(ភ្នំពេញ)៖ នៅពេលមនុស្សភាគច្រើនលើសលុបដែលរស់នៅជុំវិញរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នាំគ្នាប្រកាសការពារ ថែរក្សាសន្តិភាព និងការអភិវឌ្ឍ ដែលកំពុងមានឱ្យខាងតែបានទោះបីជានៅក្នុងតម្លៃណាក៏ដោយបក្សប្រឆាំង និងសកម្មជនរបស់ខ្លួនដែលជាសំឡេងភាគតិច តែងតែគំរាមកំហែងលើសន្តិភាព និងប្រឆាំងនឹងការអភិវឌ្ឍរបស់ជាតិ និងប្រជាជនជានិច្ច។ ពួកគេប្រកាសថាមិនយកខ្មែរណាមួយជាសត្រូវ ប៉ុន្តែពាក្យ វោហាសាស្ត្ររើសអើងប្រកាន់ពូជសាសន៍ បង្កើតឱ្យមានការស្អប់ខ្ពើមបញ្ឆេះកំហឹងវណ្ណៈរវាងអ្នកក្រីក្រ និងអ្នកមាន បង្កើតឱ្យមានជម្លោះវណ្ណៈសង្គម និងការ សងសឹកតាមទ្រឹស្តីទឹកឡើងត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី ត្រូវបានប្រើប្រាស់ពេញៗមាត់ក្នុងចំណោមសកម្មជន និងមន្ត្រីជាន់ខ្ពស់របស់បក្ស ប្រឆាំង។ ពួកគេព្យាយាមបំភ្លៃប្រវត្តិសាស្ត្រ បំភាន់ការយល់ដឹងរបស់ពលរដ្ឋ លុបបំបាត់ការចងចាំរបស់រាស្ត្រ តាមរយៈការពង្វក់ចិត្តរាស្ត្រលើការសន្យាខ្យល់ របស់ខ្លួន ក្នុងការចែកលុយ ចែកគោ ចែកឡាន ដោយមិនគិតថា ពួកគេអាចធ្វើអ្វីៗបាននៅពេលនេះ ហ៊ានបំពានច្បាប់ រំលោភលើសិទ្ធិអ្នកដទៃ គឺដោយសារ តែចាប់ផ្តើមឡើងពីប្រទេសមានសន្តិភាពជាមុនសិន។
ដូច្នេះហេតុអ្វីបានជាសន្តិភាព និងការអភិវឌ្ឍជាកត្តាសំខាន់ចាំបាច់សម្រាប់ជាតិ និងប្រជាជនកម្ពុជាម្ល៉េះ?
១៖ កត្តាសន្តិភាពគឺជាការចាប់ផ្តើមមុនអ្វីៗទាំងអស់៖
កម្ពុជាបានហែលឆ្លងកាត់សង្គ្រាមជិតបីទសវត្សរ៍ ប្រជាជនកម្ពុជារស់នៅក្នុងឈាម និងទឹកភ្នែក ហើយធនធានមនុស្សត្រូវបានសម្លាប់ស្ទើរគ្មានសល់។ រីឯខឿនសេដ្ឋកិច្ច សង្គម វប្បធម៌ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង។ នៅអំឡុងពេលសង្គ្រាម និងនៅក្នុងរបបខ្មែរក្រហមប្រល័យពូជសាសន៍ រាស្ត្រខ្មែររងទុក្ខរកអ្វីប្រៀបពុំបាន សូម្បីសិទ្ធិរស់រានមានជីវិតដែល ជាសិទ្ធិមានពីកំណើតមិនមានផង នេះមិនហ៊ាននឹកដល់សិទ្ធិសេរីភាពបញ្ចេញមតិ លទ្ធិប្រជាធិបតេយ្យ។ ទាំងអស់គ្នាគិតតែម្យ៉ាង គឺធ្វើឱ្យជីវិតរស់ជាមុនសិន ទើបគិតអ្វីៗផ្សេងទៀតជាក្រោយ។ នៅពេលដែលនិយាយពីសង្គ្រាម និងការរងទុក្ខវេទនាដែលពួកគាត់ហែលឆ្លងកាត់ ពលរដ្ឋទាំងអស់រាប់ទាំងអ្នកគាំទ្របក្សប្រឆាំងផងពិតជា មិនចង់ឱ្យ «សង្គ្រាម មិនថាសង្គ្រាមប្រើប្រាស់សព្វាវុធឬសង្គ្រាមវណ្ណៈ» វិលមកវិញឡើយដោយពួកគាត់បានថ្លែងថាឆ្អែតឆ្អន់ណាស់ទៅហើយ មិនចង់ជួប និងមិនចង់ឃើញសង្គ្រាមឡើងវិញឡើយហើយក៏កាន់តែមិន ឃើញការវិលត្រឡប់មកវិញនូវរបបខ្មែរក្រហមសម្លាប់មនុស្សមកវិញទេ។
