(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ប្រាក់បៀវត្សរ៍មន្រ្តីរាជការ នឹងចេះតែកើនឡើង ហើយការផ្តល់សេវាដូចជាទឹក និងភ្លើង នឹងចេះតែថយចុះ នេះជានយោបាយគាំពារ ដល់អ្នកក្រខ្សត់។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផ្តាំ ទៅដល់អ្នកសន្យា និងអួតអាងថា ការដំឡើងប្រាក់ខែមន្រ្តីរាជការ ព្រោះតែជាការទាមទាររបស់ពួកគេនោះឲ្យល្មមឈប់ហើយ និងគួរចេះខ្មាសគេផង។
ការថ្លែងរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងខណៈសម្តេចអញ្ជើញ ជាអធិបតីភាពក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ អគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីសន្លាងនៅទីរួមខេត្តត្បូងឃ្មុំ ដែលជាខេត្តថ្មីរបស់កម្ពុជា ត្រូវបានធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ។
នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ការសន្យាខ្យល់ណាមួយវាជារឿងអត់ប្រយោជន៍ គ្មានការបង្ហាញនូវ ចេតនានៃការរួបរួមណាមួយនោះទេ សូមរួមគ្នាប្រឆាំងគ្រប់ទង្វើ ដែលនាំទៅដល់អរិយភាព លើការបែកបាក់ក្នុងប្រទេសជាតិ។ ជម្រើសដែលល្អបំផុត គឺយើងបានធ្វើរួចមកហើយ តាមរយៈនយោបាយ ឈ្នះ ឈ្នះ។ អាលូវនេះ ការសន្យាគ្រប់បែបយ៉ាង បាននឹងកំពុងធ្វើ ប៉ុន្តែខ្ញុំគិតថា ប្រជាពលរដ្ឋយើងមាន ការយល់ដឹង គ្រប់គ្រាន់ និងមានបទពិសោធន៍ពីអតីតកាល រហូតបាត់បង់ជីវិត»។
បន្ថែមពីលើនេះសម្តេចតេជោ មានប្រសាសន៍ថា សមិទ្ធផលដែលកើតចេញរហូតមកដល់ពេលបច្ចុប្បន្ននេះ កើតចេញពីប្រទេសមានសន្តិភាព។ ជាមួយគ្នា នោះ សម្តេចតេជោក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យរួមគ្នា រក្សាការពារនូវសុខសន្តិភាពនេះ និងត្រូវប្រឆាំងដាច់ខាតចំពោះចលនានាំដល់អារិភាព ទាំងនៅក្នុងសង្គម។ សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនដឹកនាំប្រទេស ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់និន្នាការ នយោបាយ គឺអាចរួមរស់ជាមួយគ្នាបានគ្រប់គ្នាទាំងអស់៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