(អង់ការ៉ា)៖ ប្រទេសតួកគីកំពុងរៀបចំគម្រោង ដើម្បីកសាងជញ្ជាំងមួយនៅតាមបណ្តោយព្រំដែនជាប់គ្នាជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីជាផ្នែកមួយនៃវិធានការប្រឆាំងទប់ទល់នឹងក្រុមគណបក្សពលករឃើដ (PKK) ខុសច្បាប់ ព្រមទាំងមានគំរោងកសាងជញ្ជាំងព្រំដែនបន្ថែមទៀតជាមួយស៊ីរី ដើម្បីទប់ស្កាត់លំហូរនៃជនភៀសខ្លួនខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០១៧។
យោងតាមប្រភពពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលមួយរូប តួកគីនឹងសាងសង់ជញ្ជាំងមួយមានប្រវែង ៧០គីឡូម៉ែត្រ នៅតាមព្រំដែនរវាងប្រទេសទាំងពីរ ក្បែរខេត្ត Agri និង Igdir ភាគខាងកើតតួកគី ហើយទីក្រុងអង់ការ៉ា នឹងបំពាក់បង្គាលភ្លើង ប៉មយាមកាម និងរនាំងដែក នៅតាមកន្លែងដែលនៅសេសសល់ផងដែរ។ មន្រ្តីដែលមិនបញ្ចេញអត្តសញ្ញាណម្នាក់នេះបានឲ្យដឹងទៀតថា ក្រុមឧទ្ទាមឃើដ PKK មានជំរុំមួយចំនួនជាមួយជនសកម្មប្រយុទ្ធចន្លោះពី ៨០០នាក់ទៅ ១,០០០នាក់ នៅក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់ ក្បែរព្រំប្រទល់តួកគី ហើយពួកគេពេលខ្លះបានចូលមកក្នុងទឹកដីតួកគី ដើម្បីបើកការវាយប្រហារផ្សេងៗ។
គួរបញ្ជាក់ដែរថា តួកគីក៏កំពុងតែកសាងជញ្ជាំងមួយផ្សេងទៀតប្រវែង ៩០០គីឡូម៉ែត្រនៅតាមព្រំដែនជាមួយប្រទេសស៊ីរីថែមទៀតផង ក្នុងគោលបំណងទប់ស្កាត់ជនភៀសខ្លួន និងក្រុមសកម្មប្រយុទ្ធជ្រៀតចូលប្រទេសរបស់ខ្លួនបាន ខណៈជញ្ជាំងប្រវែង ៥៥៦គីឡូម៉ែត្របានបញ្ចប់រួចរាល់ហើយកាលពីខែមេសាកន្លងទៅ៕