខេត្តសៀមរាប ជាអ្នកបើករថយន្ត។ ពេលនេះសពទាហានកម្ពុជា រួមទាំងទាហានរងគ្រោះដទៃទៀត ត្រូវបានដឹកដោយឧទ្ធម្ភាគចក្រ ទៅកាន់កន្លែងមួយផ្សេងទៀត ហើយកងកម្លាំងកម្ពុជា និងម៉ារ៉ុក ក៏បានស្វែងរកទាហានដែលបាត់ខ្លួនផងដែរ។
ជាមួយនឹងការថ្លែងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារទាហានដែលទទួលមរណភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឱ្យអង្គការសហប្រជាជាតិដែលនាំ ទាហានកម្ពុជា ទៅកាន់តំបន់នោះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលខុសត្រូវចំពោះទាហានកម្ពុជា ដែលបាត់បង់ជីវិត និងទាហានដែលបាត់ខ្លួន។ បើក្នុងករណីដែលទាហានបាត់ខ្លួនទាំងនោះ ត្រូវបានពួកឧទ្ទាមចាប់ដើម្បីធ្វើជាថ្នូរនោះ អង្គការសហប្រជាជាតិ ក៏ត្រូវយកចិត្តទុកដាក់ការពារដល់អាយុជីវិតរបស់ពួកគេផងដែរ។