(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីជូនដំណឹងជាផ្លូវការ ស្ដីពី កិច្ចប្រជុំពិភាក្សារកដំណោះស្រាយបញ្ចប់ ក្នុងការអភិវឌ្ឍអគារប៊ូឌីញ «ស» ជាមួយប្រជាពលរដ្ឋដែលជាម្ចាស់ចំណែកឯកជនទាំងអស់ នៃអគារសហកម្មសិទ្ធិអគារប៊ូឌីញ «ស» ចំនួន៤៩៣គ្រួសារ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង០៨៖៣០នាទីព្រឹក នៅសាលប្រជុំលេខ៨០៣ ជាន់ទី៨ នៃទីស្ដីការក្រសួង។
តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងរៀបចំដែនដី ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា កិច្ចប្រជុំខាងលើ នឹងរៀបចំធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានស្នើសុំទៅដល់អភិបាលខណ្ឌចំការមន ចាត់អញ្ជើញ ប្រជាពលរដ្ឋទាំង៤៩៣គ្រួសារ ដែលកំពុងរស់នៅលើអគារប៊ូឌីញ «ស» ចូលរួមកិច្ចប្រជុំរកដំណោះស្រាយបញ្ចប់ ក្នុងការអភិវឌ្ឍអគារប៊ូឌីញ «ស» នេះផងដែរ។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ «ស»នេះ គឺស្ថិតនៅក្នុងការសិក្សារវាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុនជប៉ុន Arakawa ដែលគ្រោងចំណាយថវិកាប្រមាណ៧០-៨០លានដុល្លារ រួមមានការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីមានកម្ពស់២១ជាន់ ដែលក្នុងនោះត្រៀមធ្វើទីតាំងចំណត ៣ជាន់កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ៥ជាន់ ដែលបន្ទប់ស្នាក់នៅនីមួយៗ មានទំហំធំជាងមុន ១០% ហើយចាប់ពីជាន់ទី៩ឡើងទៅ នឹងផ្តល់ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Arakawa៕