(កំពង់ធំ)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិច្រាច់ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានទទួលរងគ្រោះថ្នាក់ ដោយសារតែខ្យល់កន្រ្តាក់ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ ជាង៥៣គ្រួសារ ទទួលបានការជួយទំនុកបំរុង និងឧបត្ថម្ភពីកាកបាទក្រហមកម្ពុជា។

អំណោយមនុស្សធម៌ សម្រាប់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ចំនួន៥៣គ្រួសារនេះ ត្រូវបានដឹកនាំយក ទៅប្រគល់ជូនដោយលោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងជាតំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ។

លោក យស បញ្ញារិទ្ធ អិភិបាលស្រុកសន្ទុក បានឲ្យដឹងថា គ្រោះធម្មជាតិនេះបានកើតឡើង កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧នៅភូមិច្រាច់ ដោយប៉ះពាល់ប្រជាពលរដ្ឋចំនួន៥៣គ្រួសារ និងបានធ្វើឲ្យផ្ទះ៦ខ្នងខូចខាត ដូចជា៖ ប៉ើង និងរបើកបើក ក្នុងនោះបានធ្វើឲ្យដំបូល សាលាឆាន់វត្តច្រាច់ ក៏ខូចខាតទាំងស្រុង។ នៅក្នុងហេតុការណ៍នោះ ក៏មានកុមារ២នាក់ផ្សេង ទៀតបានរងរបួសធ្ងន់ ដោយសាររន្ទះបាញ់ផងដែរ ប៉ុន្តែមិនបណ្ដាលឲ្យមានមនុស្សគ្រោះថ្នាក់ ដល់អាយុជីវិតនោះឡើយ។

លោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានឲ្យដឹងថា ទោះជាបីទំហំ នៃការរងគ្រោះរបស់ប្រជាពលរដ្ឋបែបណាក៏ដោយ វាជាទុក្ខលំបាកមួយដែលយើងម្នាក់ៗ មិនចង់ឃើញ និងមិនចង់ជួបឡើយ។ ប៉ុន្តែអ្វីដែលកាកបាទក្រហមកម្ពុជា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវជួយដោះស្រាយដំបូង និងជាបឋមនោះសម្រាប់ ប្រជាពលរដ្ឋរងគ្រោះគឺស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ។

លោកស្រីបញ្ជាក់ទៀតថា ជាក់ស្ដែងអំណោយដែលនាំយកប្រគល់ជូននៅថ្ងៃនេះ បានបញ្ជាក់ច្បាស់ថា ទីណាមានទុក្ខលំបាកទីនោះមានមុខកាកបាទក្រហមកម្ពុជា ចុះជាជានិច្ចដូចពាក្យស្លោកសម្រាប់ប្រធានបទឆ្នាំនេះ បានចែងច្បាស់ថា «កាកបាទក្រហមមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា»។ ដូចនេះប្រជាពលរដ្ឋកុំអស់សង្ឃឹម ត្រូវខិតខំបំពេញការងារ និងបង្កបង្កើនផលដើម្បីជីវភាពគ្រួសារហើយត្រូវចងចាំថា បើដួលទីកន្លែងណា ត្រូវខិតខំងើបឈរ នៅទីនោះវិញទើប អនាគតភ្លឺស្វាងសម្រាប់ក្រុមគ្រួសារ។

លោកស្រីបន្ថែមថា យើងត្រូវជឿជាក់ទៀតថា ដរាបណាមានកាកបាទក្រហមកម្ពុជា និងសង្គមជាតិស្ថិតក្រោមការដឹកនាំរបស់
សម្ដេចតេជោ ហ៊ុន សែន គឺមិនទុកឲ្យប្រជាពករដ្ឋមានការលំបាកហើយប្រទេសជាតិ ទទួលបានការរីកចម្រើន ជាក់មិនខានឡើយ។ អំណោយរបស់កាកបាទក្រហមកម្ពុជានិង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលបាននាំយក ទៅចែកជូននាឱកាសនោះក្នុងមួយគ្រួសារៗទទួលបានអង្ករកៅស៊ូតុង ត្រីខ ឆ្នាំដាំបាយ មីឃីតមួយ និងថវិកាមួយចំនួន។

ក្នុងនោះដែរសម្រាប់គ្រួសារខូចខាតទាំងស្រុង១គ្រួសារថវិកា២០ម៉ឺនរៀល និងគ្រួសាររងគ្រោះ៧០% និងមធ្យមទទួលបានថវិកា១៥ម៉ឺនរៀលក្នុង១គ្រួសារ។  ដោយឡែកសម្រាប់កុមាររងគ្រោះដោយសាររន្ទះបាញ់ទាំង២នាក់ លោកស្រីបានឧបត្ថម្ភចំនួន២០ម៉ឺនរៀល និងបានប្រគល់អំណោយ និងថវិកាដល់កុមារ២នាក់ ដែលទទួលជ័យលាភីលេខ១ និងលេខ២ក្នុងកម្មវិធីប្រឡងគំនូរអបអរសាទរិវាកាបាទក្រហម និងអឌ្ឍចន្ទ័ក្រហមផងដែរ។

នាឱកាសនោះផងដែរ លោកស្រី ខៀវ ស៊ីណា បានប្រគេនបច្ច័យចំនួន១លាន ៤សែនរៀលដល់វត្តសែនរីសីមង្គមឧត្ដម
ហៅវត្តច្រាច់សម្រាប់ជួសជុលដំបូលសាលាឆាន់ផងដែរ៕