(ភ្នំពេញ)៖ នៅសល់ជាង២០ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នឹងឈានចូលមកដល់ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ សម្រាប់ព្រឹត្តការណ៍ជាតិ ដែលធ្វើឡើងរយៈពេល៥ឆ្នាំម្តងនេះ យុវជន-យុវតី ដែលនិស្សិតនៅតាម គ្រឹះស្ថានឧត្តមសិក្សា បានអះអាងថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នេះ។
យុវជន-យុវតីទាំងនេះ បានលើកឡើងថា ការបោះឆ្នោតនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ពូកគេ ក៏ដូចជា ប្រទេសជាតិទាំងមូល ព្រោះថា ពួកគេ អាចជ្រើសថ្នាក់ដឹកនាំម្នាក់ដែលគេស្រឡាញ់ពេញចិត្ត នៅក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីទទួលបានការបម្រើសេវាផ្សេងៗ និងការអភិវឌ្ឍន៍នៅ មូលដ្ឋានផងដែរ។
យុវតី ឌិន និរតី អាយុ១៩ឆ្នាំ បច្ចុប្បន្នសិក្សាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំទី១ ដេប៉ាតេម៉ង់ភូមិវិទ្យា ដែលមានស្រុកកំណើតនៅ ខេត្តកំពង់ធំ បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នេះ ពិតជាមានសារសំខាន់ណាស់សម្រាប់នាង ដោយហេតុថា បេក្ខជនក្រុមប្រឹក្សា ដែលខ្លួនជ្រើសរើស សុទ្ធតែជាតំណាងក្នុងមូលដ្ឋាន ហើយអាចសម្រេចកិច្ចការងារផ្សេង ដើម្បីឲ្យមានការអភិវឌ្ឍន៍រីកចម្រើន។
កញ្ញាបានថ្លែងយ៉ាងដូច្នេះ «ខ្ញុំត្រៀមខ្លួនរួចហើយ សម្រាប់ទៅបោះឆ្នោត ហើយការបោះឆ្នោតនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ខ្ញុំ ក៏ដូចជាប្រទេសជាតិទាំងមូល»។
យុវតីរូបនេះ បន្ថែមថា ចំពោះបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលរូបគេស្រឡាញ់ពេញចិត្ត គឺជាមនុស្សដែលមានចរិកស្លូតបូត សុភាពរាបសារ ម៉ឺងម៉ាត់ជាមួយការងារ មិនបក្ខពូកនិយម ជាពិសេសមិនពុករលួយ ហើយចេះជួយយកអាសារប្រជាពលរដ្ឋ និងមានសមត្ថភាពខ្ពស់ ក្នុងការអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចម្រើន។
ស្រដៀងគ្នានេះយុវជន ណន វ៉េង វ័យ២៤ឆ្នាំ បច្ចុប្បន្នសិក្សានៅវិទ្យាស្ថានស៊ីតិច ឆ្នាំទី២ ដែលមានស្រុកកំណើតនៅ ខេត្តកំពង់ចាម បានបញ្ជាក់ថា រូបគេក្នុងនាមជានិស្សិតមួយរូប បានត្រៀមខ្លួនរួចរាល់ហើយដើម្បី ចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនាខាងមុខនេះ ហើយរូបគេគិតថា ការបោះឆ្នោតនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
យុវជនរូបនេះ ថ្លែងដូច្នេះថា «វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ ក៏ដូចជាពលរដ្ឋខ្មែរទាំងអស់ ហើយចំណែកខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីទៅចូលរួមបោះឆ្នោត»។
បើតាមលោក ណន វ៉េង បេក្ខជនដែលលោកនឹងបោះឆ្នោតជូននោះ គឺជាមនុស្សដែលម៉ឺងម៉ាត់ជាមួយការងារ មិនបក្ខពួកនិយម មិនពុករលួយ ហើយចេះជួយទុក្ខធុរប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពិសេសជាមនុស្សដែលមានបទពិសោធន៍ច្រើនជាមួយការងារឃុំ-សង្កាត់ និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្ដការអភិវឌ្ឍន៍។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ នៅសល់រយៈពេលជាង២០ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលមកដល់ហើយ។ គណបក្សនយោបាយចំនួន១២ ជាមួយបេក្ខភាពក្រុមប្រឹក្សា ឃុំសង្កាត់ សរុបជាង ៩ពាន់នាក់ បានចុះឈ្មោះចូលរួមប្រកួត ប្រជែង។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ប្រជាពលរដ្ឋជិត៨លាននាក់ បានចុះឈ្មោះបោះឆ្នោតលើប្រជាពលរដ្ឋដែល គ្រប់អាយុបោះឆ្នោតសរុបជាង៩លាននាក់៕