ចុះបើដឹងថា សង្គ្រាមបង្កវិនាសកម្មខ្លាំងលើប្រទេសជាតិ និងជីវិតប្រជាជនយ៉ាងច្រើន បទពិសោធអតីតកាលរបស់កម្ពុជាក៏បានបង្ហាញ ទិដ្ឋភាពជាក់ស្តែង នៅបណ្តាប្រទេសអារ៉ាប់មួយចំនួនដែលហែកហួរដោយបដិវត្តន៍ពណ៌ក៏បានឃើញ ចុះហេតុអ្វីបានជាមនុស្សមួយចំនួនតូចចូលចិត្តញុះញង់ចង់បានសង្គ្រាម មកវិញ និងចូលចិត្តបង្កត់ភ្នក់ភ្លើងសង្គ្រាមឡើងវិញដោយមិនដឹងខ្លួន? មនុស្សមួយចំនួនតូចពិសេសអ្នកគាំទ្របក្សប្រឆាំងហានក្លាជ្រុល ងប់ជ្រុល រហូតត្រៀមខ្លួនរួចជាធ្វើស្រមោចនិងត្រី។ តើដើម្បីអ្វី? តាមពិតពួកគេមិនដែលឆ្លងទុក្ខសោកក្នុងកាត់សង្គ្រាម ពួកគេពិតជាមិនបានដឹងថា ការឈឺចាប់មានទំហំកម្រិតណាឡើយ។
តើសប្បាយណាស់ទៅឬដែលឃើញកម្លាំងខ្មែរក្រហមជម្កៀសប្រជាជនជាង២លាននាក់ ចេញពីទីក្រុងភ្នំពេញ?
សប្បាយណាស់ទៅឬ ? ដែលឃើញពលរដ្ឋខ្មែរជាច្រើនលាននាក់ ដែលក្នុងនោះមានសាច់ញាតិគេសាច់ញាតិយើង បានស្លាប់បាត់បង់ជីវិតដោយអយុត្តិធម៌ និងខ្លោចផ្សារកអ្វីប្រៀបផ្ទឹមពុំបាន? តើសប្បាយណាស់ទៅឬ ដែលពលរដ្ឋរស់នៅគ្មានសិទ្ធិសេរីភាព សូម្បីសិទ្ធិជឿ និងជំនឿសាសនាក៏គ្មានសិទ្ធិ ជ្រើសរើសគូស្រករតាមខ្លួបស្រឡាញ់ក៏គ្មាននោះ? រួមទាំងគ្មានសិទ្ធិបានទទួលការអប់រំ ខណៈសាលារៀន វត្តអារ៉ាមត្រូវបានខ្មែរក្រហមកម្ទេចចោល ឬធ្វើជាក្រោលគោក្របី ឬជាកន្លែងដាក់ជី។ មិនមែនបន្លាចឡើយ ប៉ុន្តែនេះគឺជាការពិតក្នុងប្រវត្តិសាស្ត្រកម្ពុជា។ តើយើងត្រូវការសង្គ្រាមស៊ីវិលហែកហួរគ្នា និងសម្លាប់ខ្មែរគ្នា ឯងបន្តទៅទៀតទេ? ចម្លើយគឺទាំងអស់គ្នានឹងនិយាយថា មិនត្រូវការទេសង្គ្រាម តែសន្តិភាពគឺជាកត្តាចាំបាច់សម្រាប់ការអនុវត្តនូវសិទ្ធិ ទាំងអស់ដែលមនុស្សជាតិត្រូវមាន។
សន្តិភាពគឺជាកត្តាសំខាន់ចាំបាច់ដំបូងគេដើម្បីធានាថា ប្រទេសមួយអាចចាប់ផ្តើមមានពេលក្នុងការរៀបចំការអភិវឌ្ឍខ្លួនបាន។ បើគ្មានសន្តិភាពក៏គ្មានការ អភិវឌ្ឍ និងគ្មានសិទ្ធិសេរីភាពសព្វបែបយ៉ាងឡើយ។ កម្ពុជាដូចគ្នា បើសិនជាគ្មានសន្តិភាពដែលរកបានដោយលំបាកនេះទេ ម្ល៉េះកម្ពុជានៅពេលនេះនៅតែ បន្សល់ទុកការបែងចែកទឹកដីជាពីរ មានរដ្ឋាភិបាលពីរ កងទ័ពពីរ អសន្តិសុខ អស្ថេរភាពនៅឡើយ។ ការដាក់ឱ្យអនុវត្តនយោបាយឈ្នះ-ឈ្នះនៅឆ្នាំ ១៩៩៦ ដោយសម្តេចតេជោ ហ៊ុន សែន កម្ពុជាបានបញ្ចប់ ទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមនៅចុងឆ្នាំ ១៩៩៨ និងនាំយកនូវ សុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី អធិបតេយ្យភាព និងការផ្សះផ្សារនិងការបង្រួបបង្រួមជាតិមិនដែលមានសោះ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ក្នុងរយៈពេលជាង ៥០០ ឆ្នាំចុងក្រោយនេះ។ កម្ពុជាបាន បោះជំហានចេញពីប្រទេស ដែលបានទទួលកងទ័ពមួកខៀវនៅលើទឹកដីខ្លួន ទៅជាប្រទេស ដែលបញ្ជូនកងកម្លាំងទ័ពមួកខៀវក្នុងក្របខ័ន្ឌបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទៅកាន់ប្រទេស ដទៃដែលរហូតមកទល់ ពេលនេះមានកងទ័ពកម្ពុជាជាច្រើនពាន់នាក់ បានចេញបេសកកម្មនៅប្រទេសជា ច្រើនក្នុងពិភពលោក។
នេះគឺជាមោទនភាពរបស់កម្ពុជា ដែលជាប្រទេសរងសោកនាដកម្មដោយសង្គ្រាម ប៉ុន្តែបានស្តារកេរ្តិ៍ឈ្មោះនិងកិត្តិយសនៅលើសកលលោកឡើងវិញ ជាប្រទេសដែលផ្តល់មេរៀនសន្តិភាពជូនដល់ប្រទេសមួយចំនួនក្នុងតំបន់។ ហេតុដូច្នេះហើយបានជាសន្តិភាពគឺជាកត្តាចាំបាច់ដែលកម្ពុជាត្រូវការ មិនមែនត្រឹមតែមនុស្សដែលត្រូវការសន្តិភាព សូម្បីសត្វ ព្រៃប្រឹក្សាក៏ត្រូវការសន្តិភាពដែរ។
២៖ ការអភិវឌ្ឍដែលរាស្ត្រត្រូវការ៖សង្គ្រាមជិតបីទសវត្សរ៍បានបំផ្លិចបំផ្លាញកម្ពុជាស្មើសូន្យ។ ដំណើរស្តារ និងកាសាងប្រទេសចេញពីបាតដៃទទេ ក្រោយពីរំដោះប្រទេស និងប្រជាជនកម្ពុជាពីរបបខ្មែរក្រហម បានឆ្លងកាត់ផ្លូវដ៏លំបាកលំបិន។ កម្ពុជាពេលនោះបានប្រើដៃម្ខាងទប់ស្កាត់ការវិលត្រឡប់ មកវិញ នូវរបបខ្មែរក្រហម និងដៃម្ខាងទៀតខិតខំប្រឹងកសាងប្រទេសចេញពីគំនរផេះផង់ ឈាមនិងទឹកភ្នែក។ នៅអំឡុង ឆ្នាំ ១៩៧៩-១៩៩១ រដ្ឋាភិបាលលោកខាងលិចមួយចំនួន បានជ្រើសយកការគាំទ្រចំពោះភាគីដែលខុស ដោយបានជ្រើសយកភាគដែលជំរុញឱ្យមានភាព អសណ្តាប់ធ្នាប់ដែលរួមមានទាំងក្រុមខ្មែរក្រហមផងដែរ ហើយប្រឆាំងនឹងក្រុមដែលជំរុញការអភិវឌ្ឍ។ ការអភិវឌ្ឍដែលនាំប្រទេសឱ្យរីកចម្រើន ក្នុងអត្រាកំណើន ផលិតផលក្នុងស្រុកសរុប ជាមធ្យម ៧,៧% នៅក្នុងរយៈកាលពីរទសវត្សរ៍ចុងក្រោយនេះ ហើយបានកាត់បន្ថយភាពក្រីក្រពីជាង៥០% នៅឆ្នាំ ១៩៩០ ឱ្យធ្លាក់នៅត្រឹម ១៣,៥% នៅឆ្នាំ ២០១៤។ ជាមួយគ្នានេះកម្ពុជា គឺជាប្រទេសមួយដែលសម្រេចបានស្ទើរតែ គ្រប់គោលដៅអភិវឌ្ឍន៍សហវត្សរ៍។
