(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង បានប្រាប់ភាគីថៃ យល់យោគចំពោះ ប្រជានេសាទដែលពួកគាត់ បាននេសាទហួសដែនកំណត់។ បើភាគីថៃឃាត់បាន សូមដោះលែងពួកគាត់មកវិញផង ហើយម៉្យាងទៀត សូមឲ្យភាគីថៃជួយ សម្រួលដល់ប្រជានេសាទ ដែលពួកគាត់ ចូលទៅចតសំរាកនៅលើទឹកដីថៃ ដើម្បីគេចពីគ្រោះថ្នាក់ ភ្លៀង ផ្គររន្ទះ រលក សូមភាគីថៃ អនុគ្រោះដល់ពួកគាត់ផង មិនត្រូវធ្វើបាបពួកគាត់ឡើយ។
អភិបាលស្រុកមណ្ឌលសីមា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ និងមានការចូលរួមអមដំណើរ មន្រ្តីស្នាក់ការច្រកទ្វារអន្តរជាតិ ចាំយាមជាច្រើនរូប ចូលរួមប្រជុំជាមួយសមភាគីថៃ ប្រយោជន៍រិះរកមធ្យោបាយបន្ថែម លើកកម្ពស់ទំនាក់ទំនងរវាងស្រុកទាំងពីរ។ ភាគីថៃ ដឹកនាំដោយលោក ឆៃវ៉ាត់ អូឆានាណុន អភិបាលស្រុកខ្លងយ៉ៃ ព្រមទាំងមន្រ្តីក្រោមឱវាទជាច្រើនរូប។
ក្នុងកិច្ចប្រជុំពិភាក្សាដែលរៀបចំរបស់ស្រុកខ្លងយ៉ៃ ក្រោមប្រធានបទ «ពិភាក្សាគ្នាដើម្បីប្រជាពលរដ្ឋទាំងទ្វេរភាគី»។ ក្នុងកិច្ចប្រជុំពិភាក្សារវាងស្រុកមណ្ឌលសីមា និងស្រុកខ្លងយ៉ៃ គឺសំដៅទៅប្រជាជនទាំងពីរ ធ្វើយ៉ាងណាសូមភាគីទាំងសងខាង ចេះអនុគ្រោះគ្នាទៅវិញទៅមក រវាងប្រជាជន និងប្រជាជន មិនត្រូវធ្វើបាបពួកគាត់ឡើយ ត្រូវរកដំណោះស្រាយភ្លាមៗ។ នេះបើយោងតាមមន្រ្តីស្រុកមណ្ឌលសីមា បានប្រាប់ភ្នាក់ងារ Fresh News យ៉ាងដូច្នេះ។
ក្នុងកិច្ចប្រជុំនេះលោក ហាក់ ឡេង បានលើកឡើងថា សូមឲ្យភាគីថៃជួយមើលប្រជាពលរដ្ឋ កម្ពុជាដែលពួកគាត់ជាជនចំណាកស្រុក មកធ្វើការរកស៊ីនៅស្រុកខ្លងយ៉ៃ ភាគីត្រូវជួយរកដំណោះស្រាយឲ្យពួកផង ឬភាគីថៃ ត្រូវរាយការណ៍ជូនមកអាជ្ញាធរ ខាងកម្ពុជាជាបន្ទាន់ ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋ ចំណែកភាគីកម្ពុជា ក៏ដូចគ្នាដែរ។
លោកបានបញ្ជាក់ ក្រោមការសង្កេតរបស់កម្ពុជា និងភាគីថៃ សបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋទាំងទ្វេរភាគី ចេះស្រឡាញ់រាប់អានគ្នាចេះសាមគ្គីគ្នា ហើយធ្វើដោះដូរទំនិញគ្នាទៅវិញទៅមក ចំណែកឯមន្រ្តីរាជការបានសហការណ៍បានយ៉ាងរលូន ហើយបានផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមកថែមទៀតផង៕