(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ បានសហការជាមួយធនាគារអភិវឌ្ឍអាស៊ី (ADB) បានរៀបចំវេទិកា ស្ដីពី «បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)» ដើម្បីផ្សព្វផ្សាយប្រព័ន្ធនេះ ឲ្យកាន់តែទូលំទូលាយ និងងាយស្រួលក្នុងការប្រើប្រាស់ដល់អតិថិជន ខណៈដែលប្រព័ន្ធ Fintech បាននិងកំពុងតែមានសារសំខាន់បំផុតនៅកម្ពុជា។
ការរៀបចំវេទិកាស្ដីពី បច្ចេកវិទ្យាហិរញ្ញវត្ថុនេះធ្វើឡើង ដោយមានការចូលរួមពីសំណាក់លោកស្រី នាវ ច័ន្ធថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា រួមទាំងមានការចូលរួមពីអាជ្ញាធរត្រួតពិនិត្យ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សហគមន៍ Fin Tech និងភាគីពាក់ព័ន្ធជាច្រើនសរុបជាង២៥០នាក់ផងដែរ។
វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីផ្នែកពាក់ព័ន្ធផ្សេងៗ នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ រួមមាន៖ ហានិភ័យ បញ្ហាប្រឈម និងកាលានុវត្តភាពនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាឧបករណ៍មួយសម្រាប់ជំរុញឲ្យមានភាពរឹងមាំ វឌ្ឍនភាព និងបរិយាប័ន្តហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។
លោកស្រី នាវ ច័ន្ធថាណា បានថ្លែងឲ្យដឹងថា ការរីកចម្រើន នៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ជាពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ បានផ្លាស់ប្ដូររបៀប នៃការធើ្វពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុ ហើយស្របពេលជាមួយគ្នានោះ តម្រូវការរបស់អតិថិជន ក៏មាននិន្នាការប្រែប្រួល ឆ្ពោះទៅរកសេវាដែលងាយស្រួល និងរហ័ស ហើយនេះគឺជាឱកាសដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងគ្រឹះស្ថានមិនមែនធនាគារ ក្លាយជាតួអង្គសំខាន់មួយក្នុងការផ្ដល់សេវាហិរញ្ញវត្ថុ។
លោកស្រីបន្ដថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការប្រកួតប្រជែង និងរីកចម្រើនបច្ចេវិទ្យាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបាននឹងកំពុងចាប់យកបច្ចេកវិទ្យាមកប្រើប្រាស់ ដើម្បីផ្ដល់សេវាដល់អតិថិជនរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ហានិភ័យ ជាពិសេសហានិភ័យប្រតិបត្តិការ ការសម្អាតប្រាក់ ការការពារអតិថិជន ក៏បានក្លាយជាបញ្ហាចម្បងដែលអាជ្ញាធរក្នុងនាមបញ្ញត្តិករ និងអ្នកអនុវត្តការងារជំនាញ ព្រមទាំងភាគីពាក់ព័ន្ធមានការព្រួយបារម្ភ និងយកចិត្តទុកដាក់យ៉ាងខ្លាំង។
លោកស្រី ជា សេរី អគ្គនាយកបច្ចេកទេសបានថ្លែងឲ្យដឹងថា «គោលបំណងថ្ងៃនេះគឺចង់ផ្សព្វផ្សាយ អំពីប្រព័ន្ធ Fintech ឲ្យកាន់តែទូលំទូលាយ ពីព្រោះពាក្យថា Fintech នេះសម្បីតែខ្ញុំផ្ទាល់ក៏យល់ន័យនៅមានកម្រិតនៅឡើយ ហើយនៅពេលដែលយើងបានជួយជាមួយអ្នកដែលមានបទពិសោធន៍ ទើបយើងយល់ច្បាស់ពីពាក្យថា Fintech នេះ»។
លោកស្រីថា ពាក្យ Fintech នេះគឺគ្រប់ដណ្ដប់លើសេវាជាច្រើន ហើយនេះជាលើទី១ ដែលយើងបានរៀបចំកម្មវិធីវេទិកានេះឡើង
ដើម្បីផ្សព្វផ្សាយឲ្យអាជ្ញាធរ ពាក់ព័ន្ធវិស័យធនាគារទាំងសមាគម Fintech នៅកម្ពុជាឲ្យយល់កាន់តែច្បាស់ពីវេទិការនេះ។
លោកស្រីបានបញ្ជាក់ទៀតថា ប្រព័ន្ធ Fintech មានសារសំខាន់ណាស់ ដោយធ្វើឲ្យសេវាហិរញ្ញវត្ថុមានការធូរថ្លៃជាងមុន ពីព្រោះមិនបាច់ធ្វើដំណើរឆ្ញាយ ទៅរកអតិថិជន, ងាយស្រួលក្នុងការគ្រប់គ្រង់សាច់ប្រាក់ជាងមុន ដោយមិនចាំបាច់ស្ពាយលុយយកទៅចែកចាយ ព្រោះឥឡូវការផ្ទេរ គឺផ្ទេរទៅតាមប្រព័ន្ធអេឡិចត្រូតនិចទាំងអស់ ដែលតម្រូវឲ្យអតិថិជនអាចជ្រើសរើសបាន ហើយរឹតតែមានសារៈសំខាន់ចំពោះប្រទេសកម្ពុជាទាំងមូល ហើយក៏ជំរុញឲ្យមានតម្លាភាពចំពោះសេដ្ឋកិច្ចផងដែរ៕