ទម្រាំមានការរីលចម្រើនមកទល់សព្វថ្ងៃនេះ ទាំងរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូលបានពួតដៃគ្នាដើម្បីកសាង ប្រទេសកម្ពុជាដ៏សំសត់នេះ។ ទោះបីជាមិនល្អឥតខ្ចោះប៉ុន្តែការអភិវឌ្ឍដែលកម្ពុជាបានធ្វើរហូតមកទល់ ពេលនេះបានទាញខ្លួនចេញពីភាពក្រីក្របំផុត ហើយកំណើនសេដ្ឋកិច្ចមានក្នុងរង្វង់ ៧%ក្នុងមួយឆ្នាំរហូតដល់គេប្រសិទ្ធនាមសេដ្ឋកិច្ចកម្ពុជា គឺជាកូនខ្លាមួយ។ ការអភិវឌ្ឍដែលយើងទាំងអស់គ្នា មើលឃើញ និងកំពុងតែទទួលបាននេះ មិនអាចកើតមានឡើយ ប្រសិនកម្ពុជាជាទីស្រឡាញ់របស់យើង មិនមានសុខសន្តិភាព។ អតីតកាលបានបង្ហាញច្បាស់ណាស់ ពេលដែលប្រទេសយើង ជាប់ដៃក្នុងភ្នក់ភ្លើង សង្គ្រាមស៊ីវិល យើងបាត់បង់ពេលវេលាក្នុងការអភិវឌ្ឍប្រទេសស្ទើរតែទាំងស្រុង ប៉ុន្តែសម្រាប់ប្រទេសជិត ខាងរបស់យើងដូចជាថៃ សិង្ហបុរីជាដើមបានបោះពួយយ៉ាងលឿនលើការអភិវឌ្ឍប្រទេស។ កម្ពុជាទើបនឹង មានសុខសន្តិភាពពេញលេញ២០ឆ្នាំ កម្ពុជាបានស្តារ និងអភិវឌ្ឍប្រទេស បានប៉ុណ្ណេះ ហើយការអភិវឌ្ឍនេះនឹងបន្តរីកចម្រើនឡើងកាន់តែច្រើនថែមទៀត។ យើងក៏ត្រូវទប់ស្កាត់ និងប្រឆាំងដាច់ខាតផងដែរ នូវការប៉ុនប៉ងណា មួយនាំកម្ពុជាចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងការបង្កអស្ថេរភាព អសន្តិសុខ និងភាពគ្មានសណ្តាប់ធ្នាប់នៅក្នុងសង្គម កម្ពុជាដែលជាឧបសគ្គចម្បង ដល់ដំណើរអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា។
កម្ពុជាត្រូវការសន្តិភាព ប្រជាជនកម្ពុជាត្រូវការអភិវឌ្ឍ ហើយពូកគាត់មិនត្រូវការសង្គ្រាមឡើយ។ ប្រទេសមានសន្តិភាព យើងអាចមានឱកាសធ្វើអ្វីៗសម្រាប់ ផលប្រយោជន៍ជាតិ និងប្រជាជនជាច្រើន និង ជាពិសេសសម្រាប់អនាគតប្រទេសជាតិ និងប្រជាជនកម្ពុជារាប់ជំនាន់បន្តទៅមុខទៀត។ តើយើងចង់ឱ្យ ប្រវត្តិសាស្ត្រដែលកម្ពុជាធ្លាប់ឆ្លងកាត់កើតឡើងច្រំដែលទេ? ប្រទេសមានសន្តិភាព ១០ ទៅ ២០ ឆ្នាំវិលចូលសង្គ្រាមបំផ្លិចបំផ្លាញឡើងវិញ? ចម្លើយគឺទេ! កម្ពុជាដ៏កម្សត់ធ្លាប់ត្រូវបានបំផ្លិចបំផ្លាញស្ទើរមើលមិន ស្គាល់ គ្រប់ទីកន្លែងគរដោយកាកសំណល់សង្គ្រាមគំនរឆ្អឹងជនរងគ្រោះរណ្តៅកប់សាកសពមនុស្ស ធំៗនិងពលរដ្ឋខ្មែរដែលរួតរឹតដោយវិបត្តិផ្លូវចិត្ត។ ឥឡូវកម្ពុជាបានស្តារមុខមាត់ថ្មី សន្តិភាពមានពេញលេញរាស្ត្រភាគច្រើន លើសលប់សប្បាយរីករាយ ការអភិវឌ្ឍបានបោះជំហានទៅមុខជានិច្ច។ ជាមួយផ្លៃផ្លាដែលកើតចេញពីសុខសន្តិភាពនេះ យើងទាំងអស់គ្នាត្រូវពួតដៃការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍនេះឱ្យ បានទោះក្នុងតម្លៃណាក៏ដោយ និងដឹកដៃគ្នាទាំងអ្នកមានជីវិតភាពក្រីក្រ មធ្យម អ្នកមាន ធ្វើដំណើរបន្តឆ្ពោះទៅរកភាព រីកចម្រើនរុងរឿងទាំងអស់គ្នា៕
ដោយ៖ ចៅចាក់ស្មុក