(ភ្នំពេញ)៖ ស្របពេលដែលប្រទេសកម្ពុជា កំពុងមានសន្ដិភាពពេញលេញ គ្មានការត្រួតត្រាច្រើន ប៉ុន្ដែទោះជាយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ភាពផុយស្រួយនៃសង្គ្រាម អាចនឹងកើតឡើងដោយតែ ការញុះញង់ការជេរប្រមាថ គ្រប់បែបយ៉ាង តាមរយៈ Facebook។
ការអះអាងបែបនេះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងឱកាសសម្ដេចអញ្ជើញ ជាអធិបតីភាពបើកសម្ពោធអគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីរួមខេត្តត្បូងឃ្មុំ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «កុំភ្លេចថាបើទោះបីពេលនេះ សន្ដិភាពគ្របដណ្ដប់ទូទាំងប្រទេស តែវាមានចរិកផុយស្រួយរបស់វា តាមរយៈបើកមើលក្នុង Facebook ភ្លាមទៅអាចឃើញហើយ នោះហើយជាមូលហេតុនៃសង្គ្រាម ការញុះញ៉ង់ ការជេរប្រមាថគ្រប់បែបយ៉ាង តើនោះវាជាអ្វី វាជាការដុតបញ្ឆេះកំហឹង នេះជាបញ្ហា ដែលពេលនេះប្រជាជនត្រូវជ្រើសរើសរវាងសន្ដិភាព និងសង្គ្រាមពិតប្រាដក»។
សម្ដេចបញ្ជាក់ដែរថា គោលនយោបាយមានឯងអត់អញ មានអញអត់ឯង នយោបាយគ្រោងទុកនៃការ ធ្វើនេះធ្វើនោះ គឺជានយោបាយ ដែលសំដៅឆ្ពៅ ទៅរកការធ្វើសង្គ្រាមមួយដ៏ជាក់លាក់ អ្នកកំពុងរស់នៅក្រោមគោលនយោបាយរបស់គណបក្សប្រជាជន អ្នកមានសេរីភាពគ្រប់បែបយ៉ាង អ្នកមានកំហុស ទទួលទោសតាមច្បាប់ អ្នកដែលគ្មានកំហុស គឺគ្មានត្រូវទទួលនូវទណ្ឌកម្មណាមួយនោះទេ។
ជាមួយគ្នានោះ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ថែមថា «ការអនុវត្តនូវនយោបាយឈ្នះឈ្នះ មិនមែនជាបញ្ហាធម្មតាពេកទេ តែយើងអាចធ្វើបានដោយបញ្ចប់ស្ថានភាព ប្រទេសកម្ពុជាមួយតំបន់ត្រួតត្រាច្រើន ក្នុងពេលតែមួយ ហើយចុងក្រោយបំបាត់ចោល នូវស្ថានភាពប្រទេសមួយតំបន់ត្រួតត្រា២ និងរដ្ឋាភិបាល២ ដែលក្នុងរយៈពេលកន្លងទៅនេះ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកថា សព្វថ្ងៃក្រោមគោនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា បានប្រែក្លាយប្រទេសមួយនេះពីប្រទេស ដែលមានប្រាក់ចំណូលទាប មកជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ជាក់ស្ដែងបច្ចុប្បន្ននេះ គ្រួបង្រៀន និងគ្រួពេទ្យ មានប្រាប់ខែទាបបំផុត បាន៩៥ម៉ឺនរៀល នេះជាការខិតខំប្រឹងប្រែងខ្លាំងណាស់របស់រាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចមានប្រសាសន៍យ៉ាងដូច្នេះថា «ចំណូលប្រជាជនក្នុងម្នាក់ ដែលនៅឆ្នាំ២០០០ មានត្រឹមតែជាង២០០ដុល្លារ ប៉ុន្ដែឥឡូវនេះប្រជាពលរដ្ឋរបស់យើង មានប្រាក់ ចំណូលជាង១៣០០ដុល្លារ ឆ្នាំ១៩៦៩ ប្រជាពលរដ្ឋម្នាក់ៗ មានប្រាក់ចំណូល ជាង២៦០ដុល្លារ ប៉ុន្ដែបើទោះបីពេលនោះ២៦០ដុល្លារ ក៏ដោយចុះ កូរ៉េខាងត្បូងពេលនោះមានត្រឹមតែ៧៤ដុល្លារក្នុងម្នាក់»។
យ៉ាងណាមិញ សម្ដេចតេជោ សង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជា គ្មានការធ្វើរដ្ឋប្រហារបស់លោកសេនាប្រមុខ លន់ នល់ ទម្លាក់សម្តេច នរោត្តម សីហនុ និងការកកើតរបប ប៉ុល ពត ទេនោះ មកដល់ពេលបច្ចុប្បន្ននេះ ចំណូលប្រជាពលរដ្ឋក៏អាចខ្ពស់ផងដែរ។ សម្ដេចថា «នៅពេលនេះ យើង២៦០ដុល្លារ ប៉ុន្ដែប្រសិនបើកុំមានរដ្ឋប្រហាររបស់លោក លន់ នល់ និងការឈ្លានពានរបស់បរទេស និងកុំមានរបបប៉ុលពត ហោចណាស់ពេលនេះ ប្រជាជនកម្ពុជាយើង មានប្រាក់ចំណូលក៏អាចថា បើមិនដល់ម៉ឺន ក៏វាលើសពីប៉ុន្មានពាន់ដែរ តែយ៉ាងណាក៏ដោយយើងប្រឹងពីភាពក្រីក្រ១០០ភាគរយ ក្រោយរបប ប៉ុលពត មកដល់ពេលនេះយើងកាត់បន្ថយមកនៅត្រឹម១៣ភាគរយ យើងនឹងបន្ដការខិតខំតទៅទៀត តាមរយៈគោលនយោបាយដែលមានរួចមកហើយ»។
សូមជម្រាបថា ចំពោះគ្រូបង្រៀនបន្ទាប់ពីបន្ថែមប្រាក់បំណាច់មុខងារ លើប្រាក់បៀវត្សរ៍គោល ធ្វើឲ្យគ្រូបង្រៀនកម្រិតទាបបំផុត មានប្រាក់ខែ ៩៥៣,៥០០រៀល និងខ្ពស់បំផុតចំនួន២,២៦៥,០០០រៀល ដោយប្រាក់ខែនេះមិនទាន់បូក បញ្ចូលប្រាក់វិភាជន៍គ្រួសារ (ប្រសិនបើកគ្រូបង្រៀនមានប្រពន្ធ និងកូន) និងប្រាក់តំបន់សម្រាប់វិស័យអប់រំ នៅឡើយនោះទេ។ ប្រសិនបើបូកបញ្ចូលប្រាក់ទាំង២មុខនេះទៀត ច្បាស់ណាស់គ្រូបង្រៀន នឹងអាចឡើងប្រាក់ខែ ដល់១លានរៀលហើយ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