(ភ្នំពេញ)៖ កម្ពុជានឹងធ្វើម្ចាស់ផ្ទះ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី អាស៊ាន ឆ្នាំ២០១៧ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមប្រធានបទស្តីពី «យុវជន បច្ចេកវិទ្យា និងកំណើន៖ ការធានាគុណប្រយោជន៍ផ្នែកប្រជាសាស្រ្ត និងឌីជីថលអាស៊ាន»។
វេទិការពិភពលោកនេះ នឹងមានការចូលរួមពីមេដឹកនាំ អ្នកធ្វើការសម្រេចជាន់ខ្ពស់ នៃវិស័យឧស្សហកម្ម និងឥស្សរជនសំខាន់ៗ លើវិស័យធុរកិច្ច ផ្នែកស្រាវជ្រាវ និងសង្គមស៊ីវិលជាង៦០០នាក់ ជាថ្នាក់ដឹកនាំ និងមន្ត្រីបរទេស ដែលផ្តោតការយកចិត្តទុកដាក់ទៅលើការរួមចំណែក ពីកម្លាំងការងារវ័យក្មេង និងប្រកបដោយថាមពល ដែលកំពុងកើនឡើងនៅក្នុងតំបន់ ក្នុងការស្ថាបនាអនាគតរបស់តំបន់។ បន្ថែមពីលើនេះ វេទិកាខាងលើ ក៏នឹងចូលរួមលើកកម្ពស់លិវិស័យវិនិយោគ ទេសចរណ៍របស់កម្ពុជាផងដែរ។
បើតាមក្រសួងការបរទេសកម្ពុជាលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ, លោក រ៉ូឌ្រីហ្គោ ឌុយតឺតេ ប្រធានាធិបតីហ្វីលីពីន, លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី វៀតណាម និងរដ្ឋមន្រ្តីជាច្រើនរូបទៀត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកិច្ចប្រជុំថ្នាក់តំបន់មួយនេះផងដែរ។
ការអញ្ជើញមករបស់ថ្នាក់ដឹកនាំ និងរដ្ឋមន្រ្តីតំបន់អាស៊ីប៉ាស៊ីហ្វិក នាពេលនេះធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ដើម្បីរៀបចំវេទិកានេះឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យប្រកចដោយផ្លែផ្កា ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ បានដឹកនាំមន្រ្តីពាក់ព័ន្ធមួយចំនួនបើកកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី «អាស៊ានឆ្នាំ២០១៧» នេះផងដែរ៕