(ពោធិ៍សាត់)៖ ទំនិញខូចគុណភាពជាច្រើនមុខ សរុបជិត១តោន ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដីរកឃើញ នៅផ្សារប្រម៉ោយស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧នេះ ដកហូតយកទៅកម្ទេចចោល។
លោក តូច ចៅកុយ ប្រធានសាខាខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការចុះត្រួតពិនិត្យខាងលើនេះ មន្រ្តីរបស់លោកបានណែនាំដល់អាជីវករ ឲ្យចៀសវៀងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញ ប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់។
លោក តូច ចៅកុយ បានបន្ថែមទៀតថា បន្ទាប់ពីការចុះត្រួតពិនិត្យនៅផ្សារប្រម៉ោយរួចមក ក្រុមការងាររបស់លោកបានរកឃើញ ទំនិញខូចគុណភាពជាច្រើនមុខ ដូចជា ភេសជ្ជៈ សារ៉ាំងហេ ចំនួន១៥៨៩ដប គុណ៤០០ml និង ទឹកសេរ៉ូ រូបមាន់៣ ចំនួន ១១០ដប គុណ៧០០ml និងទំនិញផ្សេងៗទៀត សរុប៩៨៩Kgs និងបានដកហូតមករក្សាទុក ដើម្បីកំទេចចោល តាមនីតិវិធី។
លោកប្រធានសាខាបានថ្លែងថា នៅក្នុងចុះរកទំនិញខូចគុណភាពនៅផ្សារប្រម៉ោយនេះ អាជីវករ ក៏ដូច ជាប្រជាពលរដ្ឋ មានការអបអរសាទរ ដោយឃើញមន្រ្តីកាំកុងត្រួលចុះមកត្រួតពិនិត្យទំនិញដែលខូចគុណភាព អាជីវករបាននិយាយថា នេះជាលើកទី១ហើយ ដែលបានឃើញមន្រ្តីកាំកុងត្រូល ចុះមកពិនិត្យរកទំនិញខូចគុណភាពនេះ។
ក្រុមកាងារក៏បានចែក និងបិទផ្សាយរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាលមក ពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
លោក តូច ចៅកុយ បានបញ្ជាក់ថា ក្រោមការណែនាំពីសំណាក់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ពិសេសទំនិញនាំចូលតាមមាត់ច្រកទ្វារព្រំដែន ដើម្បីចូលរួមចំណែកលើការការពារសុវត្ថិភាព ចំណីអាហារដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋមានការសប្បាយចិត្តយ៉ាងខ្លាំង នៅពេលឃើញមន្រ្តីកាំកុងត្រូល ចុះមកត្រួតពិនិត្យទំនិញនៅក្នុងផ្សារដើម្បីចូលរួម ទប់ស្កាត់សុវត្ថិភាពចំណីអាហារ៕